- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

ភ្នំពេញ៖ តាំងពីម៉ោង៦ព្រឹក ពលរដ្ឋជាច្រើនបានមកតម្រង់ជួរគ្នារង់ចាំឡើងរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរដោយឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្ដាខេត្តនានា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ជាក់ស្ដែងនៅតំបន់ OCIC ជ្រោយចង្វារ រថយន្តក្រុងនឹងដឹកពលរដ្ឋទៅខេត្តចំនួន៤ មានកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូផ្សាយផ្ទាល់ខាងក្រោមដូចតទៅ៖
នាព្រឹកថ្ងៃទី១២ ខែមេសា ពលរដ្ឋជាច្រើនបាននាំគ្នាចេញទៅស្រុកកំណើតតាមបណ្ដាខេត្តនានា ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឥតគិតថ្លៃរបស់រដ្ឋបាលខេត្តរាជធានីភ្នំពេញ។ ពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ បានមកតម្រង់ជួរចាំឡើងឡានតាំងពីម៉ោង៦ព្រឹក នៅតំបន់ដីឡូតិ៍ OCIC ជ្រោយចង្វារ។
ក្រៅពីតំបន់ OCIC ជ្រោយចង្វារ នៅតាមស្ថានីយរថយន្តក្រុងសាធារណៈផ្សេងទៀតក៏ហាក់មមាញឹកខ្លាំងផងដែរ។ ជាក់ស្ដែង នៅស្ថានីយរថយន្តក្រុងវាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) ពលរដ្ឋដែលមានគោលដៅទៅខេត្តព្រៃវែង និងស្វាយរៀង បានទៅរង់ចាំជិះរថយន្តយ៉ាងច្រើនកុះករ។
ចំណែកឯ ស្ថានីយរថយន្តក្រុងនៅបរិវេណសួនច្បារឫស្សីកែវ ក៏មានពលរដ្ឋរង់ចាំជិះទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង និងបន្ទាយមានជ័យច្រើនដែរ ហើយរថយន្តចេញដំណើរជាបន្តបន្ទាប់តាំងពីម៉ោង៦៖៣០នាទីព្រឹក។ រថយន្តក្រុងសាធារណៈឥតគិតថ្លៃនេះ នឹងបន្តរង់ចាំដឹកជញ្ជូនពលរដ្ឋទៅខេត្តគោលដៅរហូតដល់ម៉ោង១១៖៣០ព្រឹក រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសានេះ។
សូមបញ្ជាក់ថា ស្ថានីយរថយន្តក្រុងសាធារណៈឥតគិតថ្លៃរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៦ទីតាំងនៅស្ថានីយរថយន្តក្រុងវាលស្បូវ (ផ្លូវជាតិលេខ១) ចំនួន២៥គ្រឿង,ស្ថានីយរថយន្តក្រុងចាក់អង្រែលើ ចំនួន៣គ្រឿង,ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ចំនួន៣៧គ្រឿង,ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ចំនួន១៩០គ្រឿង,តំបន់ដីឡូតិ៍ OCIC ជ្រោយចង្វារ ១៥២គ្រឿង និងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ៩៥គ្រឿង៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
