មន្រ្តីអាម៉េរិកចង់ដាក់ពន្ធបន្ថែម ១០០ភាគរយ លើផលិតផលចិនជាច្រើន
  • ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
មន្រ្តីអាម៉េរិកចង់ដាក់ពន្ធបន្ថែម ១០០ភាគរយ លើផលិតផលចិនជាច្រើន
កំពង់ផែមួយកន្លែងនៅខេត្ត Guangdong ។ រូបភាព ៖ Xinhua

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានស្នើឱ្យដាក់ពន្ធបន្ថែម ១០០ភាគរយ លើឧបករណ៍សមុទ្រជាច្រើនប្រភេទដែលផលិតនៅចិន ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងពេកលើប្រទេសសេដ្ឋកិច្ចធំទីពីរនេះ។

TTN-Free-Banner-In-Article-PC

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនលើសកម្មភាព និងគោលនយោបាយរបស់ចិនក្នុងវិស័យដែនសមុទ្រ ភស្តុភារ និងការកសាងនាវា។ ដូច្នេះ ទីភ្នាក់ងារនេះយល់ថា គោលបំណងរបស់ចិនក្នុងការគ្រប់គ្រងវិស័យទាំងនេះគឺ«មិនសមហេតុផល» ហើយកំពុងដាក់សម្ពាធលើសកម្មភាពពាណិជ្ជកម្មរបស់អាម៉េរិក។

បើតាម USTR ទីក្រុងប៉េកាំងបានគ្រប់គ្រងការផលិតជាសាកលនៃរថយន្តស្ទូច, តួរថយន្តកុងតឺន័រ និងផលិតផលផ្សេងៗទៀត។ ការពឹងផ្អែកខ្លាំងពេកនឹងបង្កឱ្យមានហានិភ័យជាច្រើន។ ជាឧទាហរណ៍ ចិនអាចរៀបចំការផ្គត់ផ្គង់សមាសធាតុ ឬសម្ភារចាំបាច់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្ររបស់អាម៉េរិក។

ត្រង់ចំណុចនេះ USTR បានស្នើឱ្យដាក់ពន្ធនាំចូលបន្ថែមរហូតដល់ ១០០ភាគរយ លើរថយន្តស្ទូច ដែលត្រូវបានផលិត ផ្គុំ ឬបង្កើតដោយសមាសធាតុដែលមានប្រភពមកពីចិន ឬផលិតនៅក្នុងប្រទេសមួយផ្សេងទៀត ប៉ុន្តែជាកម្មសិទ្ធិរបស់សហគ្រាសចិន។ ពន្ធអតិបរមា ១០០ភាគរយក៏អនុវត្តចំពោះកុងតឺន័រ និងឧបករណ៍ដឹកជញ្ជូនទំនិញមួយចំនួនដែលមានប្រភពមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកនេះដែរ។

ចាប់ពីថ្ងៃទី១៧ ខែមេសា ទីភ្នាក់ងារនេះនឹងស្វែងរកមតិសាធារណៈលើសំណើទាំងនេះ។ ពួកគេនឹងបើកការពិភាក្សាលើវិធានការពន្ធដែលបានស្នើឡើង។

នៅក្នុងរបាយការណ៍ USTR ក៏បានស្នើថ្លៃសេវាថ្មីដែលអនុវត្តចំពោះកប៉ាល់ដែលគ្រប់គ្រង ឬផលិតដោយអាជីវកម្ម ឬបុគ្គលចិននៅពេលចូល និងចាកចេញពីកំពង់ផែអាម៉េរិក។ សម្រាប់រយៈពេល ១៨០ថ្ងៃដំបូង ចាប់ពីថ្ងៃទី១៧ ខែមេសា តម្លៃគឺ ០ ដុល្លារ។ បន្ទាប់មក យោងតាមផែនការ ថ្លៃសេវានេះនឹងកើនឡើងចន្លោះពី ៥០-១៤០ដុល្លារក្នុងមួយតោនសម្រាប់កប៉ាល់ជាម្ចាស់កម្មសិទ្ធជនជាតិចិន និងចន្លោះ ១៨-៣៣ដុល្លារក្នុងមួយតោនសម្រាប់កប៉ាល់ផលិតនៅចិន។

បច្ចុប្បន្ននេះ ពន្ធសរុបដែលបានប្រកាសលើប្រទេសចិនអំឡុងពេលអាណត្តិទីពីររបស់លោក ត្រាំ គឺ ១៤៥ភាគរយលើទំនិញចិនទាំងអស់។ សម្រាប់ផលិតផលមួយចំនួន អត្រាពន្ធ អាចមានដល់ទៅ ២៤៥ភាគរយ។ នេះតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីថ្ងៃទី ១៥ ខែមេសា។ ចិនក៏បានឆ្លើយតបជាច្រើនដែរ ដោយដំឡើងពន្ធបន្ថែមលើទំនិញអាម៉េរិកដល់ ១២៥ភាគរយ ដោយដាក់ក្រុមហ៊ុនអាម៉េរិកជាច្រើននៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញ និងរឹតបន្តឹងការលក់សារធាតុរ៉ែសំខាន់ៗជាច្រើននៅបរទេស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី១៧ ខែមេសា លោក ត្រាំ បានថ្លែងថា លោកកំពុង«ផ្លាស់ប្តូរយោបល់ជាមួយចិន»អំពីពន្ធនាំចូល។ លោកក៏បានបង្ហាញផងដែរថា ទីក្រុងប៉េកាំងបានទាក់ទងច្រើនដង ហើយថាកិច្ចចរចាធ្វើឡើងចាប់តាំងពីលោកបានដំឡើងពន្ធលើទំនិញចិនទាំងអស់ដល់ ១៤៥ភាគរយ។ លោក ត្រាំ ជឿជាក់ថា អាម៉េរិកនឹងឈានដល់កិច្ចព្រមព្រៀងដ៏ល្អជាមួយចិន៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង