ជប៉ុនបញ្ជូនយន្តហោះចម្បាំងកាន់តែញឹកញាប់ទៅបណ្តេញយន្តហោះរុស្ស៊ី និងដ្រូនចិន
- ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

យន្តហោះចម្បាំងជប៉ុនចាប់សញ្ញា និងស្ទាក់បានកាន់តែច្រើន យន្តហោះរុស្ស៊ី និងដ្រូនចិន AP - Eric Talmadge
ខាងជើងទល់រុស្ស៊ី ខាងត្បូងទល់នឹងចិន ជប៉ុនបានរងការដាក់សម្ពាធខ្លាំងមិនធ្លាប់មាន ពីខាងទ័ពអាកាសរបស់ប្រទេសទាំងពីរនៅរយៈពេល១ឆ្នាំចុងក្រោយនេះ។ នេះបើតាមអ្នកនាំពាក្យរបស់ទីបញ្ជាការដ្ឋានជប៉ុន កាលពីថ្ងៃ សុក្រទី ១១មេសា ដោយបញ្ជាក់ថា នៅក្នុងរយៈពេលតែមួយឆ្នាំ ជប៉ុនត្រូវបង្ខំចិត្តបញ្ជូនយន្តហោះចម្បាំងដល់ទៅ៧០៤ដងដើម្បីទៅចាប់ បណ្តេញយន្តហោះចម្បាំងរបស់រុស្ស៊ី និងដ្រូនយោធារបស់ចិន ដែលមួយចំនួនបានហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុន។

ពីមួយឆ្នាំ ទៅមួយឆ្នាំ យន្តហោះចម្បាំងជប៉ុនចេញទៅធ្វើប្រតិបត្តិការនៅក្នុងផ្ទៃមេឃកាន់តែច្រើនឡើងៗ ដើម្បីទៅបណ្តេញយន្តហោះចម្បាំងរបស់ប្រទេសអមិត្តដែលចេះតែហោះឆ្វែល ឬរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុន។ ជាក់ស្តែង ក្នុងរយៈពេលមួយឆ្នាំ គិតពីខែមីនា ឆ្នាំ ២០២៤ ដល់ខែមីនាឆ្នាំ ២០២៥ ជប៉ុនបានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ៧០៤ដង ដោយចាប់បានសញ្ញារបស់យន្តហោះរុស្ស៊ីចំនួន ២៣៧គ្រឿង។ បើតាមទីបញ្ជាការដ្ឋានទ័ពជប៉ុន ក្នុងរយៈពេលតែមួយឆ្នាំ ចំនួនយន្តហោះចម្បាំងរុស្ស៊ីដែលធ្លាប់ហោះឆ្វែលប្រទេសជប៉ុនបានកើនឡើងប្រមាណ ៣៦% ពីចំនួន១៧៤គ្រឿង កាលពីឆ្នាំមុន។
កាលពីខែកញ្ញាកន្លងទៅ យន្តហោះចម្បាំងជប៉ុនបានបាញ់គ្រាប់ភ្លើងក្រហមជាលើកទី១ ដើម្បីរុញច្រានយន្តហោះចម្បាំងរុស្ស៊ីដែលបានហោះមករំលោភចូលក្នុងដែនអាកាសជប៉ុន នៅពីលើកោះហុកកៃដូភាគខាងជើងប្រទេស ក្បែរប្រជុំកោះដែលជប៉ុន និងរុស្ស៊ីកំពុងជាប់ជម្លោះទឹកដីនឹងគ្នា។ នេះជាលើកទី២ ដែលរុស្ស៊ីបញ្ជូនយន្តហោះចម្បាំងមកហោះរំលោភចូលដែនអាកាសរបស់ជប៉ុន គិតចាប់តាំងពីឆ្នាំ ២០១៩។
មិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា ជប៉ុននិងរុស្ស៊ីមានទំនាក់ទំនងរកាំរកូសដោយសារជម្លោះប្រជុំកោះនៅភាគខាងជើងជប៉ុនផង និង ម្យ៉ាង ជប៉ុនជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយយោធាដល់អ៊ុយក្រែន ដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមឈ្លានពានជាង៣ឆ្នាំមកនេះ។
ងាកមកនិយាយពីការដាក់សម្ពាធរបស់ចិនវិញ ជប៉ុនទទួលស្គាល់ថា ចិនបានប្រើបច្ចេកវិទ្យាយោធាកាន់តែទំនើបដើម្បីរំលោភចូលដែនអាកាសរបស់ជប៉ុន។ ក្រៅពីបញ្ជូនយន្តហោះចម្បាំងឲ្យទៅហោះឆ្វែលដែនអាកាសជប៉ុនដល់ទៅ៤៦៤លើក ចិនបានប្រើប្រាស់ដ្រូនយោធាចំនួន៣០គ្រឿង ដែលជប៉ុនជឿថា មានសមត្ថភាពវាយប្រហារទៅលើជប៉ុន។
“ដ្រូនដែលចិនបញ្ជូនមកហោះឆ្វែលជប៉ុន មានសមត្ថភាពបើកប្រតិបត្តិការយោធាជាក់ស្តែង ពោលគឺមិនមែនជាការហោះសាកល្បង លេងៗនោះទេ” នេះជាប្រសាសន៍របស់លោកYoshihide Yoshida អ្នកនាំពាក្យរបស់ទីបញ្ជាការដ្ឋានទ័ពជប៉ុន។ បើតាមអ្នកនាំពាក្យខាងលើ ជប៉ុនចាប់បានសញ្ញារបស់យន្តហោះចិនភាគច្រើននៅក្នុងដែនអាកាសចន្លោះកោះតៃវ៉ាន់និងតំបន់ភាគខាងត្បូងរបស់ជប៉ុន នៅម្តុំកោះអូគីណាវ៉ា។
ប្រឈមនឹងការរំលោភចូលកាន់តែច្រើនឡើងៗរបស់យន្តហោះចម្បាំងចិន ក្រសួងការពារជាតិជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារទី ៨មេសាថា កងទ័ពអាមេរិកដែលប្រចាំការនៅលើកោះអូគីណាវ៉ា នឹងបញ្ជូនដ្រូនឲ្យទៅហោះអណ្តែតនៅតាមបណ្តោយកោះអូគីណាវ៉ា ជាប់កោះតៃវ៉ាន់ ដើម្បីប្រមូលយកព័ត៌មានសម្ងាត់ពីគូសត្រូវ៕
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា

© រក្សាសិទ្ធិដោយ thmeythmey.com