បឹងកេត នឹងធ្វើជាឆ្អឹងទទឹងក របស់ព្រះខ័នរាជស្វាយរៀង
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:៤៩ នាទី រសៀល

លោក Pep គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង នៅខាងឆ្វេង ចំណែក លោក Conor គ្រូបឹងកេត នៅខាងស្ដាំ រូបពី Cambodian Premier League
បឹងកេត ត្រូវស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ក្នុងសប្ដាហ៍ទី២៨ នៃការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) នាថ្ងៃទី២០ មេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០។ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ចាត់ទុក ៥ប្រកួតនៅសល់ក្នុងលីគកាន់តែសំខាន់ ដោយសារតែពិន្ទុ នៃក្រុមត្រូវប្រជែងជើងឯកលីគ មានភ្នំពេញក្រោន និងវិសាខា កាន់តែប្រកៀកប្រកិតជាមួយនឹងក្រុមខ្លួន។ រីឯ លោក Conor Nestor គ្រូបង្វឹកបឹងកេត នៅតែជំរុញឲ្យកូនក្រុមយកឈ្នះ ៥ប្រកួត ដែលនៅសល់ ទោះជាមិនមានឱកាសប្រជែងជើងឯកលីគ ក៏ដោយ។

៥ប្រកួត ដែលនៅសល់ គឺសំខាន់ខ្លាំងណាស់សម្រាប់ព្រះខ័នរាជស្វាយរៀង ដោយសារតែភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ២ មាន៦៣ពិន្ទុ និងវិសាខា លេខ៣ មាន៥៩ពិន្ទុ កំពុងតែប្រដេញពិន្ទុជាមួយក្រុមខ្លួន ដែលឈរនៅលេខ១ មាន៦៤ពិន្ទុ។ ប្រសិនជាចាញ់ប្រកួតណាមួយ ក្នុងចំណោមប្រកួតដែលនៅសល់ នោះនឹងធ្វើឲ្យព្រះខ័នរាជស្វាយរៀង នៅតែពិបាកឈ្នះជើងឯកលីគរដូវកាលនេះ។
បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងប្រកួតពានរង្វាន់ ៣សំខាន់ៗ។ ក្រុមកម្ពុជា ១នេះ ត្រូវប្រកួតជាមួយ FC ARKADAG មកពីតួកមេនីស្ថាន ក្នុងពានរង្វាន់ AFC Challenge League វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១០ ឧសភា ។ ព្រះខ័នរាជស្វាយរៀង ក៏ត្រូវប្រកួតក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ រីឯ ការប្រកួតលីគ ក៏កំពុងតានតឹង ដោយសារតែ ភ្នំពេញក្រោន និងវិសាខា កំពុងដេញតាមពិន្ទុ យ៉ាងប្រកៀកប្រកិត។
លោក Pep Munoz បាននិយាយថា៖«យើង នៅមាន ៥ប្រកួត ដែលនៅសល់ក្នុងលីគ នារដូវកាលនេះ យើង លេងជាមួយក្រុមកាន់តែពិបាក ហើយការប្រកួតកាន់តែគួរឲ្យចាប់អារម្មណ៍។ យើង កំពុងធ្វើវាជាមួយអារម្មណ៍ ដែលល្អ។ ការប្រកួតជាមួយបឹងកេត យើងនឹងចាត់ទុកដូចជាការប្រកួត AFC ដែរ។ យើងចាត់ទុកការប្រកួតនេះ ជាការប្រកួតដ៏ល្អបំផុត។»។
កីឡាករ សឿយ វិសាល ខ្សែការពារព្រះខ័នរាជស្វាយរៀង និយាយថា ទោះជាសមាជិករួមក្រុមខ្លួន មមាញឹកក្នុងការប្រកួត ប៉ុន្ដែអ្នកទាំងនោះ គឺផ្ដោតអារម្មណ៍តែម្យ៉ាងគត់ ក្នុងការស្វែងរកជ័យជម្នះ គ្រប់ប្រកួត។
ខ្សែការពាររូបនេះ បាននិយាយថា៖«ការប្រកួតជាមួយបឹងកេត នៅតែមានសារសំខាន់ ដោយសារតែយើងត្រូវការជ័យជម្នះ។ ពួកយើង មិនមានអ្វីត្រូវខ្វល់ទេ ព្រោះកន្លងមកពួកយើងធ្វើបានល្អហើយ។ យើង មិនមានអ្វីត្រូវគិតច្រើនទេ យើងគ្រាន់តែផ្ដោតអារម្មណ៍សំខាន់បំផុតគឺ យើងផ្ដោតអារម្មណ៍ លើការលេង ហើយយកជ័យជម្នះ ឲ្យបាន។»។
ដោយឡែក បឹងកេត អស់ឱកាសប្រជែងយកជើងឯកលីគ ប៉ុន្ដែក្រុមនេះ ក៏កំពុងប្រជែងយកពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៨ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបព្រះខ័នរាជស្វាយរៀង ម្ដងទៀត បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃទី២០ មេសា។
លោក Conor Nestor និយាយថា ព្រះខ័នរាជស្វាយរៀង អាចឈ្នះពានរង្វាន់ ៣ ក្នុងរយៈពេល២ខែទៀត។ ទោះជាគ្រូបង្វឹករូបនេះ ដឹងថាក្រុមមានទីតាំងនៅខេត្តស្វាយរៀងនេះ មានកម្រិតខ្លាំង ប៉ុន្ដែ លោក Conor Nestor នៅតែចង់ឲ្យក្រុមបឹងកេត ធ្វើជាឆ្អឹងទទឹងករបស់ព្រះខ័នរាជស្វាយរៀង ដោយត្រូវប្រជែងយក ៣ពិន្ទុ ឲ្យបានពីការប្រកួតលីគ ជាមួយក្រុមនេះ។
គ្រូបង្វឹកបឹងកេត បាននិយាយថា៖ «កីឡាករយើងទាំងអស់ មិនមែនត្រឹមតែប្រជែងយក ៣ពិន្ទុទេ ប៉ុន្ដែពួកគេព្យាយាមនឹងធ្វើឲ្យបានល្អ ផងដែរ។ យើងដឹងហើយថា យើងមិនអាចឈ្នះជើងឯក ប៉ុន្ដែយើង នឹងប្រឹងយកឈ្នះគ្រប់ប្រកួត ដែលនៅសល់។ ព្រះខ័នរាជស្វាយរៀង អាចមានឱកាសឈ្នះ ពានរង្វាន់៣ នៅ២ ខែបន្ទាប់ទៀត។ ប៉ុន្ដែ មុនពេលចប់ ៩០នាទី អ្វីៗក៏អាចកើតមានដែរ។»។
ក្នុងថ្ងៃជាមួយគ្នានេះ គិរីវង់សុខសែនជ័យ ត្រូវជួបជាមួយ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង ៣:៤៥ រសៀល។ រីឯក្នុងទឹកដីនៃខេត្តសៀមរាប អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន Akihiro Kato វេលាម៉ោង ៦:០០ ល្ងាច៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: