ប្រទេស​សមាជិកអង្គការសុខភាពពិភពលោក​ សម្រេចបានកិច្ចព្រមព្រៀងគោលដើម្បីប្រយុទ្ធនឹង​ជំងឺឆ្លងសកល
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣០ នាទី យប់
ប្រទេស​សមាជិកអង្គការសុខភាពពិភពលោក​ សម្រេចបានកិច្ចព្រមព្រៀងគោលដើម្បីប្រយុទ្ធនឹង​ជំងឺឆ្លងសកល
អង្គការសុខភាពពិភពលោក​ ទីស្នាក់ការនៅទីក្រុងហ្សឺណែវ AFP - FABRICE COFFRINI

បន្ទាប់ពីបានចាប់ផ្តើមដំណើរការជជែក​តាំងតែ​ពី​៣ឆ្នាំមុន នៅទីបំផុត ក្រុមប្រទេសសមាជិក​នៃអង្គការសុខភាព​ពិភពលោក បានសម្រេចបាននូវ​កិច្ចព្រមព្រៀងគោលមួយ ស្តីអំពីយន្តការរួម​ ដើម្បី​​ប្រយុទ្ធប្រឆាំង​ឲ្យ​មានប្រសិទ្ធភាព​ នូវជំងឺឆ្លងរាតត្បាត​ពិភពលោក​។ ទោះបី​ជា ត្រឹមដំណាក់កាលនេះ មិនទាន់មានកិច្ចព្រមព្រៀងស្ថាពរ តែអង្គការសុខភាពពិភពលោក បានសម្តែងការត្រេកអរជាខ្លាំង ដែល​ឃើញប្រទេសទាំងអស់រួបរួមសាមគ្គីគ្នា ប្រយុទ្ធនឹងជំងឺ​រាតត្បាត បើទោះបីទ្រឹស្តីពហុភាគីនិយម កំពុងតែប្រឈមគ្រោះថ្នាក់យ៉ាងណាក៏ដោយ​។

TTN-Free-Banner-In-Article-PC

ផ្អែកតាម​លោកស្រី Anne Claire Amprou អគ្គរដ្ឋទូតបារាំងប្រចាំអង្គការ​សុខភាពពិភពលោក និងជា​សហប្រធានអង្គភាពចរចា បាន​ឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី​១២មេសា ប្រទេសសមាជិកនៃអង្កការសុខភាពពិភពលោក បានសម្រេចបានកិច្ចព្រមព្រៀងគោលមួយ ដែលមានខ្លឹមសារការពារពិភពលោក​ ពីជំងឺឆ្លងរាតត្បាតសកលទៅថ្ងៃអនាគត។ លោក​ស្រីបាន​បញ្ជាក់ថា ប្រទេសសមាជិក​នឹងបន្ត​ជជែក​ពិភាក្សាគ្នាបន្ថែមទៀត ដើម្បីសំអាតខ្លឹមសារអត្ថបទនេះ មុននឹងអនុម័តចេញជា​កិច្ចព្រមព្រៀង​ស្ថាពរ ​នៅក្នុងឱកាសសន្និបាតសុខភាពពិភពលោក ​នៅខែ​ឧសភាខាងមុខ នៅក្រុងហ្សឺណែវ។

គួរបញ្ជាក់ថា គឺបទពិសោធន៍​​ ជំងឺឆ្លងរាតត្បាតCOVID19 ដែល​បានជំរុញ​ឲ្យ​អង្គការសុខភាព​ពិភពលោក ប្រមែ​ប្រមូល​ប្រទេស​សាមជិក​ រួមគ្នា​រៀបចំយន្តការអន្តរជាតិរួមមួយ ដើម្បីបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ឲ្យ​មានប្រសិទ្ធភាព នូវករណីជំងឺ​ឆ្លងរាតត្បាតសកលណាមួយ ទៅថ្ងៃអនាគត។ ការប្រជុំជជែក​គ្នាបានចាប់ផ្តើម ប្រមាណ​៣ឆ្នាំមកហើយ មុននឹងឈានមកដល់ការប្រជុំ​យ៉ាងមមាញឹក​៥ថ្ងៃជាប់គ្នាក្នុងសប្តាហ៍នេះ។

ប្រភពជាច្រើនបាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មានAFP ថាអត្ថបទកិច្ចព្រមព្រៀងគោលដែលមាន​ជាង​៣០ទំព័រនេះ គឺបានឆ្លងកាត់ការជជែកគ្នាយ៉ាងលំបាកលំបិន។ ត្រង់​កថាខណ្ឌទី​១១ ដែលមាន​ការ​ប្រកែកមិនចុះសម្រុងគ្នារវាងប្រទេសសមាជិក ព្រោះ​កថាខណ្ឌនេះ បានកំណត់​អំពី​ការផ្ទេរបច្ចេកវិទ្យា​ជំនាញ នៅក្នុងវិស័យ​ផលិ​តឧសថនិងគ្រឿងបរិក្ខាសុខាភិបាល ពីប្រទេសជឿនលឿនទៅកាន់​ប្រទេសកំពុងអភិវឌ្ឍ។

ក្រុមហ៊ុន​ផលិត​ឱសថធំៗ និងប្រទេសអ្នកមានមួយចំនួន បានព្យាយាម​កំណត់ខ្លឹមសារ​ត្រង់ចំណុចនេះ ត្រឹមតែជា “ការស្ម័គ្រចិត្ត” ដោយ​មិនមែន “កាតព្វកិច្ច” ​ដែលត្រូវតែផ្ទេរ​បច្ចេកវិទ្យាជំនាញ​។ នេះបើ​ផ្អែក​តាម​អះអាង របស់​លោកស្រី​វិជ្ជបណ្ឌិត Mogha Kamal-Yanni តំណាងម្នាក់នៃសម្ព័ន្ធភាព People’s Medeicines Alliance។

ដោយឡែក លោកDavid Reddy ប្រធានសហព័ន្ធអន្តរជាតិ​ឧស្សាហកម្មឱសថ បាន​លើកឡើងថា កិច្ចព្រមព្រៀងនេះនៅមិនទាន់រួចរាល់ជាស្ថាពរនៅឡើយ​ទេ។ ប្រទេសសមាជិក​នីមួយៗ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យ​រៀបចំ ឲ្យច្បាស់ប្រាកដថា កិច្ចព្រមព្រៀងនឹងអាចយកទៅអនុវត្តបាន​ជាក់ស្តែង ក្នុង​ការ​​ត្រៀមឆ្លើយតបទៅនឹងជំងឺ​ឆ្លងរាតត្បាតសកល​។

ទោះជាមិនទាន់ស្ថាពរក្តី លោក​ម៉ាក្រុងប្រធានាធិបតីបារាំង បានបង្ហោះសារអបអរសាទរ ថាអត្ថបទ​សេចក្តីព្រាងនេះ គឺជា​អនាគត​សន្ធិសញ្ញា ដែលនឹងអនុញ្ញាត​ឲ្យសហគមអន្តរជាតិ អាច​មានប្រព័ន្ធ​ថ្មីមួយដ៏រឹងមាំ ក្នុង​ការបង្ការ ការពារជំងឺ​ឆ្លងរាតត្បាតសកល ឲ្យ​មានប្រសិទ្ធភាព លឿនរហ័សនិងប្រកបដោយការសមាគ្គីគ្នា​។

ដូចគ្នាដែរ លោក​វេជ្ជបណ្ឌិត Tedros Adhanom Gheybreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក ដែលមានវត្តមាននៅក្នុងការប្រជុំ​ពេញ​សឹង​ពេញ​២៤ម៉ោង បាន​លើកឡើងថា គ្រប់គ្នា​កំពុងតែ​ចារប្រវត្តិសាស្ត្រពិភពលោកក្នុងវិស័យ​សុខភាពសកល ​ជាមួយ​លទ្ធផល​វិជ្ជមាននេះ។

គួរកត់សំគាល់ដែរថា ទ្រឹស្តីពហុភាគីនិយមដែលប្រទេសទាំងអស់រួបរួមគ្នាចរចា សម្រេចកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌស្ថាប័នអន្តរជាតិ កំពុងស្ថិតនៅ​ក្នុងបរិបទមួយ​ដ៏លំបាក បន្ទាប់ពី​លោកដូណាល់ ត្រាំ បានត្រលប់មកកាន់អំណាច​។ លោកដូណាល់ ត្រាំ បាន​សម្រេចផ្តាច់ជំនួយហិរញ្ញវត្ថុពីស្ថាប័នអន្តរជាតិជាច្រើន​ ក្នុងនោះមានអង្គការសុខភាពពិភពលោក ហើយថែមទាំងបាន​ប្រកាសដកខ្លួនសហរដ្ឋអាមេរិក ចេញពីអង្គការនេះ​​ថែមទៀតផង​។ ប្រទេសសមាជិក​អង្គការសុខភាពពិភពលោក ​សម្រេចបាន​​​កិច្ចព្រមព្រៀង​គោល​នៅពេលនេះ វា​គឺជាសញ្ញាវិជ្ជមានមួយ ប្រាប់ថា បាច់ចង្កិះពិភពលោក​នឹងរួម​កម្លាំងគ្នា​ មិន​ឲ្យ​ដូណាល់ ត្រាំកាច់បំបាក់បានឡើយ​៕

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other