រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាជំរុញការអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើន និងមិនរាថយ
- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹងនៅតែបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ក្នុងសារលិខិតជូនពរប្រជាពលរដ្ឋ នាឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញពីសមិទ្ធផល និងការអភិវឌ្ឍរបស់កម្ពុជាក្នុងឆ្នាំកន្លងទៅ។ លើសពីនេះ រដ្ឋាភិបាល មានទិសដៅបន្តលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។
ដើម្បីជំរុញ និងបង្កើនល្បឿនលើកិច្ចការកែទម្រង់លើវិស័យមួយចំនួន រដ្ឋាភិបាល បានដាក់ចេញវិធានការគន្លឹះចំនួន ៥ គឺវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
តាមរយៈការដាក់ចេញនូវវិធានការគន្លឹះទាំង៥ខាងលើ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញការអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន។ ប្រមុខរដ្ឋាភិបាល លើកឡើងដូច្នេះ៖«ប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ពិសេសលើការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ»។
បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជា ក៏ប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការពារសមិទ្ធផលរបស់រដ្ឋាភិបាលកម្ពុជាឱ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹងនៅតែបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: