- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០០ នាទី រសៀល

សៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដំឡើងប្រព័ន្ធអ៊ិនធឺណិតដោយឥតគិតថ្លៃ (Public Wifi) ចំនួន២៤ទីតាំង នៅតាមតំបន់អង្គរ និងតំបន់ជុំវិញក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តបន្ថែម ក្នុងន័យសម្រួលដល់ការប្រើប្រាស់អ៊ិនធឺណិតដល់ សាធារណជន និងភ្ញៀវទេសចរឱ្យកាន់តែទូលំទូលាយ។
ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប លោក សុខ សីហា បានឱ្យដឹងថា ជាទូទៅនៅពេលមានពិធីបុណ្យ ឬព្រឹត្តិការណ៍សំខាន់ៗ មនុស្សម្នាជាច្រើនបានប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ដូច្នេះធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតមានភាពរអាក់រអួល មិនទាន់ចិត្តអ្នកប្រើប្រាស់។ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ក្រសួងប្រៃសណីយ៍ បានពង្រឹងគុណភាពសេវាអ៊ិនធឺណិត ដោយបានសហការជាមួយក្រុមហ៊ុនឯកជន ដំឡើងអង់តែនចល័ត តាមរថយន្តចំនួន១៣ទីតាំងបន្ថែម នៅតំបន់អង្គរ រួមមានអង្គរវត្ត បាយ័ន និងក្រុងសៀមរាប។ការរៀបចំនេះ គឺបន្ថែមលើបង្គោលសេវាបច្ចុប្បន្នដែលមាន១៤ទីតាំងក្នុងតំបន់អង្គរ ដើម្បីជំរុញការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ។
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប
លោក សុខ សីហា បន្ថែមថា ដើម្បីសម្រួលដល់ការប្រើសេវាអ៊ិនធឺណិតនេះដែរ ក្រសួងក៏បានរៀបចំបំពាក់ ឧបករណ៍ Wifi ដោយឥតគិតថ្លៃ ឬ Public Wifi ចំនួន៨បន្ថែមទៀត ដែលកន្លងមកមាន១៦ទីតាំងរួចហើយ នៅតំបន់អង្គរ និងក្រុងសៀមរាប។ លោកបញ្ជាក់ថា ក្នុងបង្គោលអង់តែន១បានបំពាក់ឧបករណ៍ Wifi ចំនួន៣ ដែលឧបករណ៍មួយអាចឱ្យអ្នកប្រើប្រាស់បានចំនួន ១០០នាក់។
ប្រធានមន្ទីរប្រៃសណីយ៍ខេត្តសៀមរាបបញ្ជាក់ថា ការរៀបចំនេះដើម្បីសម្រួលដល់ការប្រើប្រាស់ និងអនុញ្ញាតឱ្យសាធារណជន ទេសចរជាតិ និងអន្តរជាតិ មានលទ្ធភាពបង្ហោះរូបភាព និងវីដេអូ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឱ្យកាន់តែទូលំទូលាយ និងរហ័សទាន់ចិត្ត។
សាធារជនអាចប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃរបស់ក្រសួងប្រៃសណីយ៍បាន ដោយគ្រាន់តែស្វែងរកពាក្យ Public Wifi និងចុចពាក្យ Connect ជាការស្រេច ឬអាចស្កេន QR Code ដែលមានបំពាក់នៅតាមបង្គោលអ៊ិនធឹណិតស្រាប់។ លោក សុខ សីហា បញ្ជាក់ថា តំបន់សំខាន់ៗដែលមាន Public Wifi រួមមាននៅក្នុងបរិវេណអង្គរធំ បរិវេណអង្គរវត្តមាន និងក្រុងសៀមរាប៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
