ភ្នំពេញក្រោន និងវិសាខា ត្រូវការ ៣ពិន្ទុបន្ថែមដូចគ្នា ដើម្បីបន្ដឱកាសប្រជែងជើងឯកលីគកម្ពុជា
- ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

ការប្រកួតរវាងភ្នំពេញក្រោន និង វិសាខា រូបពី Cambodian Premier League.
ភ្នំពេញក្រោន ត្រូវស្វាគមន៍ វិសាខា ក្នុងសប្ដាហ៍ទី២៨ នៃការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League 2024-2025) នាថ្ងៃទី១៩ មេសា នៅកីឡដ្ឋាន Smart RSN។ លោក Akeeb Tunji Ayoyinka គ្រូបង្វឹកវិសាខា និងលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន សុទ្ធតែចាត់ទុក ការយក៣ពិន្ទុពីការប្រកួតនេះ ជារឿងសំខាន់ ដើម្បីមានឱកាសខ្ពស់ប្រជែងជើងឯកលីគ។

ព្រះខ័នរាជស្វាយរៀង មាន ៦៤ពិន្ទុ នៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន៦០ពិន្ទុ ខណៈវិសាខា លេខ៣ មាន៥៩ពិន្ទុ។ ក្រុមទាំង៣ កំពុងមានពិន្ទុប្រដេញគ្នា ខណៈការប្រកួតដែលនៅសេសសល់តែ៥លើកទៀតប៉ុណ្ណោះ។ ប្រសិនជាក្រុមណាមួយចាញ់ នឹងធ្វើឱ្យប៉ះពាល់ឱកាសប្រជែងជើងឯកលីគ។
ដូច្នេះការប្រកួតរវាងភ្នំពេញក្រោន និងវិសាខា នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:០០ ល្ងាច នាថ្ងៃទី១៩ មេសាវិញ គឺសំខាន់ណាស់ សម្រាប់ក្រុមទាំងពីរ ដែលត្រូវការ៣ពិន្ទុដូចគ្នា។
លោក Akeeb Tunji Ayoyinka ដាក់គោលដៅយក ៣ពិន្ទុឲ្យបានពីការប្រកួតនេះ បើទោះជាដឹងថាភ្នំពេញក្រោន មិនមែនជាក្រុម ដែលងាយស្រួលយកឈ្នះឡើយ។ គ្រូបង្វឹករូបនេះ មើលឃើញពីចំណុចខ្លាំងរបស់ក្រុមម្ចាស់ផ្ទះថា ជាក្រុមមានទម្រង់លេងកម្រិតខ្ពស់ និងវិន័យក្រុមល្អ។
គ្រូបង្វឹកវិសាខា បាននិយាយថា៖«យើង ដឹងថាភ្នំពេញក្រោន ជាក្រុមខ្លាំង ហើយជាក្រុមដែលមានទម្រង់លេង និងវិន័យក្រុមច្បាស់លាស់។ ការប្រកួតនេះ យើងរំពឹងថាជាការប្រកួតតានតឹង ប៉ុន្ដែយើង ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ។យើងដឹងថា ភ្នំពេញក្រោនចង់បាន ៣ពិន្ទុ ហើយចង់ឲ្យអ្នកគាំទ្រគេសប្បាយចិត្ត។ ប៉ុន្ដែយើងមកប្រកួតនេះ គឺដើម្បី ៣ពិន្ទុដូចគ្នា។ »។
រីឯគ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi ក៏ដូចលោក Akeeb ដែលចង់បាន ៣ពិន្ទុដូចគ្នា។ គ្រូបង្វឹករូបនេះ ចាត់ទុកថា ៣ពិន្ទុនេះសំខាន់ណាស់ ព្រោះបើក្រុមណាចាញ់ ឱកាសប្រជែងជើងឯកលីគ គឺកាន់តែឃ្លាតឆ្ងាយ។
លោក Oleg Starynskyi បាននិយាយថា៖«យើងចង់ឲ្យបង្ហាញឲ្យអ្នកគាំទ្រឃើញនូវលទ្ធផលល្អ សម្រាប់ការប្រកួតនេះ។ ការប្រកួតនេះសំខាន់ណាស់ព្រោះ តែក្រុមឈ្នះនៃការប្រកួតនេះ នឹងបន្ដឱកាសទៅដណ្ដើមជើងឯក។ យើង ប្រឹងប្រែងណាស់សម្រាប់ប្រកួតនេះ ដើម្បីយក ៣ពិន្ទុ ហើយបន្ដឱកាសរបស់យើង។»។
ក្នុងថ្ងៃជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ត្រូវប្រកួតជាមួយ ឡាយហ្វ ព្រះសីហនុ នៅកីឡដ្ឋានស្ដាតចាស់ វេលាម៉ោង ៦:០០ ល្ងាច។
គួរបញ្ជាក់ថា អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤។ ចំណែកចំណាត់ថ្នាក់លេខ៥ ណាហ្គាវើលដ៍ មាន ៣៧ពិន្ទុ តាមពីក្រោយដោយបឹងកេត លេខ៦ មាន៣៤ពិន្ទុ។
អាយ អេស អាយ ដង្កោសែនជ័យ នៅចំណាត់ថ្នាក់លេខ៧ មាន ៣៣ពិន្ទុ។ ចំណែកលេខ៨ កងយោធពលខេមរភូមិន្ទ មាន២៥ពិន្ទុ ខណៈ ឡាយហ្វព្រះសីហនុ នៅចំណាត់ថ្នាក់លេខ៩ មាន១៦ពិន្ទុ។ គិរីវង់សុខសែនជ័យ នៅចំណាត់ថ្នាក់លេខ១០ មាន១៥ពិន្ទុ និងក្រុមបាតតារាង លេខ១១ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ មាន៥ពិន្ទុ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: