ចូលឆ្នាំ៖ អាជ្ញាធរភ្នំពេញ ហាមដាច់ខាតមិនឱ្យពលរដ្ឋបង្ហោះគោម និងអុជកាំជ្រួច
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
ចូលឆ្នាំ៖ អាជ្ញាធរភ្នំពេញ ហាមដាច់ខាតមិនឱ្យពលរដ្ឋបង្ហោះគោម និងអុជកាំជ្រួច
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នា​កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​សន្តិសុខ​ សណ្តាប់​ធ្នាប់​របៀប​រៀបរយ​សាធារណៈ​ អនាម័យ​បរិស្ថាន​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ មេសានេះ បានចេញសេចក្ដីណែនាំដល់ពលរដ្ឋរស់នៅក្នុងរាជធានី ដោយបានហាមដាច់ខាតមិនឱ្យមានការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

TTN-Free-Banner-In-Article-PC

បើតាមអាជ្ញាធរការដាក់ចេញវិធានការខាងលើនេះ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព បង្ការ ការពារគ្រោះអគ្គិភ័យ​ក្នុងរាជធានី ដែលអាចកើតឡើយជាយថាហេតុ ស្របពេលដែលអាកាសធាតុកំពុងក្ដៅស្ងួតខ្លាំង ដែលងាយបង្កឱ្យមានគ្រោះអគ្គិភ័យ។ 

រដ្ឋបាលរាជធានីសង្កត់ធ្ងន់ដូច្នេះ៖ «អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោមបណ្ដាលឱ្យមានអគ្គិភ័យកើតឡើង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។ 

ជាមួយគ្នានេះអាជ្ញាធរក៏បានក្រើនរំឭកដល់ពលរដ្ឋ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន វត្តអារាម ទីសក្ការៈ និងគ្រប់ទីកន្លែងអាជីវកម្មទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ទៅលើ ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន-ធូប ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវជាដើម ដែលអាចបង្កជាគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ដល់អាយុជីវិតបាន៕ 

 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី