លោក ត្រាំ ៖ ការចរចារពន្ធជាមួយជប៉ុន រីកចម្រើនខ្លាំង
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២០ នាទី រសៀល
លោក ត្រាំ ៖ ការចរចារពន្ធជាមួយជប៉ុន រីកចម្រើនខ្លាំង
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ រូបភាព ៖ AFP

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំបឋមជាមួយមន្ត្រីពាណិជ្ជកម្មជប៉ុន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលចាប់ផ្តើមការចរចាពន្ធជាមួយអាម៉េរិក។ ជប៉ុន ​ជា​ប្រទេស​ដំបូង​គេ​ដែល​ផ្តើម​ការ​ចរចា​ជា​ផ្លូវ​ការ​ជាមួយ​អាម៉េរិក។ នេះ​នឹង​ជា​ការ​សាកល្បង​ដំបូង​នៃ​ឆន្ទៈ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​សម្រុះសម្រួល​លើ​ពន្ធ​នាំចូល។

TTN-Free-Banner-In-Article-PC

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៦ ខែមេសា បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា ៖« វាជាកិត្តិយសណាស់ដែលបានជួបជាមួយគណៈប្រតិភូពាណិជ្ជកម្មជប៉ុន។ វឌ្ឍនភាពដ៏អស្ចារ្យត្រូវបានបង្កើតឡើង»។ ទោះ​យ៉ាង​ណា លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ការ​សន្ទនា​នោះ​ទេ។

ការ​បង្ហាញ​ខ្លួន​របស់​លោក ត្រាំ នៅ​ក្នុង​កិច្ច​ប្រជុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ ប្រភព Reuters បាននិយាយថា កាលពីមុនទីក្រុងតូក្យូមិនរំពឹងថាប្រធានាធិបតីអាម៉េរិកនឹងចូលរួមដោយផ្ទាល់នៅក្នុងការសន្ទនាបឋមនេះទេ។ ក្រៅពីលោកប្រធានាធិបតី ត្រាំ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Howard Lutnick ក៏បានចូលរួមកិច្ចប្រជុំផងដែរ។

ឆ្លើយ​តប​នឹង​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុនលោក Ryosei Akazawa ដែល​ជា​ប្រធាន​គណៈប្រតិភូ​ចរចា​លើក​នេះ ក៏​មិន​បាន​បង្ហាញ​ព័ត៌មាន​ច្រើន​ដែរ។ លោកគ្រាន់តែបញ្ជាក់ថា ភាគីទាំងពីរបានយល់ព្រមឲ្យមានកិច្ចប្រជុំមួយផ្សេងទៀតនៅក្នុងខែនេះ ហើយលោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន«ឥឡូវនេះជាអាទិភាពកំពូល»។

ជប៉ុនក៏បានកំណត់វិសាលភាពនៃការពិភាក្សាលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគផងដែរ។ ភាគីទាំងពីរមិនបាននិយាយអំពីបញ្ហាអត្រាប្តូរប្រាក់ទេ។ រដ្ឋបាល ត្រាំ ជារឿយៗត្អូញត្អែរថា ជប៉ុន និងប្រទេសដទៃទៀត គឺទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេ ដើម្បីទទួលបានអត្ថប្រយោជន៍នាំចេញ។ ប៉ុន្តែ ទីក្រុងតូក្យូតែងតែបដិសេធរឿងនេះ។

មុននេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីជើរូ អ៊ីស៊ីបា បាននិយាយថា លោកមិនប្រញាប់ប្រញាល់ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយអាម៉េរិកទេ ហើយនឹងមិនធ្វើសម្បទានច្រើននោះដែរ។ លោកបាននិយាយថា «ពិតណាស់ ការចរចានឹងមិនងាយស្រួលនោះទេ។ ប៉ុន្តែលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ពីអាទិភាពរបស់លោកក្នុងការចរចាជាមួយជប៉ុន»។

ពន្ធ​​ទៅមក (Reciprocal tariff) ​ដែល​អាម៉េរិក​ដាក់​លើ​ជប៉ុន​គឺ ២៤ភាគរយ។ ទោះបីជាពន្ធត្រូវបានពន្យារពេលរយៈពេល ៩០ថ្ងៃ ក៏ប្រទេសនានានៅតែទទួលរងនូវពន្ធ ១០ភាគរយជាមូលដ្ឋាន។ លើសពីនេះ ដូចជាប្រទេសដទៃទៀត រថយន្តជប៉ុនត្រូវបង់ពន្ធ ២៥ភាគរយនៅពេលលក់ទៅអាម៉េរិក។ នេះ​ជា​ផលិតផល​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​លើ​ការ​នាំ​ចេញ​ដូច​ជា​ប្រទេស​ជប៉ុន។

លោក Bessent បាននិយាយថា ប្រទេសជាង ៧៥ បានស្នើរការចរចាចាប់តាំងពីលោក ត្រាំ បានប្រកាសពន្ធគយទៅវិញទៅមកកាលពីដើមខែនេះ។ នៅថ្ងៃទី១៧ ខែមេសា នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នឹងធ្វើទស្សនកិច្ចនៅសេតវិមាន ដើម្បីពិភាក្សាអំពីពន្ធនាំចូលរបស់អាម៉េរិកជាមួយសហភាពអឺរ៉ុប (EU)។ ជាមួយ​គ្នា​នេះ លោក Bessent ក៏​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េ​ខាង​ត្បូង​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយដែរ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង