- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ទីផ្សារភាគហ៊ុនបានប្រែពណ៌ ក្រោយពីប្រធានាធិបតីអាមេរិកបានប្រែក្រលាស់ចិត្ត ដោយប្រកាសនៅល្ងាចថ្ងៃពុធទី៩មេសា ផ្អាកការអនុវត្តពន្ធគយបដិការរយៈពេល៩០ថ្ងៃ។ ទើបចូលជាធរមានបាន មួយថ្ងៃ អត្រាពន្ធនាំចូលដ៏ធ្ងន់ សម្រាប់ប្រទេសជាង៦០លើកលែងតែចិន ត្រូវបញ្ចុះមកនៅត្រឹម១០%វិញ។ ហេតុអ្វីបានជាលោកប្រធានាធិបតីអាមេរិកស្រាប់តែប្តូរចិត្តដូច្នេះ? តើនេះជាផែនការយុទ្ធសាស្ត្រដែលបានគូសវាសទុករួចហើយ ឬជាប្រតិកម្មស្តារនយោបាយសេដ្ឋកិច្ច?
ក្រោយពីបានប្រកាសសង្គ្រាមពាណិជ្ជកម្មដែលធ្វើឱ្យពិភពលោកជ្រួលច្របល់និងទីផ្សារភាគហ៊ុនក្រឡាប់ចាក់មក នៅល្ងាចថ្ងៃពុធទី៩មេសា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានក្រលាស់ចិត្ត ប្រកាសផ្អាក រយៈពេល៩០ថ្ងៃ ការយកពន្ធនាំចូលក្នុងអត្រាដ៏ខ្ពស់ ដែលទើបចូលជាធរមានកាលពីប៉ុន្មានម៉ោងមុន។ លើកលែងតែប្រទេសចិនមួយ ប្រទេសជាដៃគូ ជាង៦០ប្រទេសផ្សេងទៀត ជាពិសេសសហភាពអឺរ៉ុប ឬបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងមានពន្ធនាំចូលត្រឹម១០% ប៉ុណ្ណោះ ចាប់ពីម៉ោងនេះទៅ។ តែពន្ធនាំចូលលើផលិតផលមកពីចិន ត្រូវដំឡើងដល់១២៥% ព្រោះចិនមិនគោរពទីផ្សារពិភពលោក។ នេះបើតាមប្រសាសន៍របស់លោកត្រាំ ដោយបញ្ជាក់ថា ការងាកមកបញ្ចុះអត្រាពន្ធនាំចូលវិញនេះ ជាវិធានការដែលបានគ្រោងទុកតាំងពីយូរមកហើយ ដើម្បីយកឈ្នះចិន ដាក់ចិនឱ្យឯកា។
ចំណែកអ្នកនាំពាក្យរបស់សេតវិមាននិងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញមុខមកពន្យល់ដោយអះអាងថា នេះជាតាកតិចតាំងពីដំបូងដើម្បីជំរុញឱ្យគ្រប់ប្រទេសមកចរចារកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលផ្តល់ប្រយោជន៍ដល់អាមេរិកបានច្រើនជាងមុន។
គិតមកទល់ពេលនេះ មានប្រទេសជាង៧៥បានបង្ហាញឆន្ទៈចង់ចរចាជាមួយអាមេរិក។ ឧទាហរណ៍ រដ្ឋាភិបាលវៀតណាមបានប្រកាសនៅព្រហស្បតិ៍ទី១០មេសានេះ ចាប់ផ្តើមចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ សហភាពអឺរ៉ុប ដែលទើបអនុម័តវិធានការតបតម្លៃជាង២០ពាន់លានអឺរ៉ូ ដៅដំឡើងពន្ធនាំចូលផលិតផលអាមេរិកមួយចំនួន និងដែលគ្រោងចេញវិធានការថ្មីទៀតនៅសប្តាហ៍ក្រោយ ក៏ត្រៀមផ្អាកការដំឡើងពន្ធតបតនឹងអាមេរិកវិញដែរ បើមានកិច្ចព្រមព្រៀងត្រឹមត្រូវនិងប្រកបដោយសមធម៌ ជាមួយវ៉ាស៊ីនតោន។
ប៉ុន្តែបើតាមប្រធានធនាគារ Mirabaud លោក John Plassard ក្រុមជំនិតរបស់លោកដូណាល់ត្រាំ បានសាកល្បងឆ្លើយដោះសារនៅចំពោះទង្វើដែលបានធ្វើពិភពលោកទាំងមូលភ្ញាក់ផ្អើល តែមូលហេតុពិតនៅពីក្រោយការប្តូរផ្លាស់នយោបាយដំឡើងអត្រាពន្ធគយ គឺស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនិងផលវិបាកនៃនយោបាយដំឡើងពន្ធ។ ប្រជាពលរដ្ឋអាមេរិក រំពឹងលើទ្រព្យធនពីរ គឺអចលទ្រព្យនិងភាគហ៊ុន។ បើតម្លៃអចលនទ្រព្យ ឬភាគហ៊ុនធ្លាក់ចុះ វាច្បាស់ជាប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលអាចធ្វើឱ្យលោកត្រាំចាញ់ នៅពេលបោះឆ្នោតពាក់កណ្តាលអាណត្តិគ្រោងធ្វើនៅឆ្នាំ២០២៦។ នេះបើតាមនាយកធនាគារដដែល។ អ្នកវិភាគនិងអ្នកជំនាញផ្សេងទៀត ក៏យល់ដូចគ្នាថា លោកដូណាល់ត្រាំមិនអាចប្រឈមនឹងភាពស្លន់ស្លោរបស់ទីផ្សារភាគហ៊ុនពិភពលោកដែលជ្រួលច្របល់និងដាំក្បាលចុះយ៉ាងខ្លាំងបានទេ។
សង្គ្រាមពាណិជ្ជកម្មនឹងត្រូវវិលជុំវិញការប្រកួតរវាងមហាអំណាចពីរ គឺអាមេរិកនិងចិន ដែលឈានចូលដល់ដំណាក់កាលថ្មី។ អាមេរិកដំឡើងពន្ធនាំចូលពីចិនដល់១២៥% ឯចិនដំឡើងពន្ធនាំចូលពីអាមេរិកដល់៨៤%។ ការផ្តោះប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរច្បាស់ជាធ្លាក់ចុះខ្លាំង។ ទីផ្សារភាគហ៊ុន អាមេរិក អឺរ៉ុប តូក្យូ តៃវ៉ាន់ សុទ្ធតែមានសន្ទុះឡើងវិញទាំងអស់ លើកលែងតែភាគហ៊ុនចិនដែលស្ថិតនៅកំរិតសូន្យ៕
ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)
