«គម្រោង​គ្រប់គ្រងធនធានទឹក​ចម្រុះហ្វូណនតេជោ» បោះជំហានទៅមុខ តាមរយៈកិច្ចព្រមព្រៀង និងកិច្ច​សន្យាចំនួន​៥
  • ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
«គម្រោង​គ្រប់គ្រងធនធានទឹក​ចម្រុះហ្វូណនតេជោ» បោះជំហានទៅមុខ តាមរយៈកិច្ចព្រមព្រៀង និងកិច្ច​សន្យាចំនួន​៥

កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន៥ច្បាប់ ពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា រវាង​តំណាងរដ្ឋាភិបាល​កម្ពុជា ជាមួយ​ភាគីក្រុមហ៊ុន​ចិន នៅក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា។

TTN-Free-Banner-In-Article-PC
 

កិច្ច​ព្រម​ព្រៀង និងកិច្ចសន្យាទាំង​៥ ពាក់ព័ន្ធ​នឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មាន​ កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយ​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ ទទួល​បាន​សិទ្ធប្រទាន​ធ្វើ​ជាតំណាងភាគីកម្ពុជា ក្នុងការចុះហត្ថលេខា​ជាមួយ​លោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ។

កិច្ចព្រម​ព្រៀងម្ចាស់ភាគហ៊ុន, កិច្ច​ព្រម​ព្រៀង​វិនិយោគ, កិច្ច​សន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និងកិច្ចសន្យាប្រតិបត្តិការ និងការថែទាំ ក៏ត្រូវបាន​ចុះហត្ថលេខាជាបន្ត​បន្ទាប់​ផងដែរ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ, ព្រម​ទាំង​សមាជិកនៃអនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC, ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលអនុវត្តតាម​ការ​សម្រេច​រវាង​ប្រមុខ​ដឹកនាំនៃ​ប្រទេសទាំងពីរ កម្ពុជា-ចិន។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។ 

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ 

កម្ពុជារំពឹង​ថា ពេល​គម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹង​ចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម