វៀតណាម ចាប់មនុស្ស ៤នាក់ ដែលលក់សណ្តែកបណ្តុះផ្ទុកសារធាតុគីមីហាមឃាត់
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:១៩ នាទី រសៀល

រូបភាព Vietnam Express
អាជ្ញាធរវៀតណាម នៅថ្ងៃទី១៩ ខែមេសា បានចាប់ខ្លួនមនុស្សចំនួន ៤នាក់ នៅក្នុងខេត្តភាគកណ្តាល Nghe An ក្រោមបទចោទដាំដុះ និងលក់សណ្តែកបណ្តុះចំនួន ៣៥០០តោន ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ចាប់តាំងពីឆ្នាំ២០២៤។

ជនសង្ស័យចំនួន ៤នាក់ ដែលមានអាយុចាប់ពី២៧ឆ្នាំ ដល់ ៣៥ឆ្នាំ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួន ក្រោយរកឃើញដាំដុះសណ្តែកបណ្តុះផ្ទុកសារធាតុគីមីហាមឃាត់។ អាជ្ញាធរបានរកឃើញកន្លែងដាំដុះមួយចំនួន នៅក្នុងក្រុង Vinh ខេត្ត Nghe An។
នៅក្នុងប្រតិបត្តិការចុះឆែកឆេរ នៅថ្ងៃទី១១ ខែមេសា វៀតណាម បានរឹបអូស សណ្តែកបណ្តុះ ដែលដាក់សារធាតុគីមី ត្រូវបានដាំដុះនៅក្នុងធុងចំនួន ២៥តោន និងសារធាតុគីមីសុទ្ធ benzyl adenine (6-BAP) ចំនួន ២៥លីត្រ។ លើសពីនេះ អាជ្ញាធរ បានរកឃើញសារធាតុគីមីចំនួន ១៥០លីត្រ ត្រូវបានរៀបចំ សម្រាប់បណ្តុះសណ្តែកបណ្តុះមុនពេលចុះឆែកឆេរ។
សារធាតុគីមី benzyl adenine ជាសារធាតុដ៏គ្រោះថ្នាក់ដល់សុខភាព ហើយអាចធ្វើឱ្យមនុស្សស្លាប់បាន ប្រសិនបើទទួលទាន ក្នុងបរិមាណដ៏ច្រើន៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: