- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោកស ស៊ី ជិនភីង នៅកម្ពុជារយៈពេល ២ថ្ងៃ ភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។ ទន្ទឹមនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានលើកទឹកចិត្តឲ្យប្រជាជនធ្វើដំណើរកម្សាន្តទៅមក។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង រយៈពេល ២ថ្ងៃនៅកម្ពុជា ឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ។ ក្នុងនោះ លោក ស៊ី បានឯកភាពកំណត់កំណត់យកឆ្នាំ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។
បន្ថែមពីនេះ កម្ពុជា និងចិនក៏លើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។
នៅឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសប្រមាណ ៦,៧លាននាក់ ក្នុងនោះទេសចរចិនមានប្រមាណ ៨៤ម៉ឺននាក់។ ចំណែក រយៈពេល ២ខែដើមឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវបរទសចំនួន ១,២៦លាននាក់ ខណៈភ្ញៀវចិនមានជាង ១៨ម៉ឺននាក់ ឈរពីក្រោយភ្ញៀវថៃ និងវៀតណាម។ នេះបើតាមស្ថិតិពីក្រសួងទេសចរណ៍។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែមេសា កម្ពុជាបានកត់ត្រាភ្ញៀវអន្តរជាតិសរុបចំនួន ១១៥ ០៩០នាក់ ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំប្រពៃណីរយៈពេល ៣ថ្ងៃ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
