រដ្ឋបាល ត្រាំ អាចរារាំងសកលវិទ្យាល័យ Harvard ជ្រើសនិស្សិតអន្តរជាតិ
  • ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
រដ្ឋបាល ត្រាំ អាចរារាំងសកលវិទ្យាល័យ Harvard ជ្រើសនិស្សិតអន្តរជាតិ
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (ឆ្វេង) និងប្រធានសាលកវិទ្យាល័យ Harvard លោក Alan Garber ។ រូបភាព​ ៖ AFP

រដ្ឋមន្ត្រីក្រសួងសន្តិសុខប្រទេសអាម៉េរិក បានគំរាមដកហូតអាជ្ញាប័ណ្ណចុះឈ្មោះចូលរៀនឱ្យនិស្សិតបរទេសរបស់សាកលវិទ្យាល័យ Harvard ប្រសិនបើសាលាបដិសេធមិនចែករំលែកព័ត៌មានអំពីនិស្សិតអន្តរជាតិ។
TTN-Free-Banner-In-Article-PC

រដ្ឋមន្ត្រីសន្តិសុខប្រទេសអាម៉េរិក លោកស្រី Kristi Noem នៅថ្ងៃទី១៦ ខែមេសា បានផ្ញើលិខិតមួយច្បាប់ទៅកាន់សាកលវិទ្យាល័យ Harvard ដោយសុំឱ្យសាលាដែលចំណាស់ជាងគេនៅអាម៉េរិកមួយនេះ ផ្តល់កំណត់ត្រាទាំងអស់ទាក់ទងនឹងអាកប្បកិរិយាខុសច្បាប់ ឬហឹង្សារបស់និស្សិតអន្តរជាតិដែលកំពុងសិក្សានៅទីនោះ។

សាកលវិទ្យាល័យ Harvard ត្រូវតែគោរពតាមត្រឹមថ្ងៃទី៣០ ខែមេសា ហើយប្រសិនមិនអនុវត្តតាមនឹងបាត់បង់អាជ្ញាប័ណ្ណ Student and Exchange Visitor Program (SEVP) របស់ខ្លួន។ នេះជាយន្តការមួយដែលអនុញ្ញាតឱ្យសាកលវិទ្យាល័យនៅអាម៉េរិកជ្រើសរើសនិស្សិតអន្តរជាតិ និងបណ្តុះបណ្តាលនិស្សិតបរទេសដោយមានទិដ្ឋាការសិស្ស។

នៅក្នុងលិខិតនោះ ក្រសួងសន្តិសុខប្រទេសអាម៉េរិក (DHS) បានស្នើឱ្យសាកលវិទ្យាល័យ Harvard ផ្តល់ព័ត៌មានអំពីនិស្សិតអន្តរជាតិដែលបានចូលរួមក្នុងអាកប្បកិរិយាគំរាមកំហែងនៅក្នុងបរិវេណសាលា រំខានដល់បរិយាកាសសិក្សា ឬត្រូវបានពិន័យចំពោះអាកប្បកិរិយាទាក់ទងនឹងការគំរាមកំហែង ញុះញង់ ឬចូលរួមក្នុងការតវ៉ា។

លោកស្រី Noem បានចោទប្រកាន់សាកលវិទ្យាល័យ Harvard ថាបានបង្កើត «បរិយាកាសសិក្សាអរិភាព» សម្រាប់និស្សិតជ្វីហ្វ។ លោកស្រីបានសរសេរថា៖« ការណ៍ដែលសាកលវិទ្យាល័យ Harvard ជ្រើសរើសនិស្សិតអន្តរជាតិគឺជាឯកសិទ្ធិ មិនមែនជាសិទ្ធិទេ»។

លិខិតនោះក៏បានលើកឡើងពីបទបញ្ជាប្រតិបត្តិដែលចេញដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៨ ខែមករា ដែលតម្រូវឱ្យសាកលវិទ្យាល័យនានាត្រួតពិនិត្យនិស្សិតអន្តរជាតិ ប្រសិនបើពួកគេត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម ឬភេរវកម្ម។

«Harvard ប្រឈមមុខចំពោះរលកនៃការប្រឆាំងពួកជី្វហ្វ។ នេះកើតចេញពីការដឹកនាំដ៏អន់របស់សាលា។ ពួកគេបានបង្កើតកន្លែងក្តៅសម្រាប់ចលាចល និងការគំរាមកំហែងដល់សន្តិសុខជាតិ»។ រដ្ឋមន្រ្តីសន្តិសុខប្រទេសអាម៉េរិកលោកស្រី Kristi Noem ថ្លែងដូច្នេះ។ 

ទិដ្ឋភាពនៃបរិវេណក្នុងសាកលវិទ្យាល័យ Harvard ។ រូបភាព ៖  ហ្វេសប៊ុក ៖ Harvard University  

អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Harvard លោកស្រី Sarah E. Kennedy O'Reilly បានឆ្លើយតបថា សាលាបានទទួលលិខិតពី DHS ប៉ុន្តែសាលាឈរតាមគោលជំហររបស់ខ្លួនដែលបញ្ជាក់កាលពីដើមសប្តាហ៍នេះថា Harvard នឹងមិនផ្លាស់ប្តូរស្វ័យភាព ឬបោះបង់សិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើយ។ 

«ប្រសិនបើរដ្ឋាភិបាលសហព័ន្ធ ចាត់វិធានការប្រឆាំងនឹងសមាជិកណាមួយនៃសហគមន៍របស់យើង យើងរំពឹងថាសកម្មភាពនោះនឹងផ្អែកលើភស្តុតាងច្បាស់លាស់ អនុវត្តតាមដំណើរការត្រឹមត្រូវ និងគោរពសិទ្ធិរដ្ឋធម្មនុញ្ញទាំងអស់គ្នា»។ លោកស្រី O'Reilly បញ្ជាក់បែបនេះ។ 

ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាកលវិទ្យាល័យ Harvard មាននិស្សិតអន្តរជាតិជិត ៦៨០០នាក់ ដែលស្មើនឹងជាង ២៧ភាគរយនៃនិស្សិតសរុបរបស់សាលា។

ការគំរាមកំហែងក្នុងការហាមឃាត់ការជ្រើសរើសនិស្សិតអន្តរជាតិ គឺជាវិធានការចុងក្រោយបំផុតនៅក្នុងយុទ្ធនាការដាក់សម្ពាធរបស់រដ្ឋបាល ត្រាំ ប្រឆាំងនឹងសាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតរបស់អាម៉េរិក។ កន្លងមក DHS បានលុបចោលជំនួយចំនួន២ ដែលមានតម្លៃ ២,៧លានដុល្លារដល់សាលាមួយនេះ។

ក្រសួងយុត្តិធម៌អាម៉េរិកក៏បានស្នើឱ្យសេវាចំណូលផ្ទៃក្នុង (IRS) ដកហូតឋានៈលើកលែងពន្ធរបស់សាកលវិទ្យាល័យ Harvard ដោយលើកឡើងពី ការរំខានដល់ការជឿទុកចិត្តរបស់សាធារណៈជន និងការបរាជ័យម្តងហើយម្តងទៀតរបស់សាកលវិទ្យាល័យក្នុងការដោះស្រាយការប្រឆាំងនឹងពួកជ្វីស្វនៅក្នុងបរិវេណសាលា។ សំណើនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសេតវិមានបានផ្អាកការផ្តល់មូលនិធិសហព័ន្ធចំនួន ២,២ពាន់លានដុល្លារ និង ៦០លានដុល្លារនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសម្រាប់សាកលវិទ្យាល័យ Harvard។

សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានចំនួន ២ ដែលនិយាយថា IRS ដែលជាទីភ្នាក់ងាររបស់ក្រសួងរតនាគារអាម៉េរិកកំពុងរៀបចំផែនការ ហើយនឹងលុបចោលការលើកលែងពន្ធរបស់សាកលវិទ្យាល័យ Harvard ក្នុងពេលឆាប់ៗនេះ។

នៅក្រោមច្បាប់របស់អាម៉េរិក សាកលវិទ្យាល័យភាគច្រើនត្រូវបានលើកលែងពីពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ ដោយសារតែពួកគេជាស្ថាប័នអប់រំសាធារណៈ។ អង្គការមិនរកប្រាក់ចំណេញដែលលើកលែងពន្ធ អាចបាត់បង់ឋានៈពន្ធរបស់ពួកគេ ប្រសិនបើពួកគេបំពានច្បាប់មួយចំនួន រួមទាំងច្បាប់ដែលហាមឃាត់ពួកគេមិនឱ្យចូលរួមក្នុងសកម្មភាពនយោបាយ។

លោកប្រធានាធិបតី ត្រាំ បាននិយាយនៅថ្ងៃទី១៥ ខែមេសាថា ៖« Harvard គួរតែត្រូវបានយកពន្ធដូចជាអង្គការនយោបាយ ប្រសិនបើមិនឆ្លើយតបនឹងការទាមទារដើម្បីធ្វើកំណែទម្រង់ការប្រតិបត្តិប្រឆាំងនឹងពួកជ្វីស្វ និងគាំទ្រភេរវកម្ម»។ ក្រោយមក លោក ត្រាំ បានហៅ Harvard ថាជា «រឿងកំប្លែង ដោយមិនបង្រៀនអ្វីក្រៅពីការស្អប់ និងភាពឆោតល្ងង់»។

IRS មិនបានបញ្ជាក់ពីព័ត៌មាននេះទេ។ Harvard មិនបានប្រតិកម្មអំពីលទ្ធភាពដែល IRS លុបចោលការលើកលែងពន្ធរបស់ខ្លួនដែរ។ IRS បានលុបចោលការលើកលែងពន្ធរបស់សាលាគ្រិស្តបរិស័ទដែលត្រូវបានចោទប្រកាន់ពីបទ «គោលនយោបាយចូលរៀនដែលរើសអើងជាតិសាសន៍» នៅក្នុងទសវត្សឆ្នាំ ១៩៨០។

ភាពតានតឹងរវាងសាកលវិទ្យាល័យ Harvard និងរដ្ឋបាល ត្រាំ បានកើនឡើងនាពេលថ្មីៗនេះ ជុំវិញការតវ៉ារបស់និស្សិតប្រឆាំងនឹងសង្គ្រាមនៅកាហ្សានៅបរិវេណសាលាកាលពីឆ្នាំមុន។

ក្រុមការងាររួមដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រឆាំងជនជាតិជ្វីស្វ (JTFCAS) នៃក្រសួងអប់រំអាម៉េរិកកាលពីថ្ងៃទី១៥ ខែមេសា បានចេញសំណើជាបន្តបន្ទាប់ទៅកាន់សាកលវិទ្យាល័យ Harvard រួមទាំងការផ្លាស់ប្តូរកម្មវិធីសិក្សា និងនីតិវិធីចូលរៀនរបស់ខ្លួន ដើម្បីលុបបំបាត់ការប្រឆាំងនឹងពួកជ្វីស្វ។

សាកលវិទ្យាល័យ Harvard បានអះអាងថា ខ្លួនមានឆន្ទៈក្នុងការសហការជាមួយរដ្ឋបាល ប៉ុន្តែបាននិយាយថា សំណើបែបនេះគឺហួសហេតុ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ «គ្រប់គ្រងសហគមន៍ Harvard» និងគំរាមកំហែង «តម្លៃរបស់សាកលវិទ្យាល័យជាស្ថាប័នឯកជនដែលផ្តល់ការស្វែងរក ការបង្កើត និងការផ្សព្វផ្សាយចំណេះដឹង»៕
 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង