អ៊ុយក្រែន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ ក្រោយ​ចោទថាផលិត​អាវុធលើដីរុស្ស៊ី
  • ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៤៩ នាទី ល្ងាច
អ៊ុយក្រែន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ ក្រោយ​ចោទថាផលិត​អាវុធលើដីរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចោទប្រកាន់ ថា ក្រុមហ៊ុនចិនផលិតអាវុធលើទឹកដីរុស្ស៊ី ។ AP - Efrem Lukatsky

លើឆាកអន្តរជាតិ រដ្ឋាភិបាល​ចិនតែងតែ​ប្រកាស​ជំហរ​អព្យាក្រឹត្យ​​ចំពោះ​រឿង​សង្គ្រាម​អ៊ុយក្រែន។ ពេល​នេះ​ រដ្ឋាភិបាលទីក្រុង​កៀវ ​ដាក់​ក្រុមហ៊ុនចិន ៣ ក្នុង​បញ្ជី​ទណ្ឌកម្ម និង​បង្កកទ្រព្យ​សម្បត្តិ​។ ការ​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនចិន ​ធ្វើឡើង​ក្រោយ​ពី​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ ​ចោទប្រកាន់ថា​ ចិន​ផលិត​អាវុធលើដីរុស្ស៊ី ហើយ​ទាហាន​ចិន​ក៏​ជួយ​ច្បាំងរុស្ស៊ីថែមទៀត​​។
TTN-Free-Banner-In-Article-PC

រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាស​ផ្សាយ​បញ្ជី​ទណ្ឌកម្ម នៅថ្ងៃ​សុក្រ​ ទី​១៨មេសា។  ក្នុងនោះ ក្រៅពី​ក្រុម​ហ៊ុន​រុស្ស៊ី​ ជារបស់​ប្រទេស​សត្រូវ​ឈ្លានពាន​ គេឃើញមាន​​​ក្រុមហ៊ុនចិន ចំនួន ៣ ដែលត្រូវ​ជាប់​ក្នុងបញ្ជី​​ទណ្ឌកម្មរបស់​អ៊ុយក្រែន។ ទណ្ឌកម្មនេះ បាន​សម្រេច​​ហាម​ឃាត់​ មិនឲ្យ​ក្រុមហ៊ុន​ចិន​ទាំង ៣ នោះ បន្ត​រក​ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ តទៅទៀតទេ។ ឯទ្រព្យសម្បត្តិ​របស់​ក្រុម​ហ៊ុន​ចិន​ទាំង​នោះទៀត​សោត​ ក៏ត្រូវ​​បង្កក​។

ក្រុមហ៊ុនចិនជាប់​បញ្ជីខ្មៅអ៊ុយក្រែន​ មាន​​ដូចជា ក្រុមហ៊ុនខាង​បច្ចេកវិទ្យា​អាកាស Beijing Aviation And Aerospace Xianghui Technology Co. Ltd, ក្រុមហ៊ុនគ្រឿងយន្ត Rui Jin Machinery Co. Ltd និង​ក្រុមហ៊ុនគ្រឿង​បរិក្ខារលោហៈផលិត​អាវុធ​ Zhongfu Shenying Carbon Fiber Xining Co. Ltd, ដែល​សុទ្ធសឹងតែ​ចុះបញ្ជី​ក្រុមហ៊ុន​នៅស្រុក​ចិន។​ ការ​​ផ្សាយ​ឈ្មោះ​ក្រុមហ៊ុនចិន​ដែល​ជាប់​ទណ្ឌកម្មអ៊ុយក្រែន​ពេលនេះ ​​ធ្វើឡើង ​ក្រោយ​ពី​រដ្ឋាភិបាល​ទីក្រុង​កៀវ ​ចោទប្រកាន់​ថា រដ្ឋអំណាច​ចិន​បា​នជួយ​ផ្គត់​ផ្គង់គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​កងទ័ព​រុស្ស៊ី។ មិនតែប៉ុណ្ណោះ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏​បាន​ប្រកាស​ជា​លើកទី១ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧មេសា​ ថាក្រុម​ហ៊ុន​ចិន​ក៏​ថែមទាំង​​​ផលិត​អាវុធ​មួយ​ចំនួននៅលើទឹកដី​រុស្ស៊ី ទៀត​ផង។ ទោះបីជា​ម្តេច​ក្តី ក្នុង​គ្រានេះ ថ្នាក់ដឹកនាំ​អ៊ុយក្រែនពុំបាន​បង្ហាញ​ភស្តុតាង​នៅឡើយទេ​ តែ​បាន​អះអាង​ថា​នឹង​លាតត្រដាង​ព័ត៌មានលម្អិត ​នៅ​ពេល​ដ៏ខ្លីខាងមុខ​។​

កាលពី​​ដើមខែ​មេសា ឆ្នាំ២០២៥​នេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏ធ្លាប់បា​នប្រកាស​ប្រាប់ពិភពលោក ថា ​យុទ្ធជនចិន ​​បាន​ចូលរួម​ពួតដៃប្រយុទ្ធជាមួយ​ទាហាន​រុស្ស៊ី នៅក្នុងសមរភូមិ​ប្រឆាំង​អ៊ុយក្រែន ហើយ​កង​ទ័ព​អ៊ុយក្រែន ក៏​ចាប់បាន​ទាហាន​ចិន​ ២ នាក់​ផង​។ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អ៊ុយក្រែន​និងអាមេរិក បាន​បញ្ជាក់​ព្រម​គ្នា​ថា ទាហាន​ចិន បាន​​ចូលរួម​ពលីប្រយុទ្ធជួយ​ខាងទ័ព​រុស្ស៊ី ជាថ្នូ​រ​នឹង​លុយ​។​

ផ្ទុយទៅវិញ រដ្ឋអំណាចចិនបានប្រតិកម្មឆ្លើយតប ជាថ្មីម្តង​ទៀត​នៅ​ពីថ្ងៃ​សុក្រទី១៨មេសា ដោយបដិសេធ​ទាត់ចោលរាល់​ការចោទប្រកាន់របស់រដ្ឋាភិបាលក្រុង​ក្រៀវ។  អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក លីន ជាន (Lin Jian) បាន​អះអាងថា ប្រទេស​ចិន​ពុំ​ដែល​បាន​ផ្តល់​អាវុធគ្រឿងសឹកចម្បាំងទៅឲ្យ​​ភាគី​ប្រទេស​ណាមួយ​​ដែល​កំពុង​មាន​ជម្លោះ​នោះឡើយ ហើយ​គ្រឿងផ្គុំ​អាវុធ​ដែល​នាំចូល​ស្រុក​រុស្ស៊ីទៀតសោត​ គឺ​បាន​នាំចេញពី​ប្រទេស​អាមេរិក​និង​អឺរ៉ុប។ ពោល​គឺ​មិន​នាំចេញពី​ចិន​ទេ​​។​​ អាស្រ័យ​ហេតុនេះ ទើប​មន្ត្រីជាន់ខ្ពស់​ចិនដដែល​ បាន​ច្រាន​ចោល​ទាំងស្រុង​ចំពោះការ​ចោទប្រកាន់របស់​អ៊ុយក្រែន ដោយចិន​​តាស់តឿនអ៊ុយក្រែន​ ​ថាកុំ​​បំពុល​និងពង្វក់​​ទស្សនៈ​មហាជន៕

ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other