- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

ភ្នំពេញ៖ យុវជន ៦នាក់ ខ្លះជាសិស្ស និងជាកម្មករ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន ក្រោយក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ។ បើតាមសមត្ថកិច្ច កន្លងមកយុវជនទាំង ៦ បានធ្វើសកម្មភាពនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
នៅថ្ងៃទី៩ ខែមេសា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលបន្លំខ្លួនជាមន្ត្រីនគរបាល។ ការចុះស្រាវជ្រាវនេះ ធ្វើឡើងតាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យដែលជាយុវជនទាំងនេះ ខ្លះមានមុខរបរជាកម្មករសំណង់, ជាងម៉ាស៊ីនត្រជាក់ និងមួយចំនួនជាសិស្ស។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានទូរសព្ទ ៧គ្រឿង, ម៉ូតូ ៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
