អង្គរសង្រ្កាន្ត៖ សណ្ឋាគារភាគច្រើនទទួលការកក់ពេញៗ
- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នឹងមកដល់ឆាប់ៗខាងមុខនេះ។ ក្នុងនោះ សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំ ក៏ទទួលបានការកក់ស្ទើរពេញហើយដែរ សម្រាប់ អ្នកដែលត្រៀមចូលឆ្នាំ នៅខេត្តសៀមរាប។

ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធិម សេរីវុឌ្ឍ បានឱ្យដឹងថា បន្ទប់ស្នាក់ នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ពី៨០ ទៅ៨៥ភាគរយ ទទួលបានការបញ្ជាកក់នៅ ក្នុងថ្ងៃអង្គរសង្រ្កាន្តរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។
យ៉ាងណាលោកបញ្ជាក់ថា សណ្ឋាគារទាំងនោះស្ថិតនៅតំបន់ប្រជុំជនសំខាន់ៗដូចជា ផ្សារ ចាស់ ភូមិតាភុល ផ្លូវជាតិលេខ៦ និងតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ត ចំណែកនៅ តំបន់រៀងឆ្ងាយពីនេះបន្តិច នៅតែអាចមានបន្ទប់ស្នាក់នៅ សម្រាប់ទេសចរដែល មក ភ្លាមរកបន្ទប់ភ្លាម។
ចំពោះតម្លៃវិញក៏រៀងខ្ពស់បន្តិចដែរ ប្រសិនទេសចរដែលមករកកន្លែងស្នាក់ទាន់ហន់។ លោក ធិម សេរីវុឌ្ឍ បញ្ជាក់ថា បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារធំៗដូចជាផ្កាយ៤ឬផ្កាយ៥ អាចមានតម្លៃខ្ពស់បន្តិច តែសម្រាប់អ្នកមានជីវភាពធូរធារពួកគេអាចស្នាក់នៅបាន។ ចំពោះអ្នកមានធនធានមធ្យម លោកប្រធានមន្ទីរស្តីទីទេសចរណ៍ ណែនាំឱ្យស្វែងរកបន្ទប់ស្នាក់ នៅតំបន់រៀងឆ្ងាយពីកន្លែងកម្សាន្ត ដូចជានៅតំបន់ជាយក្រុងជាដើម ដែលមានទាំងផ្ទះសំណាក់ ប៉ូទិក សណ្ឋាគារ ឬរេស៊ីដិនជាដើម។

សណ្ឋាគារ memoire-palace-resort
អ្នកគ្រប់គ្រងសណ្ឋាគារមេម៉រ លោក សែត សុគន្ធ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ថា បន្ទប់ស្នាក់នៅក្នុងសណ្ឋាគាររបស់លោក ទទួលបានការកក់ពេញទាំងអស់ ក្នុងពិធីបុណ្យចូលឆ្នាំ ត្រឹមថ្ងៃទី១០ ខែមេសា។ សណ្ឋាគារមេម៉រមាន៣ទីតាំង គឺកម្រិត៣ដល់ផ្កាយ៥ សរុបទាំងអស់ជិត ២០០បន្ទប់។
លោក សុគន្ធ បន្ថែមថា៖«ធម្មតាថ្ងៃបុណ្យទានយើងលក់តម្លៃពេញរបស់យើងវិញ បើថ្ងៃអត់បុណ្យទានយើងបញ្ចុះពី២០ទៅ៤០ភាគរយ តែយើងក៏បានយោគយល់ចំពោះកូនក្មេងដែលគាត់មកជាមួយ គឺយើងមិនគិតអាហារពេលព្រឹកតាមការកំណត់ អាចលើស១ ឬ២អី យើងមិនគិតទេ»។
ជាព្រឹត្តិការណ៍ដ៏ធំក្នុងខេត្តសៀមរាបសម្រាប់ឆ្នាំ២០២៥ លោក ធិម សេរីវុឌ្ឍ មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះ នឹងជួយស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបហើយប្រតិបត្តិករទេសចរណ៍នឹងទទួលបានផលចំណេញមួយផ្នែកធំនាពិធីបុណ្យនេះ។
អង្គរសង្រ្កាន្តជាកម្មវិធីដ៏ទាក់ទាញ ស្របពេលដែលខេត្តសៀមរាបមានសក្កានុពលច្រើនទាំងប្រាសាទ វប្បធម៌ និងសិល្បៈ ក៏ដូចជាតំបន់ទេសចរណ៍ធម្មជាតិភ្នំគូលែន និងបឹងទន្លេសាប ដែលធ្វើឱ្យទេសចរ មានជម្រើសច្រើនក្នុងការដើរកម្សាន្ត៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: