នារី ៦ នាក់ ធ្វើដំណើរកម្សាន្ត បែបទេសចរណ៍ ក្នុងលំហអវកាស
  • ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
នារី ៦ នាក់ ធ្វើដំណើរកម្សាន្ត បែបទេសចរណ៍ ក្នុងលំហអវកាស
នារី ៦ នាក់ ធ្វើដំណើរកម្សាន្ត បែបទេសចរណ៍ ក្នុងលំហអវកាស © AP

តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ​ Katy Perry និង​ស្រ្តី​ជនជាតិអាមេរិក​៥នាក់ផ្សេងទៀតដែលជា​អ្នកកាសែត អ្នកផលិតភាពយន្ត និង​សកម្មជនដើម្បីសិទ្ធិស្រ្តី​បានធ្វើដំណើរកម្សាន្ត​បែបទេសចរណ៍​ទៅកាន់ទីអវកាស​ជាមួយ​យាន​របស់​ក្រុមហ៊ុន​Blue Origin ដែលជាកម្មសិទ្ធិ​របស់លោក Jeff Bezos ​ម្ចាស់ក្រុមហ៊ុនAmazon។ ទោះដំណើរទៅកាន់ទីអវកាស​មានរយៈពេល​សរុប មិនដល់​១១នាទី ប៉ុន្តែ នេះជា​លើកទី១ គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៦៣ ដែល​អ្នកដំណើរ​ទាំងអស់ នៅក្នុង​យាន​ទៅកាន់ទីអវកាស​សុទ្ធសឹង​ជា​មនុស្សស្រី។ ​
TTN-Free-Banner-In-Article-PC

យានអវកាសឯកជន ១ គ្រឿង បានដឹកអ្នកដំណើរស្រីជនជាតិ អាមេរិក ចំនួន ៦ នាក់ ទៅកាន់លំហអវកាស ថ្ងៃ ចន្ទ ទី ១៤ ខែ មេសា ឆ្នាំ ២០២៥ ។ ក្នុងចំណោមអ្នកដំណើរស្រីទាំងអស់នោះ ជាឧទាហរណ៍ មានតារាចម្រៀងអាមេរិក Katy Perry ដែលមានឈ្មោះបោះសំឡេង លើឆាកអន្តរជាតិ ព្រមទាំងអ្នកស្រី Lauren Sánchez គូដណ្តឹងរបស់លោក Jeff Bezos អគ្គនាយកក្រុមហ៊ុន Amazon និង Blue Origin ដែលជាអ្នកផ្តួចផ្តើមគំនិត ឲ្យមានការធ្វើដំណើរជាក្រុមនេះឡើង។ ក្រៅពីការស្ងើចសរសើរ ក៏មានមតិសាធារណៈជាច្រើន ដែលរិះគន់ថា ដំណើរទេសចរណ៍បែបមហាសេដ្ឋីនេះ នឹងរួមចំណែកបំផ្លាញភពផែនដី ដ្បិតថា ដើម្បីរៀបចំដំណើរកម្សាន្ត ទៅកាន់លំហអវកាសមួយជើងៗ គេត្រូវបញ្ចេញឧស្ម័នកាបូនិក ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។

ហោះចេញពីប៉ែកខាងលិច នៃតំបន់ Texas ក្នុងទឹកដីអាមេរិក យានអវកាស New Shepard បានដឹកជញ្ចូនអ្នកដំណើរទាំង ៦ រូប ទៅដល់លំហអវកាស ក្នុងរយៈកម្ពស់ប្រមាណជាង ១០០ គីឡូម៉ែត្រ ពីភពផែនដី ។ នេះ គឺជាការហោះហើរទៅក្នុងទីអវកាស លើកទី ២ ដែលមានអ្នកដំណើរទាំងអស់ជានារី ដោយដំណើរប្រភេទនេះលើកទី ១ បានប្រព្រឹត្តទៅ កាលពីឆ្នាំ ១៩៦៣។

គួរគូសបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ ទេ ដែល Blue Origin បានដឹកអ្នកដំណើរលំដាប់ VIP ទៅកាន់លំហអវកាស។ Blue Origin មានមហិច្ឆតា ប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត ដែលដឹកអ្នកទេសចរទៅកម្សាន្ត ក្នុងទីអវកាស តួយ៉ាងក្រុមហ៊ុន Virgin Galactic និង SpaceX របស់លោក Elon Musk ជាដើម។

ក្នុងបទសម្ភាសមួយទៅឲ្យទស្សនាវដ្តី ELLE តារាចម្រៀង Katy Perry បានរៀបរាប់ថា នាងសម្រេចចិត្តធ្វើដំណើរទៅកាន់លំហអវកាសដូច្នេះ គឺដើម្បីទុកជាសារ ដាស់តឿនរំឭកកូនស្រីនាង ឲ្យមានក្តីស្រមៃខ្ពស់ និង មិនត្រូវដកថយ នៅចំពោះមុខឧបសគ្គ ក្នុងជីវិត នោះឡើយ។

ក្នុងដំណើរទេសចរណ៍ ដ៏កម្រនេះ ដែលមានរយៈពេលមិនដល់ ១១ នាទីផង អ្នកដំណើរម្នាក់ៗ ត្រូវចំណាយប្រាក់ រាប់សែនដុល្លារ។

ក្រៅពីការស្ងើចសរសើរ ក៏មានមតិសាធារណៈជាច្រើន ដែលនាំគ្នារិះគន់ថា ដំណើរទេសចរណ៍បែបមហាសេដ្ឋីនេះ នឹងរួមចំណែកបំផ្លាញភពផែនដី ដ្បិតថា ដើម្បីរៀបចំដំណើរកម្សាន្ត ទៅកាន់លំហអវកាសមួយជើងៗ គេត្រូវបញ្ចេញឧស្ម័នកាបូនិក ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់៕

ដោយ៖ទុយ ដានែល

 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other