មូលហេតុបរទេស មិនសូវហាត់គុនខ្មែរ ព្រោះមិនសូវមានទីផ្សារប្រកួត?
- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

លោក ស្រ៊ឺ ស្រេង ហៅលោក សំណព្វ អ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ ។រូបពីហ្វេសប៊ុក លោក សំណព្វ
លោក ស្រ៊ឺ ស្រេង ហៅលោក សំណព្វ បានលើកឡើងថា បរទេសមិនសូវចង់ហាត់ប្រដាល់គុនខ្មែរឡើយ ដោយសារតែខ្វះទីផ្សារប្រកួត។ នេះបើតាមការបកស្រាយរបស់អ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ (Promoter) រូបនេះ តាមរយៈវីដេអូឃ្លីបមួយ នៅលើគណនីហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១៨ មេសា ។

វិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្ដសញ្ញាណរបស់កម្ពុជា មានប្រជាប្រិយភាពជាខ្លាំង ដោយសារមានសង្វៀនប្រកួតជារៀងរាល់សប្ដាហ៍ចន្លោះពី ១០-២០ សង្វៀន ហើយការប្រកួតមានចន្លោះ ពី៦០-៧០គូ ដោយរាប់បញ្ចូលទាំងការប្រកួតថ្នាល និងសង្វៀនតាមបណ្ដាខេត្ត។
ដោយឡែក ចំនួនបរទេស ដែលហ្វឹកហាត់គុនខ្មែរ មិនមានច្រើនឡើយ បើធៀបទៅប្រទេសជិតខាង ដែលមានកីឡាប្រដាល់ មានលក្ខណៈដូចគ្នាទៅនឹងគុនខ្មែរ។ លោក ស្រ៊ឺ ស្រេង យល់ថា មានកត្ដា ២យ៉ាង ដែលមិនទាន់ទាក់ទាញអន្ដរជាតិ ឲ្យចាប់អារម្មណ៍លើប្រដាល់គុនខ្មែរ នោះគឺទីផ្សារប្រកួតមិនសូវសម្បូរ និងការផ្សព្វផ្សាយ នៅមានកម្រិត។
អ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែររូបនេះ បានពន្យល់ថា មូលហេតុមួយទៀតនោះ កីឡាករគុនខ្មែរ ទៅប្រកួតនៅក្រៅប្រទេសភាគច្រើន ជ្រកក្រោមឈ្មោះកម្មវិធីប្រកួតរបស់គេ ដែលជាហេតុធ្វើឲ្យគេពិបាក ស្គាល់គុនខ្មែរ។
លោក ស្រ៊ឺ ស្រេង បាននិយាយថា៖«តាមខ្ញុំគិត បរទេសមិនសូវហាត់គុនខ្មែរ គឺទីមួយប្រហែលជាយើង មិនសូវមានទីផ្សារឲ្យគេប្រកួត។ ទី២ ការផ្សព្វផ្សាយរបស់យើង មិនទាន់មានច្រើន។ រាល់ថ្ងៃយើងកុំថា ការផ្សព្វផ្សាយរបស់យើងច្រើន។ គេ ស្គាល់គុនខ្មែរ មិនទាន់ច្រើនទេ។ គេរៀបចំការប្រកួតនៅបរទេស រាប់សិបកម្មវិធី។ យើង យូរៗមានតែ១កម្មវិធី ហើយពេលខ្លះកម្មវិធី ដែលយើងទៅចូលរួម ក៏ជ្រកនៅក្រោមឈ្មោះគេដែរ មិនទាន់ធ្វើដាច់១កម្មវិធី ខ្លួនឯងនៅឡើយទេ។»។
ជាក់ស្ដែង កីឡាករបរទេសមួយចំនួន ដែលបានហាត់គុនខ្មែរ ក៏ធ្លាប់បង្ហាញពីអារម្មណ៍តូចចិត្តផងដែរ ព្រោះអ្នកទាំងនោះមិនសូវមានទីផ្សារប្រកួត។ ជាឧទាហរណ៍ កីឡាការិនី Emma Delaunay, Thiago Teixeira, Alexsandro និង ម៉ានូ សិល្បៈ ជាដើម។ Emma និង Thiago ធ្លាប់បានបង្ហោះសារលើហ្វេសប៊ុក បង្ហាញពីអារម្មណ៍ដែលមិនសូវបានឡើងប្រកួត។ ការមិនសូវមានទីផ្សារប្រកួតរបស់កីឡាករបរទេសទាំងនោះ ដោយសារមិនមានគូវាយ ឬតម្លៃខ្លួនខ្ពស់ពេកជាដើម។ សារព័ត៌មានឌីជីថលថ្មីៗ ក៏មិនទទួលបានការបញ្ជាក់ពីកីឡាករអន្ដរជាតិទាំងនោះឡើយ។
ជាមួយគ្នានេះ លោក ស្រ៊ឺ ស្រេង យល់ថា គ្រប់សង្វៀនទាំងអស់ គួរតែកាត់បន្ថយការនាំកីឡាករថៃ មកប្រកួតក្នុងស្រុក ព្រោះមិនសូវជះឥទ្ធិពលវិជ្ជមានខ្លាំងទេ ដល់ការផ្សព្វផ្សាយគុនខ្មែរ។ អ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំមកនេះ បានសំណូមពរថា សង្វៀនទាំងអស់គួរតែសម្លឹងមើលទៅលើកីឡាករបរទេស ឬប្រទេសណា ដែលមានសក្ដានុពលក្នុងការផ្សព្វផ្សាយគុនខ្មែរ ហើយនាំកីឡាកររបស់ពួកគេមកប្រកួត។ ជាឧទាហរណ៍ ដូចជាកីឡាករមកពីអឺរ៉ុប មានអាមេរិក កាណាដា អូស្ដ្រាលី ហើយនៅអាស៊ីមាន ចិន ជប៉ុន និងកូរ៉េ ។
រីឯតំបន់អាស៊ីអាគ្នេយ៍ មាន ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ជាដើម។ លោក ស្រ៊ឺ ស្រេង យល់ថា គួរតែរៀបចំឲ្យប្រកួតទៅតាមកម្រិតកីឡាករ ព្រោះអ្នកទាំងនោះ មិនទាន់មានបទពិសោធន៍ច្រើនក្នុងការប្រកួតឡើយ។
«ការយកកីឡាករថៃ មកប្រកួតច្រើន ក៏ជារឿងមួយមិនល្អដែរ។ យើង មិនប្រកាន់ពូជសាសន៍ទេ ប៉ុន្ដែមិនល្អសម្រាប់គុនខ្មែរប៉ុន្មានទេ ព្រោះពួកគាត់មកមិនបានផ្សព្វផ្សាយទេ។ ប៉ុន្ដែ បើយើងយកបរទេស ហើយយើងយកបរទេស ដែលសក្ដានុពលមក។ យកមកវាយមក ពេលគេទៅវិញដឹងតែចំណេញតែម្ដង។ យើងយកគាត់មកវាយជាមួយអ្នកល្មមៗរបស់យើងទៅ។ កុំយកកីឡាករលំដាប់របស់យើង ទៅវាយជាមួយគាត់នោះ ព្រោះកីឡាករគាត់ថ្មីៗដែរទេ។»។ លោក ស្រ៊ឺ ស្រេង បាននិយាយដូច្នេះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: