អត្តពលិកវាយកូនឃ្លីលើតុកម្ពុជា ចូលរួមប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ប្រតិភូកីឡាវាយកូនឃ្លីលើតុកម្ពុជា ចូលរួមប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី រូបពី NOCC
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជូនប្រតិភូកីឡាចំនួន ១៣នាក់ ចូលរួមការប្រកួតព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (Sea Youth 2025) នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៧-២២ មេសា។ លោក ហេង សុជាតិ អគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មានសុទិដ្ឋិនិយមថា វត្តមានអត្ដពលិកកម្ពុជាទាំងនេះ ជាការបង្កើនសមត្ថភាព ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំ២០២៥ នាប្រទេសថៃ។

ប្រតិភូកីឡាវាយកូនឃ្លីលើតុកម្ពុជា ចំនួន ១៣នាក់ ចូលរួមព្រឹត្តិការណ៍ Sea Youth 2025 រួមមានប្រតិភូដឹកនាំ ១នាក់, គ្រូបង្វឹក ១នាក់ មន្ដ្រីអាជ្ញាកណ្ដាលអន្ដរជាតិ ២នាក់, កីឡាករ ៦នាក់ និងកីឡាការិនី ៣នាក់។
បើតាមការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក ហេង សុជាតិ ចាត់ទុកថា ការចូលរួមរបស់អត្ដពលិក ជាយុវជនទាំងនេះ គឺជាចាប់យកបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ ហើយក៏សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ផងដែរ។
អគ្គលេខាធិការស្ដីទីរូបនេះ បាននិយាយថា៖«ការចូលរួមរបស់យុវជនកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផល សម្រាប់ការត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍នានា ជាលក្ខណៈអន្ដរជាតិ នៅថ្ងៃមុខ។ នេះ គឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយ សម្រាប់យុវជន ដែលហាត់កីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលបានឈានចូលការប្រកួត កម្រិតអន្ដរជាតិ ដែលអាចចាត់ទុកបានថាជាការចាប់យកបទពិសោធន៍ ដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។»។
គួរបញ្ជាក់ផងដែរ ប្រតិភូកីឡាកម្ពុជា បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ មេសា ។ព្រឹត្តិការណ៍នេះ មានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី, កម្ពុជា, ហ្វីលីពីន, វៀតណាម, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី និងព្រុយណេ ចូលរួមប្រកួត៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: