ឯកសារនៃសហប្រតិបត្តិការចំនួន៣៧ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី
- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:០៥ នាទី ព្រឹក

កម្ពុជា-ចិន បានអបអរសាទរចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់លោកប្រធានាធិបតី ស៊ី ជីនភីង នៅកម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសានេះ ដោយមានការចុះហត្ថលេខាលើឯកសារកិច្ចសហ ប្រតិបត្តិការចំនួន៣៧។ ចំនួនទាំងនេះ មិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចនោះឡើយ។ ក្នុងទស្សនកិច្ចនេះដែរ លោក ស៊ី បានចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី និងបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

«មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥត ងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ»។ នេះជាបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចិន នៅកម្ពុជា។
ស្របពេលជាមួយគ្នា ដំណើរទស្សនកិច្ចពីនេះ ត្រូវបានវាយតម្លៃថា ជាការបន្ថែមសន្ទុះ ថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ ភាគីទាំងពីរប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងពីការតាំងចិត្ត និងប្រឹងប្រែងរួមគ្នាលើកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការពង្រឹងសន្តិសុខមនុស្សជាតិ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ផ្នែកនយោបាយ ភាគីកម្ពុជា បញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ ទុកថាតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន ហើយប្រឆាំងចំពោះ ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការ ផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។
ជាមួយគ្នានេះ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេស មួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជក ម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម។
ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុង ជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
ចំពោះវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរសន្យាបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំង ការហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែ លម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។
ភាគីចិនកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុស ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ល្បែងឆ្លងដែន ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។
ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរ ប្តេជ្ញាពង្រឹងការការពារបរិស្ថាន ដោយជំរុញកិច្ចសហការ ថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិន សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឧបករណ៍បោសសម្អាតមីន ដើម្បីជួយកម្ពុជាឱ្យសម្រេច គោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។
ភាគីទាំងពីរក៏បានពិភាក្សា និងប្តេជ្ញារួមផងដែរអំពីកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅផ្នែកឱសថបុរាណ ការគ្រប់គ្រងវេជ្ជសាស្ត្រ, ការលើកទឹកចិត្តពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ, ការលើកកម្ពស់ការ ផ្សព្វផ្សាយគោលដៅទេសចរណ៍, សុវត្ថិភាពទេសចរណ៍, កិច្ចប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត, ការបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការយុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង សកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។
ភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់លោកប្រធានាធិបតី ស៊ី ជីនភីង ដែលមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រ ថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែក៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com