ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនីចិន នឹង​សង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នាចុងខែមេសានេះ
  • ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនីចិន នឹង​សង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នាចុងខែមេសានេះ
រូបភាពពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ភ្នំពេញ​៖ ក្រុម​ហ៊ុនរថយន្ត​អគ្គិសនីចិន BYD នឹង​បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាចុងខែមេសានេះ។ នេះ​បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

TTN-Free-Banner-In-Article-PC

ក្នុងជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ​លោក Xiao Haiping នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD បាន​បង្ហើយ​ពីគម្រោងបើក​ការដ្ឋាន​សាងសង់រោងចក្រ​ដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នា​ចុង​ខែ​មេសា​នេះ។​

តាមរយៈ​ជំនួបខាង​លើ គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd បានអរគុណចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ទីផ្សារកម្ពុជា រហូតឈានដល់ការត្រៀមសាង​សង់រោងចក្រ។​ លោក​ ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ក្ដីរីករាយ​ចំពោះ​ក្រុ​មហ៊ុន​រថយន្ត​អគ្គិសនី BYD ដែល​បាន​ជ្រើសរើសកម្ពុជា ជាមូលដ្ឋានដំឡើងរថយន្ត BYD មួយបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភវិឌ្ឍន៍កម្ពុជា។ រូបភាពពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា

«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល តែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត»។ នេះជាការ​បញ្ជាក់របស់លោក ស៊ុន ចាន់ថុល។ 

លោក​ឧបនាយករដ្ឋមន្រ្តី​ សង្ឃឹមថា​ បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។ នេះ​បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ 

រូបភាពពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ