ហេតុផល៣ ដែល Salah បន្តនៅ Liverpool បដិសេធសំណើរ ៦៥០លានដុល្លារ ពីក្លិបអារ៉ាប៊ីសាអូឌីត
  • ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
ហេតុផល៣ ដែល Salah បន្តនៅ Liverpool បដិសេធសំណើរ ៦៥០លានដុល្លារ ពីក្លិបអារ៉ាប៊ីសាអូឌីត

Mohamed Salah សុខចិត្តបដិសេធសំណើរផ្ទេរក្នុងម្លៃ ៦៥៤លានដុល្លារ ពីក្លិបនៃលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយយល់ព្រមបន្តកិច្ចសន្យាស្នាក់នៅ Liverpool ២ឆ្នាំបន្ថែមទៀត។ កើនប្រាក់ឈ្នួល ឥរិយាបថអ្នកគាំទ្រ និងបន្តកម្រិតប្រកួតប្រជែងខ្ពស់ ជាហេតុផលសំខាន់ ដែល Salah សុខចិត្តចោលប្រាក់ច្រើនកប់ពពក។
TTN-Free-Banner-In-Article-PC

នៅថ្ងៃទី១១ ខែមេសា ក្លិបហង្សក្រហម Liverpool និងខ្សែប្រយុទ្ធ Salah បានព្រមព្រៀងគ្នាបន្តកិច្ចសន្យារយៈពេល២ឆ្នាំ ពោលគឺមានសុពលភាពដល់ឆ្នាំ ២០២៧។ ក្នុងវ័យ៣២ឆ្នាំ មិនត្រឹមតែថយថ្លៃប្រាក់ឈ្នួលនោះទេ ប៉ុន្តែកីឡាករអន្តរជាតិអេហ្ស៊ីប ថែមទាំងកើនថ្លៃពលកម្មរហូតដល់ជាង ៥២ម៉ឺដុល្លារក្នុងមួយសប្តាហ៍ថែមទៀត។ 

បើតាមការផ្សាយរបស់កាសែត BBC ថ្លៃប្រាក់ឈ្នួលខ្ពស់ ជាហេតុផលមួយ ក្នុងចំណោមហេតុផល៣ ដែលជំរុញ Salah បន្តស្នាក់នៅ Anfield ២ឆ្នាំបន្ថែមទៀត បើទោះមានក្លិបអ្នកមាននៃលីគកំពូល Saudi Pro League ផ្តល់សំណើរផ្ទេររហូតដល់ ៦៥៤លានដុល្លារក៏ដោយ។

ច្រានចោលប្រាក់ច្រើនមហាសាល ដោយសារ Salah ចង់បន្ត​ការប្រកួតប្រជែង​ក្នុងលីគ Premier League ដែលជាលីគខ្ពស់លំដាប់ពិភពលោក។ ត្រង់ចំណុចនេះអតីតកីឡាករ AS Roma និង Chelsea  លើកឡើងថា ប្រសិនបើប្រាក់ពិតជាមានលក្ខខណ្ឌសំខាន់សម្រាប់រូបគេមែន នោះរូបគេនឹងចាកចេញពី Liverpool ទៅកាន់ Saudi Pro League បាត់ទៅហើយ។

ក្នុងរយៈពេលចុងក្រោយនេះ ក្លិបបាល់ទាត់អ្នកមាននៅមជ្ឈឹមបូព៌ា បានប្រមួលកីឡាករមានឈ្មោះល្បីពីតំបន់អឺរ៉ុបទៅពង្រឹងក្រុមរបស់ពួកគេ ដោយចំណាយប្រាក់ច្រើនកប់ពពក។ ក្នុងនោះមាន Cristiano Ronaldo, Karim Benzema, Sadio Mane និងជាច្រើនរូបផ្សេងទៀត។

ដោយឡែក ការជឿជាក់របស់អ្នកគាំទ្រ Liverpool ទៅលើ Salah ក៏ជាហេតុផលសំខាន់ដែលអាចទិញទឹកចិត្តកីឡាករ វ័យ ៣២ឆ្នាំ មិនឱ្យទៅណារួចផងដែរ។

នៅមុនពេលការបន្តកិច្ចសន្យាថ្មីរបស់ Salah នៅ Livrerpool មិនទាន់បង្ហាញផ្លូវការ មានពាក្យចចាមអារ៉ាមមួយចំនួនថារូបគេនឹងចាកចេញពីអង់គ្លេស ហើយព័ត៌មានខ្លះទៀតថាមិនទៅណាទេ។ ទោះមានព័ត៌មានផ្សាយពាក្យចចាមអារ៉ាមច្រើន ប៉ុន្តែអ្នកគាំទ្រហង្សក្រហម បានបង្ហាញការជឿជាក់លើកីឡាករអេហ្ស៊ីបរូបនេះថានឹងនៅបន្ត ហើយជាពិសេសនោះគ្មានអ្នកគាំទ្ររូបណាយល់ច្រលំ និងបង្ហាញការប្រមាថលើ Salah ឡើយ។

ទាំងអស់នេះហើយ ជាហេតុផលដែលធ្វើឱ្យ Salah សម្រេចចិត្តបន្តរួមរស់ជាមួយ Liverpool រហូតដល់ឆ្នាំ ២០២៧។

Salah បានផ្លាស់ពី Roma កាលពីឆ្នាំ ២០១៧ ដោយបង្ហាញខ្លួន ២៥១ប្រកួត និងស៊ុតបញ្ចូលទីឱ្យ Liverpool ចំនួន ១៨២គ្រាប់។ បន្ថែមកិច្ចសន្យា២ឆ្នាំ មានន័យថា Salah នឹងអាចនៅ Anfield មួយទសវត្សរ៍៕

 

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ