- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:២៩ នាទី រសៀល

សៀមរាប៖ ខេត្តសៀមរាប ឈរនៅលំដាប់ទី២ ជាខេត្តមានទេសចរដើរកម្សាន្តច្រើនជាងគេ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី២០២៥ រយៈពេល៣ថ្ងៃ បន្ទាប់រាជធានីភ្នំពេញ។ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ទេសចរ និងពលរដ្ឋជាង ២,៧៥លាននាក់ បានដើរលេងកម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ នេះបើតាមរបាយការណ៍ទេសចរណ៍ពី រដ្ឋបាលខេត្តសៀមរាប។
ប្រភពដដែលបានបង្ហាញថា ក្នុងចំណោមទេសចរទាំងជិត៣លាននាក់នោះ មានទេសចរជាតិ និងពលរដ្ឋក្នុងខេត្តប្រមាណ ២ ៧៤០ ០០០នាក់។ ចំណែក ទេសចរបរទេស មានប្រមាណ ១២ ៨១៨នាក់។
ទេសចរនាំគ្នាលេងកម្សាន្តនៅមុខផ្លូវចូលប្រាសាទអង្គរវត្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
បើតាមស្ថិតិទេសចរណ៍របស់ក្រសួងទេសចរណ៍ ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តសៀមរាបទទួលទេសចរជាតិ និងពលរដ្ឋបានជាង ៧,៩សែននាក់ ក្នុងនោះទេសចរបរទេសមានជាង៤,៥ពាន់នាក់។ ចំណែក ថ្ងៃទី២វិញ មានទេសចរជាតិ និងពលរដ្ឋ ជាង ១,១លាននាក់ ក្នុងនោះ មានទេសចរបរទេសជាង ៤,២ពាន់នាក់។ រីឯថ្ងៃទី៣ នៃអង្គរសង្ក្រាន្ត គឺមានទេសចរជាតិ និងពលរដ្ឋជាង ៨សែននាក់ ក្នុងនោះបរទេសជាង ៤ពាន់នាក់ ផងដែរ។
គួរជម្រាបដែរថា រាជធានីភ្នំពេញនាំមុខគេ ដែលមានទេសចរ និងពលរដ្ឋ ដើរលេងកម្សាន្តច្រើនជាងគេរហូតដល់ជាង ២,៨៦លាននាក់។ បន្ទាប់មក គឺសៀមរាប ខណៈខេត្តកំពង់ចាម ឈរនៅលំដាប់ទី៣ ដែលមានទេសចរជាង ២,៧៤ លាននាក់, ខេត្តព្រៃវែង ជាប់លេខ៤ មានទេសចរជាង ២,៣៩លាននាក់ និងទី៥ ខេត្តបាត់ដំបងមានជាង ១,៧៤លាននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មកនេះ៕

ទេសចរពិសេសយុវជននាំគ្នាមកលេងទឹក និងម្សៅ នៅជុំវិញតំបន់ផាប់ស្ទ្រីត ពេលរាត្រីចូលឆ្នាំ។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
អ្នកសរសេរអត្ថបទ
