- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥០ នាទី ព្រឹក

បន្ទាប់ពីប្រកាសចាប់ខ្លួនឈ្លើយសឹកជនជាតិចិនបានពីរនាក់ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងវត្តមានទាហានចិន ក្នុងជួរកងទ័ពរុស្ស៊ីនៅលើសមរភូមិអ៊ុយក្រែន។ តែនៅថ្ងៃព្រហស្បតិ៍ទី១០មេសា ប៉េកាំងបានបញ្ចេញប្រតិកម្ម ដោយបរិហារលោកហ្សេឡេនស្គី ថាបានប្រើសម្តីដែលគ្មានទំនួលខុសត្រូវ។
តបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ចេញប្រតិកម្មបរិហារប្រធានាធិបតីអ៊ុយក្រែនថា បានប្រើពាក្យសម្តីដែលគ្មានទំនួលខុសត្រូវ និងគ្មានទស្សនវិស័យវិជ្ជមាន ចំពោះតួនាទីរបស់ចិនក្នុងសង្គ្រាមអ៊ុយក្រែន។ ចិនមិនមែនជាអ្នកហេតុបង្ក និងមិនបានកាន់ជើងភាគីណាទេ។ ចិនមានជំហរ និងជាអ្នកជំរុញដ៏សកម្ម ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យចិនដដែល ដោយបញ្ជាក់ថា ប៉េកាំងតែងណែនាំប្រជាពលរដ្ឋចិន មិនឱ្យទៅក្បែរតំបន់មានជម្លោះទេ និងដាក់កំហិតជាពិសេស មិនឱ្យពលរដ្ឋចិនចូលរួមក្នុងប្រតិបត្តិការយោធាណាមួយទេ។ប្រតិកម្មរបស់ចិននេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន បានផ្តល់ព័ត៌មានយ៉ាងលម្អិតកាលពីថ្ងៃទី៩មេសា ទាក់ទងនឹងអត្តសញ្ញាទាហានជនជាតិចិន ដែលអ៊ុយក្រែនចាប់ខ្លួនបាន កាលពីថ្ងៃអង្គារ ដោយមានវីដេអូ ព្រមទាំងលិខិតឆ្លងដែនជាភស្តុតាងបង្ហាញផង។ ទាហានទាំងពីរ មិនធ្លាប់កាន់អាវុធទេពីមុនមក។ ជាសរុប បើតាមលោកប្រធានាធិបតីអ៊ុយក្រែនដដែល មានទាហានចិនចំនួនយ៉ាងហោច ១៥០ នាក់ កំពុងកាន់អាវុធច្បាំង នៅលើសមរភូមិអ៊ុយក្រែន ក្នុងជួរយោធារុស្ស៊ី។ អត្តសញ្ញាណ និងព័ត៌មានទាក់ទងនឹងទាហានចិនទាំងនោះ ត្រូវបានអ៊ុយក្រែនបញ្ជូនទៅប៉េកាំងតាមផ្លូវការទូត។
សម្រាប់ លោកហ្សេឡេនស្គី រុស្ស៊ី បានអូសទាញប្រទេសជាច្រើន ឱ្យមកចូលប្រលូកនឹងសង្គ្រាម ហើយពេលនេះរុស្ស៊ីបានអូសចិន។ ហើយអាជ្ញាធរប៉េកាំង ក៏បានដឹងទាំងអស់អំពីសកម្មភាពរុស្ស៊ី ជ្រើសរើសទាហានចិន។ ការចូលរួមដោយផ្ទាល់របស់ពលរដ្ឋចិន ក្នុងសង្គ្រាមនៅអ៊ុយក្រែន សបញ្ជាក់ថាសង្គ្រាមឈ្លានពានអ៊ុយក្រែន កំពុងចាប់រីក រុស្ស៊ីចង់បន្តការប្រយុទ្ធ។ ហេតុដូច្នេះហើយ បានជា លោកប្រធានាធិបតី ទទូចឱ្យសម្ព័ន្ធមិត្តអ៊ុយក្រែនផ្តល់ការគាំទ្រខ្លាំងបន្ថែមទៀតមកអ៊ុយក្រែន ដើម្បីមានមធ្យោបាយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលមានប្រៀបកាន់តែខ្លាំងឡើងៗ បើគិតអំពីចំនួនទាហានកាន់អាវុធ។
រុស្ស៊ីបានច្រានចោលទាំងស្រុងថា គ្មានទាហានចិនកាន់អាវុធច្បាំងនៅអ៊ុយក្រែន ដូចការអះអាងរបស់ប្រធានាធិបតីហ្សេឡេនស្គីទេ។ ចិនមានជំហរនឹងល្អ ជាមិត្ត ជាដៃគូយុទ្ធសាស្ត្រ។ ប្រធានាធិបតីអ៊ុយក្រែន និយាយកុហក៕
ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)
