«សង្រ្កាន្ត» គួរ​រៀបចំឡើងក្នុងស្មារតីអភិរក្ស លើកកម្ពស់វប្បធម៌ ​និងចៀសវាងទង្វើអសីលធម៌
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣០ នាទី ព្រឹក
«សង្រ្កាន្ត» គួរ​រៀបចំឡើងក្នុងស្មារតីអភិរក្ស លើកកម្ពស់វប្បធម៌ ​និងចៀសវាងទង្វើអសីលធម៌

ភ្នំពេញ៖  សង្រ្កាន្ត មានន័យថាពេលវេលាឆ្នាំចាស់បានចប់ ហើយវេលាថ្មីនឹងចូលមកដល់ ដែល​ភាសាខ្មែរហៅសាមញ្ញថា «ចូលឆ្នាំថ្មី»។ នៅរយៈពេលប៉ុន្មានចុងក្រោយនេះ គេ​សង្កេតឃើញមានកម្មវីធីសង្រ្កាន្តត្រូវបាន​រៀបចំយ៉ាងគគ្រឹកគគ្រេង នៅ​កៀកថ្ងៃចូលឆ្នាំថ្មី ពិសេស​នៅតាម​គ្រឹះស្ថានសិក្សា និងសហគ្រាសឯកជន និងភាគច្រើនដឹកនាំ​ដោយយុវជន​។ ក្នុងស្មារតីថែរក្សា អភិរក្ស និងកម្ពស់វប្បធម៌ ប្រពៃណីជាតិ ពួកគេបានខ្នះខ្នែង នាំយកល្បែង​ប្រជាប្រិយខ្មែរ ការរាំកម្សន្តបទចម្រៀងចង្វាក់ប្រពៃ​ណី ការកម្សាន្ត​នានា ដែលបង្ហាញពីការសិទ្នស្នាល និងការយោគយល់ ដើម្បីអបអរឆ្នាំថ្មី។ ទន្ទឹមនឹងការស្តែងចេញនូវសិល្បៈ វប្បធម៌ និងប្រពៃណី ក្នុងកម្មវិធីសង្ក្រាន្ត ​រូប​ភាពអវិជ្ជមាន​ក៏បានលេចឡើងដែរ តាមរយៈការសប្បាយភ្លេចខ្លួន របស់យុវជនមួយចំនួន ដូចជាការលេងជះទឹកឥតសណ្តាប់ធ្នាប់ គប់ទឹកតាមដងផ្លូវ  ជិះម៉ូតូប្រដេញជាក្រុម បង្ក​អសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ។ ងាកមកមើលការលេងលាបម្សៅ ហាក់ឆ្គាំឆ្គងពី​របៀបរបបចាស់បុរាណ។

TTN-Free-Banner-In-Article-PC

សាកលភាវូបនីយកម្ម និងការទទួលឥទ្ធិពលវប្បធម៌ និងភាពស៊ីវីល័យពីបរទេស ធ្វើឱ្យយុវជនសម័យបច្ចុប្បន្ន មិនសូវប្រកាន់ខ្លួនខ្លាំងដូចពីមុនឡើយ។ ក៏ប៉ុន្តែទង្វើជ្រុលហួសហេតុខ្លះ ក៏មិនត្រូវឱ្យកើតមានឡើង ប្រាសចាកពិស្មារតី នៃ​កម្មវិធី«សង្ក្រាន្ត»ឡើយ។ ទង្វើដែលគួរចៀសវាង មានជាអាទិ៍ ការស្លៀកពាក់ស៊ិចស៊ីហួសហេតុ​ពេក ​ការលេងប៉ាតម្សៅក្នុងន័យបន្លំ​ប៉ះរាងកាយ ដែលបំលោភបំពានសិទ្ធិអ្នកដទៃ និងឈានដល់ការបៀតបៀនលើរាងកាយ ឬក៏អាចបាត់បង់ទ្រព្យសម្បត្តិ គ្រឿងអលង្ការជាដើម។ ចំណែកឯការលេងគប់ទឹក ជះទឹកជាដើម ពិសេសនៅទីសាធារណៈ និងនៅតាមដងផ្លូវ ក៏គួរស្ថិតក្នុងរូបភាពគោរពសិទ្ធិអ្នកដទៃ និងអ្នកធ្វើដំណើរទូទៅដែរ ចៀងវាងបង្កគ្រោះថ្នាក់ផ្សេងៗ។

លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

ស្របពេលដែលកម្មវិធី «សង្រ្កាន្ត» ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់នោះ ពិសេសនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ​ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឱ្យរៀបចំ និងជំរុញការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ។ ផ្ទុយទៅវិញ ក្រសួងបានហាមឃាត់ និងទប់ស្កាត់ការលេងល្បែងមួយ ដែលអាចបង្ក​ហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅជាដើម។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បាន​ចេញការណែនាំមួយចំនួន ដើម្បីបង្កាទង្វើមិនសមរម្យមួយចំនួន នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដែលមានដូចជា​ ការវាយដំគ្នា ការកាន់កាប់អាវុធ ឬដាក់កាំបិតតាមខ្លួន ជក់ឬលក់បារីអេឡិចត្រនិក និងជួញដូរគ្រឿងញៀនជាដើម។ លើសពីនេះ ក្រសួងមហាផ្ទៃ ក៏ហាមសកម្មភាពប្រមូលផ្ដុំគ្នា បង្ហោះម៉ូតូ និងកែច្នៃភ្លើងម៉ូតូខុស​បច្ចេកទេសដេរ ។

​ជុំវិញការណែនាំនេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានបន្ថែមទៀត ទៅក្រុមយុវជនទាំងអស់ កុំឱ្យសប្បាយ ក្លាយជាទុក្ខ រហូតបង្កហិង្សា ឬឈានទៅប្រព្រឹត្តបទល្មើស ឬការបៀតបៀនគេជាដើម។ លោក ទូច សុឃៈ បានសង្កត់ធ្ងន់បែបនេះ៖ «ប្អូនប្រុសៗ ស្រីៗ ត្រូវលេងល្បែងប្រជាប្រិយខ្មែរ ដោយសេចក្ដីថ្លៃថ្នូរ កុំកេងចំណេញ ឬបៀតបៀនខុសច្បាប់ ហើយកុំលេងជះទឹក ប៉ាតម្សៅ ទៅបន្លំថើបគេ ទៅបៀតបៀន ឬទៅលួចឆកខ្សែក ដែលសមត្ថកិច្ចនឹងចាត់វិធានការច្បាប់។»។

លោក សារិ ពុទ្ធិរិទ្ធ សហស្ថាបនិកនៃកម្មវិធីសង្រ្កាន្តវិទ្យាល័យ

លោក សារិ ពុទ្ធិរិទ្ធ សហស្ថាបនិកនៃកម្មវិធីសង្រ្កាន្តវិទ្យាល័យ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា កម្មវិធីសង្ក្រាន្តវិទ្យាល័យ រៀបចំឡើងដោយផ្តោតលើ សសរស្តម្ភចំនួន ៤ គឺវប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍ។ គោលបំណងសំខាន់ៗនៃកម្មវិធី មានដូចជា ចូលរួមផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌សិល្បៈបុរាណ និងប្រពៃណី ដោយការរួមបញ្ចូលនូវ ឧបករណ៍ភ្លេង របាំប្រជាប្រិយ និងរបាំប្រពៃណីរបស់ខ្មែរ ការបង្ហាញពីទេពកោសល្យយុវជន ឱ្យមានភាពច្នៃប្រឌិតផ្សារភ្ជាប់នូវស្មារតីសាមគ្គីភាព ការបញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ និងប្រពៃណីខ្មែដ៏ល្អផូរផង់ ដែលដូនតាមបានបន្សល់ទុកផងដែរ។

ទន្ទឹមនឹងការរៀបចំយ៉ាងរលូនជាមួយយុវជន ក្នុងកម្មវិធីសង្រ្កាន្ត សណ្តាប់ធ្នាប់ជារឿងត្រូវគិតគូរ ដើម្បីចៀសវាងមានសកម្មភាពពុំគប្បី​។ សហស្ថាបនិករូបនេះ បន្តថា ក្រុមការងារតែងតែគិតគូរ ពីការកម្សាន្តណាដែលមិនប៉ះពាល់អ្នកចូលរួម និងត្រួតពិនិត្យច្រើនដង ទាំងខាងក្នុង និងក្រៅ។ ចំពោះបម្រាមដែលក្រសួងអប់រំ បានដាក់ចេញនោះ យើងបានអនុវត្តអស់រយៈពេល៧ឆ្នាំរួចមកហើយ។

ពីឆ្វេងមកស្តាំ កញ្ញា ឡេង ស្រីល័ក្ខ និងកញ្ញា អ៊ូ ចរិយា ជាយុវតីមួយរូបកំពុងសិក្សា_ជំនាញគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

លោក សារិ ពុទ្ធិរិទ្ធ បន្តបែបនេះថា៖ «យើងហាមដាច់ខាតក្នុងការលេងម្សៅ បាញ់ទឹក ប៉ុន្តែសម័យ និងបុរាណ ដើរទន្ទឹមគ្នា។ ដូច្នេះយើងក៏បានរៀបតំបន់ភូមិត្រជាក់វិញ ដើម្បីអាចលេងជះទឹកដោយប្រើផ្តិល ឬក្អមវិញ លក្ខណៈបែបផែនខ្មែរ។ ដោយឡែក ការលេងម្សៅ យើងហាមដាច់ខាត។​ តាមរយៈពេលធ្វើការជាមួយយុវជន កន្លងមក ខ្ញុំបានយល់ច្បាស់ពីផ្នត់គំនិតយុវជន។ ដូច្នេះយើងព្យាយាមរៀបចំឱ្យត្រូវតាមបែបផែនប្រពៃណី សាសនា និងច្បាប់ជាធរមាន។

ដើម្បីធានាថា អ្នកចូលរួមនៅក្នុងកម្មវិធី«សង្ក្រាន្តវិទ្យាល័យ» ដែលភាគច្រើនជាយុវជន មិនបាននាំយកសម្ភារហាមឃាត់ចូលក្នុងបរិវេណនសកម្មវិធ ក្រុមការងារក៏បានរៀបចំ ទីតាំងឆែកឆេ អ្នកចូលរួម នៅតាមច្រកចូលនានា​ផងដែរ។

លោក ពុទ្ធិរិទ្ធ បញ្ជាក់បន្ថែមបែបនេះ៖ «ចំពោះសណ្តាប់ធ្នាប់វិញ មុននឹងយើងចូលមក យើង​មានការឆែក ត្រួតពិនិត្យរកសម្ភារៈហាមឃាត់។ ដូច្នេះវត្ថុមុតស្រួច អាវុធជាតិផ្ទុះ ដែកកេះ បារី ស្រា និងម្សៅ គឺមិនអនុញ្ញាតឱ្យយកចូល។ អ្វីដែលយើងធ្វើបានជារៀងរាល់ឆ្នាំនោះ គឺសម្លៀកបំពាក់ តែងហាមឃាត់រាល់ការស្លៀកពាក់ស៊ិចស៊ីហួសហេតុ ឱ្យត្រូវនឹងព្រឹត្តិការណ៍សង្រ្កាន្ត»។

លោក រ័ត្ន សណ្តាប់ អ្នកជំនាញអរិយធម៌ខ្មែរ

សង្រ្កាន្តវិទ្យាល័យនេះ ជាសង្រ្កាន្តដែលធ្វើតាមវិទ្យាល័យមុនគេ។ ក្រោយមក ការរៀបចំសង្រ្កាន្តបានបង្កើតជាបន្តបន្ទាប់ លោក​ ពុទ្ធិរិទ្ធ មានមោទកភាព ដែលយុវជនបន្តលើកស្ទួយវប្បធម៌ខ្មែរ អបអរពិធីបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ អ្នករៀបចំរូបនេះ អំពាវនាវក្រុមការងាររៀបចំតាមវិទ្យាល័យរបស់ខ្លួន គួរយកចិត្តទុកដាក់ខ្ពស់ លើបញ្ហា​​សណ្តាប់ធ្នាប់ ដែលអាចជះផលអវិជ្ជមានត្រឡប់មកវិញ។

កន្លងមក យើងតែងឃើញសកម្មភាពនេះម្តងកាល​ ជាពិសេសតាមសង្រ្កាន្តវិទ្យាល័យ ដែលបង្កភាពចលាចលតាមដងផ្លូវគួរឱ្យបារម្ភ ធ្វើឱ្យប៉ះពាល់អ្នកដំណើរផ្សេងទៀត។ បញ្ហាទាំងនេះ នៅតែកើតមាន បើទោះមានការហាមប្រាមពីអាជ្ញាធរយ៉ាងណាក្តី។

ជុំវិញបញ្ហានេះ អ្នករៀបចំសង្ក្រាន្ត តែងអំពាវនាវកុំឱ្យយុវជន ប្រព្រឹត្តទង្វើហាមឃាត់ទាំងនោះ ខណៈ​អ្នកជំនាញវប្បធម៌ ក៏បានលើកឡើងពីគុណវិបត្តិ នៃឥរិយាបថប្រាសចាកពីប្រពៃណីខ្មែរ របស់យុវជនដែរ។

កញ្ញា អ៊ូ ចរិយា ជាយុវតីមួយរូបកំពុងសិក្សា​ជំនាញគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា យល់ថា យុវជន គួររំឭកពីល្បែងប្រជាប្រិយខ្មែរ នៅថ្ងៃសង្រ្កាន្តតាមសាលារៀន និងហាមឃាត់ការលេងល្បែងខ្លះដែលអាចប៉ះពាល់ដល់ស្ត្រី តួយ៉ាងដូចជាការលេងជះទឹកជាដើម។ និស្សិតឆ្នាំទី១រូបនេះ កំពុងបារម្ភពីនារីមួយចំនួន ​ក្រោយ​ឃើញរូបភាពត្រូវបានគេបៀតបៀន៖ «អ្នក​មួយចំនួន បានគិតគូរពីបញ្ហានេះ​ ប៉ុន្តែអ្នកខ្លះគិតតែពីសប្បាយ ជាពិ​សេស​នារីៗ ភ្លេចគិតពីខ្លួនគាត់ ត្រូវបានគេប៉ះពាល់ បៀតបៀនលើរៀងកាយ ធ្វើឱ្យបាត់បង់តម្លៃជាស្រ្តីខ្មែរ។»។

យុវតីវ័យ២០ឆ្នាំ ចរិយា​ ចង់ឱ្យយុវជនចូលរួមលេងដោយការទទួលខុសត្រូវ និង​អំពាវនាវដល់អាជ្ញាធរ ជួយសម្របសម្រួល ចៀសវាងមានសកម្មភាពឆ្គាំឆ្គងបន្តទៀត។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានបញ្ជាក់ពីអត្តសញ្ញាណជាតិសាសន៍ខ្មែរ តាំងពីបុ​រាណ​មក​។ បុណ្យចូលឆ្នាំខ្មែរ មិនមែនត្រឹមតែបង្កើតការសប្បាយឡើយ ប៉ុន្តែគុណតម្លៃនៃពិធីនេះ គឺជាការជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ក្នុងថ្ងៃបុណ្យទាន។ ដោយឡែកការជួបជុំក្នុងភូមិក៏សំខាន់ ដោយនាំយកល្បែងប្រជាប្រិយ ដោយមាន«វត្តអារាម» ជាមជ្ឈមណ្ឌលកណ្តាល ក្នុងន័យរាប់អាន សាមគ្គីភាព។ ជាបន្ទាប់គឺគុណតម្លៃរបស់ប្រទេស ដែលមានការរៀបចំប្រារព្ធព្រឹត្តិការណ៍ដ៏ធំ ជាក់ស្តែងដូចជាកម្មវិធីអង្គរសង្រ្កាន្ត លើទឹកដីសៀមរាប។ អ្វីដែលសំខាន់ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ បានផ្សារភ្ជាប់នឹងសាសនា គោរពដល់បុព្វការីជន បង្ហាញពីការដឹងគុណ។

បើតាម លោក រ័ត្ន សណ្តាប់ អ្នកជំនាញអរិយធម៌ខ្មែរ សង្កេតឃើញថា បច្ចុប្បន្ននៅតាមបណ្តាខេត្ត ក៏មមាញឹកក្នុងការរៀបចំសង្ក្រាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរដែរ។ សម្រាប់អ្នកជំនាញរូបនេះ ការរួមគ្នា រៀបចំព្រឹត្តិការណ៍បែបនេះ គឺបង្ហាញពី​គុណតម្លៃដ៏សំខាន់មួយ​របស់ជាតិ។ ពិធីបុណ្យចូលឆ្នាំខ្មែរ មិនត្រឹមតែបង្ហាញពីប្រពៃណីខ្មែរនោះឡើយ វាក៏បានផ្សារ​ភ្ជាប់នឹងបេតិកភណ្ឌ ស្មារតីវប្បធម៌ក្នុងនាមជាកូនខ្មែរ មានអរិយធម៌ដ៏ផូរផង និងមានកាតព្វកិច្ចរក្សាគុណតម្លៃនៃប្រពៃណីជាតិនេះជានិរន្តរ៍។

ជារឿងមួយដែលល្អ នៅពេល​គ្រឹះស្ថានសិក្សា ឬស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុននានា រៀ​បចំ​សង្រ្កាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ការណ៍នេះ យុវជនបានរៀបចំនូវកិច្ចនេះ មានល្បែងប្រជាប្រិយ ក្នុងន័យបន្តមរត ប៉ុន្តែក៏ពុំសប្បាយភ្លេចខ្លួននោះដែរ។

លោក រ័ត្ន សណ្តាប់ បញ្ជាក់បែបនេះថា៖ «​វាជារឿងប៉ះពាល់ និយាយមែនទែនទៅ ប៉ះពាល់សាមីខ្លួន និងគ្រួសារច្រើនជាង។ ដូចពាក្យចាស់លោកពោលថា ទុកដាក់កូនចៅឱ្យមើលផៅសន្តាន។ កាលណាយើងប្រព្រឹត្តរឿងដែលមិនគប្បីទៅលើអ្នកដទៃ សង្គមនោះប្រាកដណាស់ គេនឹងសង្កេតពីយើង។ សីលធម៌សង្គម នឹងដាក់ទោសយើង។ អ្នកភូមិផង គេនឹងថាកូននេះមិនល្អ​ជាដើម។ សីលធម៌សង្គមនេះ ដាក់ទោសខ្លាំងជាងច្បាប់ទៀត ព្រោះអ្នកប្រព្រឹត្តមិនល្អ សង្គមដាក់ទោស គឺរឿងពិបាកណាស់។ ខ្ញុំមើលឃើញថា អ្វីដែលជាបញ្ហាអំឡុងពេលចូលឆ្នាំ គឺបណ្តាលមកពី ទី១ គឺការផឹកស្រាហួសកម្រិត ធ្វើឱ្យការបើកបរមានភាពរញ៉េរញ៉ៃ។ ទី២ ការលេងខ្លះ​វាមិនសមភ្នែក ប៉ាតម្សៅ។ កន្លែងខ្លះ លេងកាក់(ប៉ាតម្សៅ) សុំលុយទៀត។»។

ទន្ទឹងនឹងការបដិបតិ្ត ពីបុរាណមករហូតដល់សម័យបច្ចុប្បន្ន អ្នកជំនាញអរិយធម៌ខ្មែរ រ័ត្ន សណ្តាប់ យល់ថា ការលេងល្បែងប្រជាប្រិយខ្មែរ គឺមិនបាត់បង់អ្វីឡើយ។ ប៉ុន្តែវាហាក់ដូចជាមានការផ្លាស់ប្តូរបន្តិចលើការដឹកនាំ ពីចាស់ៗតាមភូមិ ឬព្រឹទ្ធាចារ្យ មកជាថ្នាក់ដឹកនាំតាមខេត្តទៅវិញ។ យ៉ាងណាមិញ សកម្មភាពទាំងនេះ ក៏បង្ហាញពីភាពរស់រវើកនៃអរិយធម៌ប្រ​ទេសផងដែរ៕


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន