កម្ពុជាថ្លែងការណ៍២២លើក ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំលើកទី៥៨ នៅUN
- ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៣៩ នាទី យប់

លោក អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ នៅថ្ងៃទី២៧មីនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រូបពី ហ្វេសប៊ុក ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ភ្នំពេញ៖ តំណាងកម្ពុជា បានឡើងថ្លែងការណ៍ចំនួន២២លើក នៅសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ (HRC) អំឡុងពេល៦សប្ដាហ៍មកនេះ។ កម្ពុជា លើកពីសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនឹងការរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងផ្នែកច្បាប់ យុត្តិធម៌សង្គម និងការលើកកម្ពស់សមភាពយេនឌ័រជាដើម។

សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដែលចេញថ្ងៃទី១៨មេសា បានឱ្យដឹងថា សម័យប្រជុំលើកទី៥៨ ចាប់ពីថ្ងៃទី២៤កុម្ភៈ ដល់៤មេសានេះ មានមន្ត្រីជាន់ខ្ពស់កម្ពុជា៧៤ចូលរួម ក្នុងនោះមានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែរ។ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤កុម្ភៈ។
រដ្ឋមន្ត្រីការបរទេស បង្ហាញពីការប្រែក្លាយកម្ពុជា ពីប្រទេសមានជម្លោះទៅជាប្រទេសសន្តិភាពថា វាមិនមែនជារឿងចៃដន្យឡើយ ពោលគឺអ្វីគ្រប់យ៉ាងកើតឡើងតាមចក្ខុវិស័យដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានគោលនយោបាយ ឈ្នះ-ឈ្នះ ជាមាគ៌ា។ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចវិញ កម្ពុជា ក៏បានចាកចេញពីប្រទេសមានចំណាត់ថ្នាក់ អភិវឌ្ឍតិចតួចនៅឆ្នាំ២០១៩។
ទន្ទឹមនឹងនេះ តំណាងកម្ពុជា ក៏បង្ហាញពីការប្ដេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខសកល និងកិច្ចសហប្រតិបត្តិការលើយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តំណាងកម្ពុជា បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ទាំង២២លើក ដូច្នេះ៖ «សមិទ្ធិផល ក្នុងទិដ្ឋភាពបតដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្ដែង ព្រមទាំងវឌ្ឍនភាពរបស់កម្ពុជាលើគ្រប់ផ្នែកនៃសិទ្ធិមនុស្ស ដូចជាផ្នែកស៊ីវិល នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍ»។
ជាមួយគ្នាដែរ គណៈប្រតិភូកម្ពុជា ក៏ចូលរួមពិភាក្សាពីការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តការងាររបស់ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងពិចារណាពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសដទៃទៀតផង។
ចំណុចសំខាន់ៗ ក្នុងសេចក្ដីថ្លែងការណ៍របស់កម្ពុជា នៅសម័យប្រជុំលើកទី៥៨ នៃ HRC បានបង្ហាញពីការប្រឹងប្រែងពង្រឹងច្បាប់ និងស្ថាប័នខ្លួន ដើម្បីធានាឱ្យបុគ្គលទាំងអស់ ពិសេសជនងាយរងគ្រោះ ទទួលបានសិទ្ធិ និងសេរីភាពពេញលេញ។ រីឯ វិស័យយុត្តិធម៌ និងអភិបាលកិច្ចល្អ កម្ពុជា មានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ ក្នុងការជំរុញឱ្យប្រសើរឡើងនូវយុត្តិធម៌សង្គម និងការលើកម្ពស់សមភាពយេនឌ័រ។
តំណាងកម្ពុជាសង្កត់ធ្ងន់បែបនេះ៖ «កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់តម្លាភាព»។
ភាគីកម្ពុជា បង្ហាញជំហរបន្ថែមថា រដ្ឋាភិបាលផ្ដោតលើការកែលម្អ ការអប់រំ ការថែទាំសុខភាព និងការទទួលសេវា សាធារណៈសំខាន់ៗ ដោយធានាថា អត្ថប្រយោជន៍ទាំងនេះ ត្រូវបានចែករំលែកប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: