បណ្ណកម្មសិទ្ធិដីធ្លីជិត៤ម៉ឺនត្រូវបានចែកដល់ពលរដ្ឋក្នុងក្រុង-ស្រុកចំនួន៦ក្នុងខេត្តសៀមរាប
  • ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
បណ្ណកម្មសិទ្ធិដីធ្លីជិត៤ម៉ឺនត្រូវបានចែកដល់ពលរដ្ឋក្នុងក្រុង-ស្រុកចំនួន៦ក្នុងខេត្តសៀមរាប
ពលរដ្ឋមកទទួលបណ្ណកម្មសិទ្ធិដីធ្លី

សៀមរាប៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដី) ជិត៤ម៉ឺនបណ្ណ ត្រូវបានរដ្ឋបាលខេត្តសៀមរាប​រៀបចំពិធីចែកជូនពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន៦។
TTN-Free-Banner-In-Article-PC

អភិបាលខេត្តសៀមរាបលោក ប្រាក់ សោភ័ណ ក្នុងពិធីបិទបញ្ចប់ការងារវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន  ៣៨ ៦៦៧ បណ្ណ  ដែលចែកនៅពេលនេះ រួមមាននៅក្នុងក្រុងសៀមរាប ស្រុកប្រាសាទបាគង សូទ្រនិគម ជីក្រែង ពួក និងស្រីស្នំ។ លោកបន្តថា ការចុះបញ្ជីដីធ្លី បានផ្តល់សារប្រយោជន៍ទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់កម្មសិទ្ធិករជារដ្ឋក្តី រូបវន្តបុគ្គលក្តី និងនីតិបុគ្គលក្តី ក្នុងនោះរដ្ឋមានភាពងាយស្រួលក្នុងការរៀបចំ ដែនដីរដ្ឋបាល ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយទំនាស់ដីធ្លី។ 

លោក ប្រាក់ សោភ័ណ បន្ថែមថា ក្នុងនោះដែរវាបានធានាពីសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី​របស់ប្រជាពលរដ្ឋ ហើយពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីធ្លីពិតប្រាកដ ដែលទទួលបានការ​ការពារដោយច្បាប់ និងធានាដោយរដ្ឋ។ លើសពីនេះ ពលរដ្ឋជាម្ចាស់កម្មសិទ្ធិ ក៏អាចប្រើប្រាស់​បណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបរបរ ឬអាជីវកម្មរបស់ខ្លួនផងដែរ។

ថ្លែងក្នុងពិធីខាងលើនៅព្រឹកថ្ងៃទី១២ មេសា នៅសណ្ឋាគារសុខាសៀមរាប សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប កោតសរសើរចំពោះគោលនយោបាយដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាល ក៏ដូចជាលោក សាយ សំអាល់ ជារដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលខិតខំប្រឹងប្រែង ក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តសៀមរាបឱ្យបានលទ្ធផលជោគជ័យ។ 


សម្ដេច ទៀ បាញ់ ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ

សម្ដេច ទៀ បាញ់ បានសង្ឃឹមថា ពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ នឹងប្រើប្រាស់ឱ្យបានជា​ប្រយោជន៍​​សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គម។ សម្ដេចបន្ថែមថា៖« ការបញ្ចប់ការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ពិតជាបានរួមចំណែកជំរុញតម្លៃសេដ្ឋកិច្ចលើដីធ្លីរបស់បងប្អូនឱ្យមាន​ការកើនឡើងកាន់តែខ្លាំងថែមទៀត ហើយអ្នកវិនិយោគក៏មានជំនឿទុកចិត្តខ្ពស់ផងដែរ ពាក់ព័ន្ធនឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី…»។

តាមរបាយការណ៍របស់លោក ប្រាក់ សោភ័ណ ក្រៅពីការចុះបញ្ជីដីធ្លី ក្នុងនោះក្រោមការដឹកនាំរបស់​ក្រសួងរៀបចំដែនដី និងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានដោះស្រាយ និងឯកភាពគ្នារហូតដល់ការចេញបណ្ណបានចំនួន ៤ ៤២៣ ក្បាលដី និងគ្រោងបន្តផ្តល់បណ្ណលើកទី២ ចំនួន ២ ១២០ ក្បាលដីបន្ថែម។ បាននិងកំពុង រៀបចំផែនការប្រើប្រាស់ដី តំបន់រមណីយដ្ឋានអង្គរ ទាំង១១៤ភូមិជាដើម។ល៕



 


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ