- ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៣០ នាទី ល្ងាច

ភ្នំពេញ៖ តាមរយៈវីដេអូខ្លី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះវត្តមានលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៧-១៨ ខែមេសា។ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់កម្ពុជា គឺស្ដែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្រ្ត និងយូរអង្វែង ដែលប្រទេសទាំងពីរ បានពង្រឹង និងពង្រីកទំនាក់ទំនងឥតឈប់ឈរ។ បើតាមសម្ដេចប្រមុខរដ្ឋាបាលកម្ពុជា ក្នុងអំឡុងពេល៦៧ឆ្នាំមកនេះ កម្ពុជា-ចិន បានបង្កើតកិច្ចសហប្រតិបត្តិស្ទើរគ្រប់វិស័យ ជា ពិសេសលើវិនិយោគ ទេសចរណ៍។
ក្នុងវីដេអូថ្លែងសុន្ទរកថាស្វាគមន៍ សម្ដេចនាយករដ្ឋមន្រ្តី បានរំឭកពីទំនាក់ទំនងកម្ពុជា-ចិន តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ រហូតដល់ជំនាន់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជំនាន់រដ្ឋាភិបាលបច្ចុប្បន្ន។ លើសពីនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងនាពេលបច្ចុប្បន្ន ដែលឈានដល់កម្រិតខ្ពស់បំផុត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
«ប្រទេសយើងទាំងពីរ កំពុងរួមគ្នា បង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត។
សម្ដេច បន្តថា ចំពោះកម្ពុជា មិត្តចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ សម្ដេច មើលឃើញថា ភាពជាដៃគូរវាងកម្ពុជា-ចិន ក៏ជាផ្នែកមួយជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បង្ហាញក្ដីរីករាយចំពោះការចូលរួមពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជនរបស់ប្រទេសទាំងពីរ។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ។
សូមបញ្ជាក់ថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
