កីឡាករលីគកំពូលកម្ពុជា ៤រូប ត្រូវបានកោះហៅចូលរួមក្រុមបាល់ទាត់ ASEAN All-Star
  • ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី ព្រឹក
កីឡាករលីគកំពូលកម្ពុជា ៤រូប ត្រូវបានកោះហៅចូលរួមក្រុមបាល់ទាត់ ASEAN All-Star

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នឹងរៀបចំការប្រកួតមិត្តភាពរវាងក្រុម ASEAN All-Star ជាមួយ Manchester United ដែលមកពីអង់គ្លេស នៅថ្ងៃទី២៨ ឧសភា នៅពហុកីឡដ្ឋាន Bukit Jalil នៃប្រទេសម៉ាឡេស៊ី។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត បានបង្ហាញពីសមាសភាពកីឡាកររបស់ខ្លួន ដែលត្រូវបានកោះហៅចូលរួមក្នុងក្រុម ASEAN All-Star។ រីឯ សហព័ន្ធកីឡាបាល់ទាត់ ៧ប្រទេសផ្សេងទៀត មិនទាន់បញ្ជាក់ នៅឡើយទេ។ ក្នុងចំណោមកីឡាករ ដែលបានបង្ហាញឈ្មោះនោះ ក៏មានកីឡាករ ៤រូប កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា (Cambodian Premier League)។
TTN-Free-Banner-In-Article-PC

ក្រុមបាល់ទាត់អាស៊ាន ASEAN All-Star គឺជាក្រុមដែលមានសមាសភាពកីឡាករចេញពី ១២ប្រទេស ជាសមាជិករប​ស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ ក្នុងចំណោមសហព័ន្ធកីឡាបាល់ទាត់ទាំង១២នោះ មានសហព័ន្ធកីឡាបាល់ទាត់ ៥ប្រទេសហើយ ដែលបានបញ្ជាក់ពីសមាសភាពកីឡាករតំណាងប្រទេសខ្លួន ចូលរួមក្នុងការប្រកួតមិត្តភាពនេះ។

កីឡាករកម្ពុជា ២រូប ត្រូវបានលោក KIM SANG-SIK គ្រូ​បង្គោល ASEAN All-Star កោះហៅឲ្យចូលរួមក្នុងការប្រកួតមិត្តភាពនេះ មាន៖ Andres Neito កីឡាករក្លិបភ្នំពេញក្រោន និង Kan Mo កីឡាករក្លិបវិសាខា។ នេះ បើយោងតាមការផ្សាយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១៧ មេសា។
Andres Neito កីឡាករចូលសញ្ជាតិខ្មែរ បច្ចុប្បន្នជាខ្សែបម្រើភ្នំពេញក្រោន រូបពី Cambodian Premier League

កីឡាករ Bounphachan Bounkong របស់ឡាវ ដែលកំពុងប្រកបអាជីព នៅក្លិបព្រះខ័នរាជស្វាយរៀង និងកីឡាករ João Pedro របស់ទីម័រខាងកើត  ដែលកំពុងប្រកបអាជីពជាខ្សែប្រយុទ្ធនៅក្លិបអង្គរថាយហ្គឺរ ក៏ត្រូវបានកោះហៅឲ្យចូលរួម ផងដែរ។ 
Bounphachan កីឡាករឡាវ ដែលបច្ចុប្បន្ន លេងនៅព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League

Andres Neito, Kan Mo, Bounphachan និង Jao Pedro ទាំង៤នាក់នេះ គឺជាកីឡាករកំពុងប្រកបអាជីពក្នុងលីគកំពូលកម្ពុជា។

កីឡាករ Maung Maung Lwin នៅក្លិប Lamphun Warriors គឺជាអ្នកតំណាងឲ្យមីយ៉ាន់ម៉ា ចូលរួមក្នុងក្រុម ASEAN All-Star។ 
Jao Pedro កីឡាករទីម័រខាងកើត បច្ចុប្បន្ន ប្រកបអាជីពនៅក្លិបអង្គរថាយហ្គឺរ រូបពី Cambodian Premier League

ចំណែកវៀតណាម មានកីឡាករ ៣រូប ត្រូវបានកោះហៅ មាន៖ Nguyen Hoang Duc នៅក្លិប Phu Dong Ninh Binh, Nguyen Quang Hai នៅក្លិប Hanoi Police FC និងកីឡាករ Do Duy Manh នៅក្លិប Hanoi FC។ នេះ បើតាមការផ្សាយពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម​ កាលពីថ្ងៃទី១៦ មេសា។

ដោយឡែក ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី​ និងអូស្ដ្រាលី មិនទាន់បញ្ជាក់ច្បាស់ ពីសមាសភាពកីឡាកររបស់ខ្លួននៅឡើយទេ៕
Kan Mo កីឡាករចូលសញ្ជាតិ ពាក់អាវខៀវ និងពាក់ស្រោមមុខ  រូបពី Cambodian Premier League

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា