La Liga នឹងចូលរួម Premier League ទទួលបាន ៥កៅអីទៅ UCL ​រដូវកាលក្រោយ
  • ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:១៩ នាទី ព្រឹក
La Liga នឹងចូលរួម Premier League ទទួលបាន ៥កៅអីទៅ UCL ​រដូវកាលក្រោយ

ក្របខណ្ឌ La Liga នឹងចូលរួមជាមួយក្របខណ្ឌ Premier League ដោយនឹងមានក្រុមយ៉ាងហោចណាស់ចំនួន ៥ ត្រូវចូលរួមប្រកួតក្នុងពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២៦ បន្ទាប់ពីទទួលបានកូតាកៅអីបន្ថែមចំនួន ១ ពីការបង្ហាញទម្រង់លេងល្អ ក្នុងពានរង្វាន់អឺរ៉ុបទាំង ៣កម្រិត។
TTN-Free-Banner-In-Article-PC

តាមប្រព័ន្ធការប្រកួតពានរង្វាន់ក្លិបតំបន់អឺរ៉ុបទាំង៣ របស់ UEFA ចាប់តាំងដំឡើងពីចំនួន ៣២ ទៅ ៣៦ក្រុម លីគកំពូលចំនួន​ ២ នឹងត្រូវផ្តល់កូតាកៅអីសម្រាប់ក្រុមរបស់ពួកគេចំនួន ១បន្ថែមទៀត ស្របតាមគោលការណ៍ European Performance Spot (EPS) ​ដែលត្រូវបានប្រកាសតាំងពីរដូវកាលមុនមក។

​ក្លិបមកពីអង់គ្លេសនៅពានអឺរ៉ុបរដូវកាលនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយមកដល់វគ្គសំខាន់ៗ សុទ្ធសឹងតែមានក្រុមមកពីអង់គ្លេសឡើងមកដល់ទាំងនៅ UEFA Champions League, Europa League និង Conference League។ ​Premier League ទទួលបានកូតាកៅអីចំនួន ៥ នៅ UCL តាំងពីថ្ងៃទី៨ មេសា ចំណែកលីគកំពូលអេស្ប៉ាញ ទទួលបានកៅអីបន្ថែម ក្រោយក្រុម Bodo/Glimt ទម្លាក់ Lazio របស់អ៊ីតាលីពីពាន Europa League ប៉ុន្តែ Athletic Bilbao របស់អេស្ប៉ាញទម្លាក់ Rangers ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នេះបានន័យថា ក្រុមទទួលបានចំណាត់ថ្នាក់លេខ ៥ នៅ Premier League និងអេស្ប៉ាញ ក្នុងរដូវកាលនេះ នឹងឈ្នះកៅអី ទៅកាន់ការប្រកួតពានរង្វាន់ UCL រដូវកាល ២០២៥-២៦។​

បច្ចុប្បន្ន Manchester City កំពុងស្ថិតនៅលេខ ៥ រកបានចំនួន ៥៥ពិន្ទុ ក្នុងតារាងលីគកំពូលអង់គ្លេស ឈរពីក្រោមក្រុមលេខ ៤ Nottingham Forest មាន ៥៧ពិន្ទុ, Newcastle United លេខ ៣ មាន ៥៩ពិន្ទុ, Arsenal លេខ ២ មាន ៦៣ពិន្ទុ ហើយ Liverpool កំពូលតារាង មាន ៧៦ពិន្ទុ។ Chelsea និង Aston Villa កំពុងប្រជែងគ្នាទាំងកៅអី Europa League និងកៅអី UCL យ៉ាងប្រទាញប្រទង់។

នៅ La Liga បច្ចុប្បន្ន ៤ក្រុម កំពុងឈរនៅកំពូលតារាងរួមមាន Barcelona, Real Madrid, Atletico Madrid និង Athletic Bilbao ខណៈក្រុមលេខ ៥ គឺ Villarreal ហើយ នៅលេខ ៦ Real Betis ដែលកំពុងមានសង្ឃឹម និងអាចឱកាសឈ្នះកៅអី UCL រដូវកាលក្រោយ។

នៅរដូវកាលក្រោយ ​Premier League អាចនឹងមានចំនួន ៦ កៅអី សម្រាប់ការប្រកួតក្នុង UCL ដោយរួមមានក្រុមកំពូលទាំង ៤ ប្រចាំលីគកំពូល ក្រុមលេខ ៥ ទទួលបានកៅអីតាមកូតា (EPS) និងប្រសិនបើរវាង Manchester United ឬ Tottenham Hotspur ឈ្នះពាន Europa League។ 

ក្លិបមកពី Premier League អាចនឹងមានក្រុមសរុបចំនួន ១០ ប្រកួតក្នុងពានរង្វាន់អឺរ៉ុប រដូវកាលក្រោយ ប្រសិនបើ Man Utd ឬ Spurs អាចប្រជែងឈ្នះ Europa League និង Chelsea ឈ្នះពាន Conference League ហើយបញ្ចប់នៅក្រៅចំណាត់ថ្នាក់កំពូលទាំង ៥ប្រចាំលីគរបស់ពួកគេ។

កាលពីរដូវកាលមុន លីគកំពូលអ៊ីតាលី និងអាល្លឺម៉ង់ ទទួលបានកៅអីចំនួន ៥ នៅ UCL ដោយក្រុម Bologna និង Borussia Dortmund ជាក្រុមបញ្ចប់ចំណាត់ថ្នាក់ទាំង ៥ នៅលីគកំពូលរៀងៗ៕







 

អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង