ព្រះចៅអធិការវត្តរកា គ្រោងប្រែក្លាយថ្នាលគុនខ្មែរវត្តរកា ទៅជាក្លិបអាជីព
- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:០០ នាទី ព្រឹក

រូបភាព៖ វត្តសិម្ពលីវនារាម ហៅ វត្តរកា
បាត់ដំបង៖ ព្រះតេជគុណ សឿន គឹមសុន ព្រះចៅអធិកាវត្តសិម្ពលីវនារាម ហៅ វត្តរកា ស្ថិតក្នុងភូមិវត្តរកា សង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង រៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរក្នុងពិធីបុណ្យចូលឆ្នាំខ្មែររៀងរាល់ឆ្នាំ។ មានទីតាំងហ្វឹកហាត់ថ្នាលគុនខ្មែរដោយផ្ទាល់ ព្រះអង្គ សឿន គឹមសុន មានបំណងពង្រីកថ្នាលវត្តរកា ទៅជាក្លិបអាជីពតែម្តង។

សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
ឱ្យតែមានពិធីបុណ្យទានម្តងៗ ជាពិសេស បុណ្យចូលឆ្នាំខែ្មរ កឋិនទាន និងចូលឆ្នាំសកល វត្តរកាតែងតែរៀបចំកម្មវិធីប្រដាល់គុនខ្មែរ ដោយរៀបសង្វៀនក្នុងបរិវេណវត្តតែម្តង។ ដោយឡែក ក្នុងពិធីបុណ្យចូលឆ្នាំខែ្មរ ឆ្នាំ ២០២៥នេះ វត្តរកា នឹងមានការប្រកួតគុនខ្មែរចំនួន៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា។
បើតាមសង្ឃដីការបស់ព្រះអង្គ សឿន គឹមសុន ចៅអធិការវត្តរកា ការរៀបចំសង្វៀនប្រកួតគុនខ្មែរក្នុងបរិវេណវត្ត នាបុណ្យចូលឆ្នាំខ្មែរ មានតាំងពីមុនសម័យខ្មែរក្រហមមកម្លេះ។ ព្រះអង្គបញ្ជាក់ថា បើតាមការតំណាលរបស់ចាស់ៗ នៅមុខសម័យខ្មែរក្រហមក្នុងវត្តរកាតែរៀងប្រកួតប្រដាល់ និងចំបាប់ ដោយចងខ្សែធ្វើជាសង្វៀន។

ដោយឡែក ចាប់ពីឆ្នាំ២០២០ ក្រោយកូវីដ-១៩ មកទល់សព្វថ្ងៃ ព្រះចៅអធិការវត្តរកា បានបន្ថែមការរៀបប្រកួតគុនខ្មែរក្នុងឱកាសបុណ្យកឋិន និងឆ្លងឆ្នាំសកលបន្ថែមទៀត ក្នុងគោលបំណងចូលរួមថែក្បាច់គុនដូចតាខ្មែរមួយនេះ។ ការរៀបចំការប្រកួតប្រដាល់ក្នុងវត្តម្តងៗ វត្តរកាមានអនុគណៈកម្មការចាត់ចែងមួយផ្នែកទៀតសម្រាប់កីឡា និងសិល្បៈតន្ត្រី ដោយមិនប៉ះពាល់ជាមួយគណៈកម្មការអាចារ្យក្នុងវត្តឡើយ។
បន្ទាប់ពីមានសង្វៀន វត្តរកា ចាប់ផ្តើមមានថ្នាលគុនខ្មែរពីឆ្នាំ២០១៨ ហើយកីឡាករក្មេងៗដែលចូលរួមហ្វឹកហាត់ភាគច្រើនជាសិស្សសាលា។ ទាក់ទិននឹងក្រុមថ្នាលនេះ ព្រះអង្គ សឿន គឹមសុន មានសង្ឃដីកាថា មានក្មេងៗចង់ចូលរួមហ្វឹកហាត់ច្រើន ប៉ុន្តែដោយសារគ្មានសម្ភារហ្វឹកហាត់គ្រប់គ្រាន់ទើបវត្តមិនអាចទទួលបានសិស្សច្រើន ខណៈសព្វថ្ងៃមានប្រមាណត្រឹម១០នាក់។

ចំពោះកីឡាករថ្នាលវត្តរកា ដែលកំពុងសិក្សាផង ព្រះអង្គតែងជំរុញពួកគេឱ្យប្រឹងប្រែងទាំងហ្វឹកហាត់ក្បាច់គុន និងរៀនសូត្រ។ ត្រង់ចំណុចនេះ ព្រះចៅអធិកា ចង់ឱ្យក្មេងៗមានទាំងចំណេះដឹង និងមានទាំងវិជ្ជាគុន។ «ឧទាហរណ៍យើងរៀនចប់បាក់ឌុបទៅ យើងគ្មានលទ្ធភាពរៀនបន្តមហាវិទ្យាល័យ ដូច្នេះក្មេងៗអាចជ្រើសយកប្រដាល់ដើម្បីបន្តអាជីពបាន»។ នេះជាការបន្ថែមរបស់ព្រះអង្គ សឿន គឹមសុន។
បើទោះបច្ចុប្បន្ន វត្តរកាមិនទាន់មានទីតាំងហ្វឹកហាត់ត្រឹមត្រូវសម្រាប់ថ្នាល ប៉ុន្តែព្រះអង្គ សឿន គឹមសុន បានចញ្ចឹមចិត្តប្រែក្លាយថ្នាលវត្តរកាឱ្យទៅជាទីតាំងហ្វឹកហាត់លំដាប់អាជីពស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ព្រះអង្គ ថែមទាំងជឿជាក់ថា កីឡាករដែលចេញពីថ្នាលវត្តរកា នឹងមានឈ្មោះបោះសំឡេងនាពេលអនាគត៕

អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: