សង្រ្កាន្តវិទ្យាល័យ៖ ពលរដ្ឋមិនត្រូវប្រើប្រាស់បារី និងគ្រឿងស្រវឹងឡើយ
  • ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
សង្រ្កាន្តវិទ្យាល័យ៖ ពលរដ្ឋមិនត្រូវប្រើប្រាស់បារី និងគ្រឿងស្រវឹងឡើយ
រូបភាពសង្ក្រាន្តវិទ្យាល័យបច្ចេកទេស និងបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ហ៊ុន សែន ជម្ពូវ័ន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសង្រ្កាន្តនៅតាមសាលារៀន និងគ្រប់តំបន់ តាមបណ្ដារាជធានី-ខេត្តនានា កំពុងរីកសាយភាយ គួរជាទីមោទនភាព។ លើសពីការកម្សាន្ត វត្តមានសង្រ្កាន្តនេះ ក៏បញ្ជ្រាបការយល់ដឹងផ្នែកវប្បធម៌ និងប្រពៃណីដល់យុវជនផង។ ប៉ុន្តែពលរដ្ឋខ្លះ បែរជាឆ្លៀតឱកាសលួចប្រើប្រាស់បារី និងគ្រឿងស្រវឹង នៅសង្រ្កាន្តតាមវិទ្យាល័យទៅវិញ។

TTN-Free-Banner-In-Article-PC


ពលរដ្ឋ ជាពិសេសយុវជន មិនគួរប្រើប្រាស់បារី និងគ្រឿងស្រវឹង នៅក្នុងសង្ក្រាន្តវិទ្យាល័យឡើយ។ លោក សារិ​ ពុទ្ធិរិទ្ធ សហស្ថាបនិកសង្ក្រាន្តវិទ្យាល័យ បានអះអាងថា កន្លងមកក្រុមការងារសណ្ដាប់ធ្នាប់ នៃសង្រ្កាន្តវិទ្យាល័យ ចាប់បានបារី គ្រឿងស្រវឹង និងអាវុធមួយចំនួន ពីអ្នកចូលរួម ទោះបីជាមានបម្រាមមិនឱ្យយកសារធាតុទាំងនេះ ចូលក្នុងបរិវេណសាលារៀនក្តី។ លោក ពុទ្ធិរិទ្ធ មិនហ៊ានសន្និដ្ឋានឡើយថា បារី និងគ្រឿងស្រវឹងដែលចាប់បានទាំងនោះ ជារបស់សិស្សនោះទេ ដោយសារអ្នកចូលរួមមានគ្រប់វ័យ ទាំងសិស្សសាលា និងក្មេងចាស់មកពីគ្រប់ទិសទី។

«មិនមែនមានន័យថា ក្នុងបរិវេណសាលាមានយុវជនជក់បារី ឬក៏លេងម្សៅ ផឹកស្រាបៀទេ។ តាមពិតទៅយើងបានទប់ស្កាត់ពីខ្លោងទ្វារមកហើយ ក្នុងបរិវេណសាលាគ្មានការជក់បារី ពិសារស្រា និងការលេងម្សៅទេ»។ នេះបើតាមលោក ពុទ្ធិរិទ្ធ ឆ្នាំនេះ មិនមែនជាលើកទី១ឡើយ ដែលមានករណីចាប់បានបារី គ្រឿងស្រវឹង និងឧបករណ៍មួយចំនួនផ្សេងទៀត។ 

ក្នុងនាមអ្នករៀបចំកម្មវិធីកម្សាន្តប្រពៃណីសង្រ្កាន្តវិទ្យាល័យ ពិសេសក្នុងបរិវេណគ្រឹះស្ថានអប់រំ លោក ពុទ្ធិរិទ្ធ តែងយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ពង្រឹងសណ្ដាប់ធ្នាប់ ដើម្បីជៀសវាងការប្រព្រឹត្តទង្វើអសីលធម៌ និងមិនគប្បីណាមួយក្នុងពេលកម្មវិធី។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥ សង្រ្កាន្តវិទ្យាល័យបានរៀបចំនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ដោយរៀបចំការត្រួតពិនិត្យអ្នកចូលរួម ហាមប្រាមមិនឱ្យលេងប៉ាតម្សៅ គប់ទឹក ជក់បារី និងផឹកស្រាក្នុងបរិវេណសាលាឡើយ។

មើលឃើញពីកំណើនអ្នកប្រើប្រាស់បារី និងគ្រឿងស្រវឹងច្រើន លោក ពុទ្ធិរិទ្ធ ក៏ព្រួយបារម្ភពីហានិភ័យ និងផលប៉ះពាល់សុខភាព និងសង្គមនាពេលអនាគត។ យ៉ាងណាលោក អំពាវនាវដល់យុវជន និងភាគីពាក់ព័ន្ធបង្កើនការយល់ចិត្តទុកដាក់លើបញ្ហាសុខភាព ជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង បារី និងគ្រឿងញៀន។ ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តឱ្យអ្នករៀបចំកម្មវិធីកម្សាន្ត ពិសេសសង្រ្កាន្តតាមទីតាំងនានា និងក្នុងបរិវេណគ្រឹះស្ថានអប់រំឱ្យបង្កើនការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ជៀសវាងបញ្ហាណាមួយកើតឡើង។

កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ និងបណ្ដុះបណ្ដាលតាមគ្រឹះស្ថានអប់រំទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាពសិស្សានុសិស្ស ជៀសវាងចំណីអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ពិសេសហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹង និងបារីក្នុងបរិវេណសាលារៀន។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា៖«ក្រសួងអប់រំ នឹងបន្តផ្សព្វផ្សាយ និងអប់រំបន្ថែមដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស និងអាណាព្យាបាលទាក់ទងនឹងផលវិបាកនៃអាហារដែលបានហាមឃាត់នេះ»។

ក្នុងសេចក្ដីណែនាំរបស់ក្រសួង ក៏បានបញ្ជាក់ពីការពង្រឹងសណ្ដាប់ធ្នាប់ ការត្រួតពិនិត្យ និងសកម្មភាពអសីលធម៌នានា ក្នុងបរិវេណសាលាទាំងអស់ផងដែរ៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ