កញ្ញា ស៊ិន សៀវសៀន ហាត់គុនល្បុក្កតោ និងរៀនក្បួនសាក់យ័ន្ដខ្មែរ ដើម្បីថែរក្សាមរតកដូនតា
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:១៩ នាទី ព្រឹក

ស៊ិន សៀវសៀន ហាត់គុនល្បុក្កតោ និងរៀនពីការសាក់យ័ន្ដខ្មែរ ដើម្បីជួយថែរក្សាមរតកដូនតា
កញ្ញា ស៊ិន សៀវសៀន វ័យ ២៧ឆ្នាំ បច្ចុប្បន្នជាគ្រូបង្វឹកគុនល្បុក្កតោ និងជាស្ដ្រីខ្មែរមួយរូប បានរៀនសាក់យ័ន្ដ នៅសាលាទិសាបាមោក្ខ ។ អ្នករៀនសាក់យ័ន្ដខ្មែរ វ័យ ២៧ឆ្នាំរូបនេះ ពិតជាស្រលាញ់ និងចង់ថែរក្សាមរតកវប្បធម៌ដូនតាខ្មែរឲ្យគង់វង្ស ។

ស៊ិន សៀវសៀន បានចំណាយពេលហាត់គុនល្បុក្កតោ អស់រយៈពេល ១២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៣។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កីឡាការិនីគុនល្បុក្កតោរូបនេះ ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាផ្គាក់សង្វារឯកត្តជននារី។ នោះក៏ជាពេលចុងក្រោយ ដែលកញ្ញា សៀវសៀន បំពេញតួនាទីជាកីឡាការិនីគុនល្បុក្កតោ ផងដែរ។
បន្ទាប់ពីជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ស្ដ្រីវ័យ ២៧ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹក នៅសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ក្នុងខេត្តសៀមរាប ហើយក៏ជាសិស្សរៀនក្បួនវិជ្ជាសាក់យ័ន្ដខ្មែរ នៅសាលាទិសាបាមោក្ខ ទៀតផង។

អ្នករៀនសាក់យ័ន្ដរូបនេះ បានប្រាប់ពីចំណាប់អារម្មណ៍ខ្លួន មកសារព័ត៌មានថ្មីៗថា គុនល្បុក្កតោ និងយ័ន្ដខ្មែរ គឺសុទ្ធតែជាមរតករបស់ដូនតា ហើយកញ្ញា ចង់ចូលរួមថែរក្សា និងលើកស្ទួយមរតកទាំងនោះ ទើបសម្រេចចិត្តចូលរៀនសូត្រ។
កញ្ញា សៀវសៀន បាននិយាយថា៖«សាក់យ័ន្ដ និងគុនល្បុក្កតោ ជារបស់ខ្មែរតែមួយ ប៉ុន្ដែអ្វី ដែលខុសគ្នា គឺការសាក់យ័ន្ដខ្មែរ នៅខ្វះខាតធនធានច្រើន ខ្វះខាតអ្នកមានចំណាប់អារម្មណ៍ ក៏ដូចជាការចង់លើកស្ទួយខាងសិល្បៈសាក់យ័ន្ដ ដោយសារគាត់គិតថាលំបាកក្នុងការរៀនសូត្រ។ ខ្ញុំចូលរួមខាងសាក់យ័ន្ដ គឺដោយសារខ្ញុំយល់ថា ខ្វះការចូលរួមពីនារី។ យើងចង់បណ្ដុះទឹកចិត្តឲ្យយុវជនយើង ឲ្យគាត់ងាកមកគាំទ្រ ក៏ដូចជាលើកស្ទួយខាង វិស័យនេះ ឲ្យបានច្រើន។ »។

តាមការបញ្ជាក់បន្ថែមពី សៀវសៀន អ្នករៀនសាក់យ័ន្ដ ត្រូវមានចំណេះដឹងច្បាស់លាស់ពីអក្ខរៈ និងតួព្យញ្ជនៈខ្មែរ ព្រោះយ័ន្ដទាំងអស់សុទ្ធតែបញ្ចូលតួរព្យញ្ជនៈទាំងនោះ ហើយអានជាភាសាបាលី ឬគាថាបាលី។ សៀវសៀន បញ្ជាក់ថា នេះ គឺជាការលំបាកមួយសម្រាប់អ្នករៀនសាក់យ័ន្ដ។

«ការសាក់យ័ន្ដ យើងត្រូវការរៀនសូត្រ ទាក់ទងពីបាលី ហើយប្រសិនជាយើង មិនបានចូលរួមទេ ថ្ងៃក្រោយវានឹងបាត់បង់។ យើង ត្រូវចេះអក្សរខ្មែរឲ្យបានច្បាស់ ព្រោះយ័ន្ដ ត្រូវមានព្យញ្ជនៈខ្មែរ លើនោះ។ ទន្ទឹមនឹងការរៀនអក្សរខ្មែរ យើងក៏ត្រូវរៀនបាលី ផងដែរ»។ អ្នករៀនសាក់យ័ន្ដរូបនេះ បានប្រាប់ដូច្នេះ៕

អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: