សហគមន៍ភូមិព្រះដាក់ យកស្ករត្នោតទាក់ទាញទេសចរក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
- ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:២០ នាទី ល្ងាច

សៀមរាប៖ សហគមន៍ភូមិព្រះដាក់ បាននាំយកស្ករត្នោត និងស្ករផែន មកលក់នៅភូមិត្នោតខាងមុខប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ លោក ពេជ្រ ជៀប តំណាងសហគមន៍ភូមិព្រះដាក់ បានឱ្យដឹងថា ក្រៅពីមានការដាក់លក់ស្ករត្នោត សហគមន៍ក៏បានធ្វើស្ករត្នោត ដើម្បីតាំងបង្ហាញ និងឱ្យភ្ញៀវទេសចរបានភ្លក់ស្ករត្នោត ដែលធ្វើរួចភ្លាមៗទៀតផង។ បើតាម លោក ជៀប នៅថ្ងៃទីពីរនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ភ្ញៀវទេសចរជាច្រើន បានចាប់អារម្មណ៍នឹងស្ករត្នោតរបស់សហគមន៍ភូមិព្រះដាក់។ ស្ករផែនរបស់សហគមន៍ភូមិព្រះដាក់ មានតម្លៃ ១ពាន់រៀលក្នុងមួយដុំ និងស្ករត្នោត មានតម្លៃ១០០០-២០០០រៀលក្នុងមួយកំប៉ុង។

គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប។
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com