នាវាជប៉ុនពីរគ្រឿង ចូលចតនៅកំពង់ផែរាម ដំបូងគេ ក្រោយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
- ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

នាវាជប៉ុនចូលចតនៅកំពង់ផែរាមកាលពីថ្ងៃទី១៩មេសា ឆ្នាំ២០២៥។ រូបពី ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ
ភ្នំពេញ៖ នាវាជប៉ុនពីរគ្រឿង ចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដំបូងគេ បន្ទាប់ពីកំពង់ផែនេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥មេសា។ នាវានេះ ចូលចតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់២២មេសា។ នេះបើតាមទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ។

នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតនៅក្រុងកំពង់សោមនារសៀលនៅថ្ងៃទី១៩មេសានេះ ដែលដឹកនាំដោយ លោក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ3។ នាវាទីមួយ មានឈ្មោះ JS BUNGO (MST-464) ដែលមានបណ្តោយ ១៤១ ម៉ែត្រ និងទទឹង ២២ ម៉ែត្រ។ នាវានេះ មានជម្រៅទឹក ៥.៤ ម៉ែត្រ ហើយមានទម្ងន់ផ្ទុក៥៧០០តោន។ ក្នុងនាវា JS BUNGO មាននាវិកចំនួន ១៣៥នាក់ ដោយ លោក TANAKA KOUJI ជាមេបញ្ជាការប្រចាំនាវា។
ចំណែក នាវាមួយទៀត ឈ្មោះ JS ETAJIMA (MSO-306) មានបណ្តោយ ៦៧ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។ នាវានេះ មានជម្រៅទឹក ២.៧ ម៉ែត្រ និងទម្ងន់ផ្ទុក៦៩០តោន។ JS ETAJIMA មាននាវិកចំនួន ៥៣នាក់ ដោយមាន លោក ODA TAKAYUKI មេបញ្ជាការនាវា។

បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ជាអ្នកបញ្ជូននាវាទាំងពីរនេះ មកកម្ពុជា ដើម្បីបំពេញបេសកកម្ម ទៅទស្សនកិច្ចនៅប្រទេសចំនួន១១ មាននៅទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។ ស្ថានទូតជប៉ុន ចាត់ទុកព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជា។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសង្កត់ធ្ងន់បែបនេះ៖ «ដំណើរនាវាជប៉ុនទាំងពីរនេះ បង្ហាញពីសារៈសំខាន់ នៃសេរីភាពនាវាចរណ៍ និងសណ្តាប់ធ្នាប់អន្តរជាតិ តាមច្បាប់អន្តរជាតិ»។
កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន JMSDF នឹងធ្វើសមយុទ្ធប្រកបដោយឆន្ទៈ ផ្លាស់ប្តូរទស្សនៈ និងសកម្មភាពផ្សេងៗទៀត នៅក្នុងប្រទេស ដែលពួកគេធ្វើដំណើរទស្សនកិច្ច ដើម្បីបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ។

កន្លងមក សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ហើយថា កំពង់ផែរាម មិនរើ់សអើងការចូលចតរបស់នាវាពីបណ្ដាប្រទេសផ្សេងៗឡើយ ពោលគឺទទួលស្វាគមន៍ និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
កំពង់ផែរាម សាងសង់ឡើងក្រោមជំនួយរបស់ភាគីចិន។ ដោយសារទទួលបានជំនួយពីចិន គម្រោងការសាងសង់នេះ មានភាពចម្រូងចម្រាស ដោយមានការចោទប្រកាន់ជាច្រើនពីភាគីអាម៉េរិក ដោយលើកឡើងថា កម្ពុជា-ចិន មានកិច្ចព្រមព្រៀង សម្ងាត់ រួមទាំងសង្ស័យថា កម្ពុជាផ្ដល់កន្លែងឱ្យកងទ័ពចិនជ្រកកោនផងដែរ។ បញ្ហានេះ កើតមានចាប់តាំងពីឡុងឆ្នាំ២០១៩មក ប៉ុន្តែភាគីកម្ពុជាតែងតែចេញមុខបដិសេធគ្រប់ពេល និងប្រកាន់ជំហរឯករាជ្យ។ ចំណែក ភាគីចិន ក៏ច្រានចោលដែរ ចំពោះការចោទប្រកាន់របស់អាម៉េរិកនេះ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: