កម្លាំងចម្រុះជាង៣ពាន់នាក់ នឹងដាក់ពង្រាយការពារក្នុងព្រះរាជពិធីបួងសួង និងអង្គរសង្រ្កាន្ត
- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

កម្លាំងសមត្ថកិច្ចចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងក្រុងសៀមរាប
សៀមរាប៖ កម្លាំងចម្រុះសរុបជាង៣ពាន់នាក់ គ្រោងនឹងដាក់ពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅក្នុងព្រះរាជពិធីបួងសួងចម្រេីនក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។

ស្នងការខេត្តសៀមរាប លោក ហួត សុធី បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះសរុបជាង៣ពាន់នាក់ មកពីស្ថាប័នចំនួន១៥ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនអង្គព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ដែលគ្រោងយាងជាព្រះរាជាធិបតីភាព និងចូលរួមក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខសម្រាប់កម្ពុជា និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាខេត្តសៀមរាប។
មុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តមកដល់ រាជរដ្ឋាភិបាលតាមរយៈក្រសួងព្រះបរមរាជវាំង នឹងរៀបចំព្រះរាជពិធីបួងសួងសុំសេចក្តីសុខនៅក្តារបែន ប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី។ ពិធីនេះគ្រោងរៀបចំនៅថ្ងៃទី១៣ និង១៤ ខែមេសា។ ចំណែកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដែលរៀបចំនៅតំបន់រមណីយដ្ឋានអង្គរ និងបរិវេណក្រុងសៀមរាប។

លោក ហួត សុធី ស្នងការខេត្តសៀមរាប
លោក ហួត សុធី បានបញ្ជាក់ថា កម្លាំងចម្រុះទាំងជាង៣ពាន់នាក់នោះ មកពី១៥ស្ថាប័ន-អង្គភាព ក្នុងនោះរួមមាន យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ តំបន់ប្រតិបត្តិការសឹងរងសៀមរាប អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ការិយាល័យទី២ កងទ័ពជើងគោក មូលដ្ឋានកងទ័ពជើងអាកាសសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប កងឯកភាពកំចាត់មីនទី៤ (CMAC) ស្នងការដ្ឋាននគរបាលខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មន្ទីរសុខាភិបាលខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាជ្ញាធរជាតិអប្សរា។កម្លាំងទាំងអស់នឹងដាក់ការពារតាមគោលដៅសំខាន់ៗរួមមាន តំបន់អង្គរ ព្រះអង្គចេកព្រះអង្គចម មាត់ស្ទឹងសៀមរាប ផាប់ស្រ្ទីត និងតំបន់អង្គរឃ្យុងយូ (ផ្លូវ៦០ម៉)។ លោកស្នងការខេត្តសៀមរាបបញ្ជាក់ថា កម្លាំងជាង៣ពាន់នាក់ នឹងចាប់ផ្តើមចុះការពារតាមគោលដៅនីមួយៗចាប់ពីថ្ងៃទី១២ មេសាតទៅ។
ក្រៅពីគោរពតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លោកស្នងការខេត្តក៏សំណូមពរដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរពេលមកលេងកម្សាន្តនៅសៀមរាប ត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់ទាំងអស់គ្នា ពិសេសស្ដាប់តាមការណែនាំរបស់មន្រ្តីសមត្ថកិច្ចនៅតាមគោលដៅនីមួយៗ ជៀសវាងការកកស្ទះជាយថាហេតុ។ ចំពោះអាជីវករលក់ដូរ ត្រូវលក់នៅតាមទីតាំងដែលរដ្ឋបាលបានកំណត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈទាំងអស់គ្នា៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: