- ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

អតីតគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo និងអតីតគ្រូឥណ្ឌូណេស៊ីលោក Shin Te-yong ត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ក្នុងសុពលភាពរយៈពេល ៣ឆ្នាំ។
បើតាមការប្រកាសរបស់ KFA នៅថ្ងៃទី៩ ខែមេសា លោក Park និង Shin ស្ថិតក្នុងចំណោមសមាជិក ២៧ នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិទី ៥៥ របស់ KFA ដែលដឹកនាំដោយប្រធានលោក Chung Mong-gyu ។
ក្នុងតំណែងអនុប្រធានរបស់ KFA មាន ៥ តំណែង ដោយក្នុងនោះ លោក Park អតីតគ្រូវៀតណាម នឹងធ្វើជាអនុប្រធានទទួលបន្ទុកគាំទ្រក្រុមជម្រើសជាតិ ខណៈអតីតគ្រូឥណ្ឌូណេស៊ី លោក Shin នឹងមើលការខុសត្រូវលើកិច្ចសហប្រតិបត្តិការបរទេស។
KFA ក្រោមការដឹកនាំរបស់លោក Chung ប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងគ្រូបង្វឹកមកពីវិស័យផ្សេងៗ ដើម្បីធានាបាននូវទស្សនវិស័យក្នុងការនាំក្រុមកីឡាបាល់ទាត់កូរ៉េខាងត្បូងឱ្យកាន់តែរីកចម្រើន។
គិតមកទល់ពេលនេះ ជាអាណត្តិទី៤ហើយ ដែលលោក Chung ជាក្បាលម៉ាស៊ីនដឹកនាំ KFA។ លោក Chung ក៏ធ្លាប់រងសម្ពាធយ៉ាងខ្លាំង រហូតប្រឈមចុះចេញពីតំណែងផង ចំពេលមានការរិះគន់ពីការគ្រប់គ្រងមិនល្អ ចំពោះការធ្លាក់ចុះនៃបាល់ទាត់កូរ៉េខាងត្បូង។ ភាពតានតឹងបានឈានដល់កម្រិតកំពូលក្នុងអំឡុងពេលរឿងអាស្រូវពាក់ព័ន្ធនឹងកីឡាករ Lee Kang-in និងប្រធានក្រុម Son Heung-min អំឡុងពេលកូរ៉េខាងត្បូងចាញ់ ហ្ស៊កដានី ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ ២០២៣។
ការតែងតាំងលោក Park ដោយបរុសវ័យ៦៧ឆ្នាំ ធ្លាប់បានសាងស្នាដៃ តាមរយៈការដឹកនាំក្រុមវៀតណាម ឈ្នះមេដាយប្រាក់ AFC U23 Championship ឆ្នាំ ២០១៨ ASEAN Cup ឆ្នាំ ២០១៨ ឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅ Asian Cup 2019 ឈ្នះមេដាយមាសស៊ីហ្គេម ២លើក និងជួយវៀតណាម ឈានដល់វគ្គជម្រុះចុងក្រោយ FIFA World Cup ឆ្នាំ 2022 ជាលើកដំបូង។
ដោយឡែក លោក Shin វ័យ៥៤ឆ្នាំ ធ្លាប់ដឹកនាំកូរ៉េខាងត្បូង ឈានដល់វគ្គ៨ក្រុមចុងក្រោយកីឡាអូឡាំពិកក្រុងរីយ៉ូ ឆ្នាំ ២០១៦ និងឈ្នះអាល្លឺម៉ង់ ២-០ នៅ World Cup ឆ្នាំ ២០១៨។ ឡើងកាន់តំណែងគ្រូឥណ្ឌូណេស៊ី នៅឆ្នាំ ២០១៩ លោក Shin បានដឹកនាំក្រុមក្នុងតំបន់អាស៊ីគ្នេយ៍មួយនេះកើនសមត្ថភាពខ្លាំងក្លា ក្នុងនោះបាននាំឥណ្ឌូណេស៊ី ឆ្លងផុតវគ្គចែកពូល Asian Cup ឆ្នាំ ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងជាពិសេសឡើងទៅកាន់វគ្គជម្រុះជុំទី៣ តំបន់អាស៊ី ក្នុងការប្រជែងកៅអី World Cup ឆ្នាំ ២០២៦ ទៀតផង។
យ៉ាងណាក៏ដោយ លោក Shin នៅតែត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បញ្ចប់តំណែងគ្រូបង្វឹក ក្រោមហេតុផលពង្វឹកក្រុមដើម្បីប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
