- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ពលរដ្ឋក្នុងភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានតវ៉ាបិទផ្លូវ មិនឱ្យក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មបូមខ្សាច់ ចូលទៅតំបន់ដែលអាជ្ញាធរបានអនុញ្ញាត។ ជុំវិញការតវ៉ានេះ រដ្ឋបាលស្រុកព្រៃកប្បាសចេញសេចក្តីបំភ្លឺ ជុំវិញ នីតិវិធីនៃការផ្តល់អាជ្ញាបណ្ណបូមខ្សាច់នេះ និងការសម្របសម្រួលរវាងអាជ្ញាធរ និងពលរដ្ឋ នៅតំបន់នោះ។
តាមរយៈសេចក្តីបំភ្លឺ ចុះថ្ងៃទី១៧ ខែមេសា រដ្ឋបាលស្រុកព្រៃកប្បាស បញ្ជាក់ថា ក្រោយពលរដ្ឋតវ៉ា អភិបាលស្រុក បានចាត់ឱ្យលោក ទ្រី មករា អភិបាលរងស្រុក ចុះពិនិត្យ សម្របសម្រួល និងបានដឹងថាការណ៍ដែលពលរដ្ឋ តវ៉ាព្រោះពួកគេបារម្ភខ្លាច
មានការច្រោះ បាក់ស្រុតដីដល់ក្រោមផ្ទះគាត់ក្នុងភូមិបាក់ស្រុតដី និងខ្លាចដាច់ប្រភពទឹកប្រើប្រាស់ និងខ្លាចបាក់ផ្លូវ ចេញចូលនៅជិតទីតាំងនេះ។
យ៉ាងណាក្ដី រដ្ឋបាលស្រុកព្រៃកប្បាស អះអាងបែបនេះ៖ «មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តតាកែវ មុននឹងចេញអាជ្ញាប័ណ្ណមន្ទីររ៉ែ និងថាមពលខេត្ត បានចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំង ដោយបានគិតពីការរងផលប៉ះពាល់ ដែលនៅជុំវិញនោះរួចរាល់ មិនមានករណីបាក់ស្រុតដូចការព្រួយបារម្ភឡើយ»។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកសង្កត់ធ្ងន់ថា មិនមានករណីដាច់ប្រភពទឹកអណ្ដូង ដែលបណ្ដាញមកពីការបូមខ្សាច់ឡើយ ព្រោះនីវ៉ូទឹកអណ្ដូងស្មើគ្នា ហើយទឹកជ្រាបតាមខ្សាចមិនបាននោះទេ។ រីឯ អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់នេះ មានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
ចំពោះ ទីតាំងសម្រាប់បូមខ្សាច់ មានទំហំ៥០ម៉ែត្រ គុណ៦០ម៉ែត្រ ឬស្មើ៣ពាន់ម៉ែត្រការ៉េ។ ទីតាំងបូមខ្សាច់ មានចំងាយពីផ្ទះពលរដ្ឋប្រមាណ២០០ម៉ែត្រ។
សូមជម្រាបថា កាលពីថ្ងៃទី១៤មីនា ឆ្នាំ២០២៥ មន្ត្រីជំនាញមន្ទីររ៉ែនិងថាមពលខេត្ត បានចុះពិនិត្យ និងវាយតម្លៃទីតាំងខាងលើ មុនសម្រេចចេញអាជ្ញាប័ណ្ណបូមខ្សាច់ ហើយក៏មានពលរដ្ឋប្រមាណ៥០នាក់ដែរ នៅសាលាឃុំចារ។ កាលនោះ ពួកគេ សំណូមពរ២ចំណុច គឺនៅពេលចេញអាជ្ញាប័ណ្ណហើយ ត្រូវបង្ហាញឱ្យពលរដ្ឋដឹង និងទី២ គឺធ្វើកិច្ចសន្យាសងសំណងដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ នៅពេលដំណើរការបូមខ្សាច់៕
អ្នកសរសេរអត្ថបទ
