- ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:០០ នាទី ព្រឹក

ភ្នំពេញ៖ «សង្រ្កាន្តវត្តភ្នំ» បានស្រូបទាញទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនាពេលរសៀល និងល្ងាច។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមេសា «សង្រ្កាន្តវត្តភ្នំ» មានទេសចរ និងពលរដ្ឋកម្សាន្តចំនួន ១លាន២៨ម៉ឺននាក់។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រាជធានីភ្នំពេញ មិនមានសភាពស្ងប់ស្ងាត់ឡើយ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានមកប្រមូលផ្ដុំគ្នានៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដែលជាទីរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តវត្តភ្នំ»។
ពលរដ្ឋ និងទេសចរខ្លះ មកផ្ដិតរូបភាព ខ្លះចូលរួមលេងល្បែងប្រជាប្រិយ និងខ្លះទៀតមកលេងនៅតំបន់ត្រជាក់ចិត្ត ដែលមានលេងបាញ់ទឹក និងប៉ាតម្សៅជាដើម។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ មេសា ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ មានទេសចរមកកម្សាន្តសង្រ្កាន្តវត្តភ្នំ ចំនួន ៤៨ម៉ឺននាក់។ ដោយឡែក ថ្ងៃទី១៥ មេសា ទេសចរបានកើនដល់៨០ម៉ឺននាក់។
ពាក់ព័ន្ធនឹងកំណើនពលរដ្ឋ និងទេសចរនេះ លោកស្រី ដោ សម្ផស្ស បញ្ជាក់ដូច្នេះ៖«ប្រជាពលរដ្ឋជាតិ និងភ្ញៀវអន្តរជាតិ មកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ យោគយល់គ្នា ហើយអ្វីដែលសង្កេតឃើញគឺភ្ញៀវបរទេសច្រើន ឆ្នាំនេះហើយពួកគាត់មកលេងសប្បាយជុំគ្រួសារ និងមិត្តភក្ដិគាត់ ជាមួយបងប្អូនប្រជាពលរដ្ឋយើង»។
បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ រសៀលនេះ នឹងមានកម្មវិធីដង្ហែព្រះពុទ្ធរូបពីវត្តឧណ្ណាលោម មកវត្តភ្នំ ដែលក្បួនហែ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ» មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលសមត្ថកិច្ច និងអាជ្ញាធរអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
