- ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី ព្រឹក

ភ្នំពេញ៖ រដូវកាលបុណ្យទានមកដល់ ពុទ្ធបរិស័ទតែងយកចង្ហាន់ និងទេយ្យទាន ប្រគេន ព្រះសង្ឃនៅតាមទីវត្តអារាម។ ជាមួយគ្នានេះ មានការលើកឡើងពីក្ដីបារម្ភ ដែល ពុទ្ធបរិស័ទប្រគេនភេសជ្ជៈកំប៉ុងប៉ូវកម្លាំង ដល់ព្រះសង្ឃ ដ្បិតភេសជ្ជៈទាំងអស់នេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។
តើពុទ្ធបរិស័ទ្ធ គួរប្រគេនភេសជ្ជៈផ្អែមប៉ូវកម្លាំងដល់ព្រះសង្ឃទេ? មានសង្ឃដីកាតបនឹងសំណួរនេះ ព្រះតេជគុណ អ៊ឹម ទៀង ព្រះចៅអធិការវត្តសិរិសាគរដូនស្ដើង មិនហាមប្រាមពុទ្ធបរិស័ទក្នុងការប្រគេនភេសជ្ជៈកំប៉ុង ជូនដល់ព្រះសង្ឃនោះទេ ប៉ុន្តែគួរតែប្រគេនក្នុងបរិមាណតិច។ ទោះយ៉ាងណា ព្រះតេជគុណ អ៊ឹម ទៀង លើកទឹកចិត្តដល់ពុទ្ធបរិស័ទប្រគេនទឹកផ្លែឈើធម្មជាតិ ជាជាងភេសជ្ជៈកំប៉ុង។
ព្រះតេជគុណ អ៊ឹម ទៀង មានសង្ឃដីកាដូច្នេះ៖ «អាត្មាយល់ថា បើប្រគេនភេសជ្ជៈផ្អែមធម្មជាតិ ដូចជាទឹកផ្លែឈើកៀបស្រស់ៗ មិនអីទេ ប៉ុន្តែបើផលិតផលដាក់កំប៉ុង មានជាតិហ្គាស ប្រគេនបាន តែកុំឱ្យច្រើនពេក។ ហើយជាធម្មតា ព្រះសង្ឃ គណៈគ្រប់គ្រងវត្ត តែងតែអប់រំណែនាំ មិនឱ្យលោក(ព្រះសង្ឃ) ឆាន់គ្រឿងកំប៉ុងច្រើនទេ។ អាចយូរៗ(ឆាន់)ម្ដង»។
បើតាមព្រះតេជគុណ អ៊ឹម ទៀង ក្នុងរដូវបុណ្យទាន ពុទ្ធបរិស័ទ បានយកភេសជ្ជៈធម្មជាតិ និងភេសជ្ជៈកំប៉ុងមកប្រគេនព្រះសង្ឃ ក្នុងវត្តសិរីសាគរដូនស្ដើង គឺមានចំនួនច្រើនដូចគ្នា។ ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា វត្តសិរីសាគរដូនស្ដើង តែងតែចែកភេសជ្ជៈ និងទេយ្យទានផ្សេងៗ ឱ្យអ្នកខ្វះខាត ដើម្បីចែកទានកុសលបុណ្យ និងមិនឱ្យមានភេសជ្ជៈកំប៉ុងច្រើននៅក្នុងវត្តផងដែរ។
ទាក់ទងនឹងការឆាន់ ឬពិសាភេសជ្ជៈកំប៉ុងប៉ូវកម្លាំង លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសទឹកនោមផ្អែម និងក្រពេញអ័រម៉ូន បានណែនាំថា ការពិសាភេសជ្សៈផ្អែមៗ ក្នុងបរិមាណច្រើន និងរយៈពេលយូរ នឹងអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២។
វេជ្ជបណ្ឌិតរូបនេះ បន្តថា នៅពេលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ បន្តពិសារបស់ផ្អែមៗច្រើនលើសកម្រិត ដោយមិនធ្វើតាមដំបូន្មានរបស់គ្រូពេទ្យទេ អ្នកជំងឺនឹងប្រឈមប៉ះពាល់ដល់បេះដូង តម្រង់នោមជាដើម។
បើតាមរបាយការណ៍របស់សហព័ន្ធបង្ការជំងឺទឹកនោមផ្អែមអន្តរជាតិ បានប៉ាន់ស្មានថា នៅឆ្នាំ២០៤៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក នឹងអាចកើនឡើងដល់៧០០លាននាក់។ បើធៀបនឹងរបាយការណ៍ឆ្នាំ២០១៩ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម ៤៦៣លាននាក់ប៉ុណ្ណោះ ក្នុងចន្លោះអាយុ២០ ទៅ៧៩ឆ្នាំ។ នេះជាកំណើនដ៏ធំមួយ ដែលសឹងតែកើនឡើងទ្វេដង ក្នុងរយៈពេល ប្រមាណ២០ឆ្នាំទៅមុខទៀត៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។
