- ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៣៣ នាទី ព្រឹក

ភ្នំពេញ៖ កម្ពុជា-ចិន បានរៀបចំវេទិកា «ទំនាក់ទំនងកម្ពុជា-ចិនក្រោមស្ថានការណ៍ថ្មី» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ វេទិកានេះ បង្ហាញពីពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
វេទិកានេះ រៀបចំឡើងនាថ្ងៃទី៧ នៅអគារ Morgan Tower កោះពេជ្រ ដែលរៀបចំដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន។ កិច្ចពិភាក្សានេះ មានការចូលរួមពី ភាគីក្រសួង នៃរដ្ឋាភិបាល អ្នកវិនិយោគចិន អ្នកសារព័ត៌មានចិន និងកម្ពុជាផងដែរ។
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់។ ចិន ជាទីផ្សារទេសចរណ៍ធំបំផុតសម្រាប់កម្ពុជា និងជាទីផ្សារទេសចរណ៍ធំសម្រាប់ពិភពលោក។ រដ្ឋលេខាធិការរូបនេះ បន្ថែមថា ប្រទេសទាំង២ កម្ពុជា-ចិន បានរួមគ្នាបង្កើតវេទិកាទេសចរណ៍ទៅវិញទៅមក ដូចជាការពិព័រណ៍ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្តូរយោបល់នៃអ្នកជំនាញទេសចរណ៍ អ្នកធុរកិច្ចជាដើម។
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
អ្នកស្រី ហ៊ុន ដានី បញ្ជាក់បែបនេះ៖ «ការសហការនេះ ធ្វើឱ្យកម្ពុជាមានកំណើនទេសចរចិន។ មុនបរិបទកូវីដ-១៩ យើងទទួលបានទេសចរចិន ចំនួន ២លាន៤សែននាក់។ ដូច្នេះវាជាកំណើនមួយគួរឱ្យកត់សម្គាល់ ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ក្រោយបរិបទកូវីដ-១៩ ទេសចរចិន បានធ្លាក់ចុះជាយ៉ាងកំហក។ ការធ្លាក់នេះមិនមែនតែទេសចរចិនឡើយ គ្រប់ជាតិសាសន៍ទាំងអស់ ប៉ុន្តែយើងបានស្តារមកវិញហើយ ។ នៅឆ្នាំ២០២៥នេះ យើងរំពឹងថា នឹងទទួលបានទេសចរចិន ចំនួន១លាននាក់ ឱ្យស្របនឹងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ផងដែរ។»។
ស្ថិតក្នុងវេទិកានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានរៀបរាប់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាសហគមន៍រួមវាសនាតែមួយ សំដៅដល់ការចែករំលែកទស្សនៈ ចែករំលែកការរីកចម្រើន និងវប្បធម៌។ ដោយឡែកការរីកចម្រើននេះ ក៏ជាផ្នែកមួយដែលបង្ហាញពីលទ្ធផល នៃការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន ព្រមទាំងអនុវត្តបានដោយជោគជ័យ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
កន្លងមកតួលេខពាណិជ្ជកម្ម កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ដែលតួនេះ បង្ហាញឱ្យឃើញថា ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន គឺជាសក្ខីភាព សម្តែងនូវទំនាក់ទំនងទ្វេភាគី ដែលមានលក្ខណៈល្អប្រសើរ ហើយបន្តរីកចម្រើនទៅទៀតនាថ្ងៃអនាគត។
រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះ៖ «ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានជាង១៥ពាន់លានដុល្លារ ដែលនេះមានកំណើនខ្ពស់ រហូតដល់ ២៣,៨៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅលក់នៅចិន មានដូចជា អង្ករ ស្វាយចន្ទី ដំឡូងមី ត្រីសាច់ជាដើម។
សម្រាប់លោក ប៉ែន សុវិជាតិ ទំហំពាណិជ្ជកម្មនេះ គឺបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិន ខណៈប្រទេសទាំង២ ប្តេជ្ញាជំរុញឱ្យមានការកែច្នៃបន្ថែមទៀត ដើម្បីទទួលបានកំណើនទំហំពាណិជ្ជកម្ម និងស្របតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម កំពុងជំរុញនូវម៉ាកសញ្ញាកម្ពុជា ដើម្បីលើកតម្កើងម៉ាកយីហោទំនិញ ដែលផលិតនៅកម្ពុជា។»។
លោក លីវ ស៊ាវគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន
លោក លីវ ស៊ាវគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីន ពីង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះនោះ លោក លីវ ស៊ាវគ័ង ជឿជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំកំពូលចិននាពេលនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ មួយទៀតក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ប្រាកដជានឹងជំរុញមិត្តភាព កម្ពុជា-ចិន ឱ្យឈានឡើងកាន់តែខ្ពស់ថែមមួយកម្រិតទៀត៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
