កម្មវិធីពិសេស២ នឹងបង្ហាញខ្លួននារដូវចូលឆ្នាំ​ នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម
  • ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
កម្មវិធីពិសេស២ នឹងបង្ហាញខ្លួននារដូវចូលឆ្នាំ​ នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម
អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម រៀបចំកម្មវិធីពិសេសចំនួនពីរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺព្រឹត្តិការណ៍រាត្រីភ្លឺផ្លេក និងការសម្ដែងនាងទេពមច្ឆា៕

សៀមរាប៖អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម រៀបចំកម្មវិធីពិសេសចំនួនពីរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺព្រឹត្តិការណ៍រាត្រីភ្លឺផ្លេក និងការសម្ដែងនាងទេពមច្ឆា។ បើតាមកញ្ញា ខុន សុភ័ក្រ ព្រឹត្តិការណ៍ទាំងពីរនេះ ជាព្រឹត្តិការណ៍កម្រ ដែលមានក្នុងឱកាសពិសេសៗ ឬពីធីបុណ្យទានប៉ុណ្ណោះ។ 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា ខុន សុភ័ក្រ បុគ្គលិកនៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម បានឱ្យដឹងថា អាងពិព័រណ៍ត្រី និងសត្វព្រៃ នឹងរៀបចំព្រឹត្តិការណ៍ចំនួនពីរ ដើម្បីទទួលទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប ដោយព្រឹត្តិការណ៍ទី១នោះ គឺរាត្រីភ្លឺផ្លេក ឬAWA New Year’s Light Celebration ដែលជាទស្សនីយភាពថ្មីមួយ ដែលត្រូវបានរៀបចំតុបតែងសួនឧទ្យានជាមួយពន្លឺភ្លើងភ្លឺផ្លេករស់រវើក លម្អដោយផ្កាចម្រុះ និងរូបភាពសត្វផ្សេងៗ។ 

បើតាមកញ្ញា សុភ័ក្រ ព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធថ្មីប្លែក ពីការតុបតែងលម្អដោយពន្លឺភ្លើង ដែលគួរឱ្យទាក់ទាញ ក្រៅពីទស្សនាប្រភេទត្រីកម្រ និងសត្វងាយរងគ្រោះដែលមានវត្តមាននៅ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ 

ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមទទួលទេសចរពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់។ ឯតម្លៃសំបុត្រចូលទស្សនាវិញ ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ សម្រាប់មនុស្សគ្រប់វ័យ។ 

ចំណែកព្រឹត្តិការណ៍ពិសេសទី២ គឺការសម្ដែងនាងទេពមច្ឆា ឬ Mermaid Show។ កម្មវិធីនេះជាការសម្ដែងនាងទេពមច្ឆា ដែលមនុស្សភាគច្រើនធ្លាប់បានស្គាល់តាមរយៈរឿងតុក្កតា ឬព្រេងនិទាន បន្ថែមពីលើការចូលទស្សនាសត្វត្រីកម្រ និងសត្វព្រៃនានា នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ 

ការសម្ដែងនាងទេពមច្ឆានេះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការសម្ដែង៤ដងក្នុងមួយថ្ងៃ គឺនៅម៉ោង១០ព្រឹក, ១១កន្លះព្រឹក និងពេលរសៀលនៅម៉ោង២ និងម៉ោង៤។

គួរជម្រាបផងដែរថា​Angkor Wildlife and Aquarium ជាគោលដៅទេសចរណ៍​ទាក់ទាញ​មួយ ក្នុង​ខេត្តសៀមរាប ដែលបង្ហាញពីជីវៈចម្រុះសម្បូរបែប របស់កម្ពុជា​។ ពីអាងចិញ្ចឹមត្រី ដែល​បង្ហាញពីជីវិតរស់រវើក ពីទន្លេ សមុទ្រ ទាំងក្នុងតំបន់ និងក្រៅតំបន់ រហូតដល់ប្រភេទ​សត្វ​ព្រៃជាច្រើនប្រភេទ។ លើសពីការទស្សនាកម្សាន្តទីនេះ បង្កើតឡើងដើម្បី​ចូលរួម​លើ​ក​កម្ពស់ការអភិរក្ស និងការយល់ដឹងអប់រំពីបរិស្ថាន សត្វព្រៃ ទៅកាន់សាធារណជន។

Angkor wildlife and Aquarium ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀម​រាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ដើម្បីភាពងាយស្រួល លោកអ្នកនាង អាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬ​ចុចតំណភ្ជាប់នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it

ព័ត៌មានបន្ថែមលោអ្នកនាង អាចទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០៨១ ៥០២ ៥៥៥ និង ០៦១ ៥០២ ៥៥៥៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី