- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:០៥ នាទី ព្រឹក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីរំពឹងថា រុស្ស៊ី និងអ៊ុយក្រែនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយក្នុងសប្តាហ៍នេះ ហើយចាប់ផ្តើម«ធ្វើជំនួញធំ»ជាមួយអាម៉េរិក។
«ក្តីរំពឹងគឺថា រុស្ស៊ី និងអ៊ុយក្រែន នឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងសប្តាហ៍នេះ។ បន្ទាប់មកប្រទេសទាំងពីរ នឹងចាប់ផ្តើមធ្វើជំនួញធំជាមួយអាម៉េរិក ដែលកំពុងរីកចម្រើនល្អ ហើយនឹងអាចទទួលបានប្រាក់ចំណេញយ៉ាងច្រើន»។ ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២០ ខែមេសា បែបនេះ។
លោក ត្រាំ មិនបានចែករំលែកព័ត៌មានបន្ថែម អំពីកិច្ចចរចាសន្តិភាពដែលដឹកនាំដោយ អាម៉េរិក រវាងរុស្ស៊ី និងអ៊ុយក្រែនទេ។ ទីក្រុងមូស្គូ និងទីក្រុងកៀវ ក៏មិនបានប្រតិកម្មលើការ លើកឡើងរបស់ លោក ត្រាំ ដែរ។
ប្រធានាធិបតីអាម៉េរិកដាក់ការរំពឹងបែបនេះ ក្នុងបរិបទដែលរដ្ឋបាលអាម៉េរិកបានព្រមាននាប៉ុន្មានថ្ងៃថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោនអាចបញ្ចប់តួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួល ប្រសិនបើទីក្រុងម៉ូស្គូ និងក្រុងកៀវមិនបង្ហាញសញ្ញាច្បាស់លាស់នៃការចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងពេលឆាប់ៗនេះ។
លោក ត្រាំ បានបង្ហោះសារនេះចំថ្ងៃបុណ្យ Easter (ជាថ្ងៃបុណ្យយេស៊ូវគ្រីស្ទ) នៅពេលដែលរុស្ស៊ីបានប្រកាសបទឈប់បាញ់រយៈពេល ៣០ម៉ោង មានរយៈពេលរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី២០ ខែមេសា (ម៉ោង៤ព្រឹក ថ្ងៃទី២១ ខែមេសា ម៉ោងនៅទីក្រុងភ្នំពេញ)។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ចលនារបស់អ៊ុយក្រែននៅដំណាក់កាលនេះ នឹងបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងកៀវសម្រាប់ដំណោះស្រាយដោយសន្តិវិធី។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា ក្រុងកៀវនឹងគោរពតាមបទឈប់បាញ់ ហើយបានស្នើពន្យារពេលលើសពីថ្ងៃទី២០ ខែមេសា។ ទោះបីជាយ៉ាងណា ក្រោយមករុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។
ចាប់តាំងពីចូលកាន់តំណែងមក ប្រធានាធិបតីអាម៉េរិកបានចាត់វិធានការដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយរុស្ស៊ីមានលក្ខណៈធម្មតាឡើងវិញ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងវិស័យមួយចំនួន។
រដ្ឋបាល ត្រាំ ក៏កំពុងជំរុញកិច្ចព្រមព្រៀង ដើម្បីទាញយកធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែនជាសំណងសម្រាប់កញ្ចប់ជំនួយដែលផ្តល់ដល់ក្រុងកៀវ ដោយរដ្ឋបាលមុនរបស់លោក ចូ បៃឌិន អំឡុងពេលមានជម្លោះ។
នៅក្នុងសេចក្តីព្រាងដែលចុះហត្ថលេខាកាលពីខែកុម្ភៈ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអាម៉េរិកទទួលបានអត្ថប្រយោជន៍ពីការកេងប្រវ័ញ្ចធនធានរបស់អ៊ុយក្រែន ប៉ុន្តែមិនបានភ្ជាប់មកជាមួយការធានាសុវត្ថិភាពច្បាស់លាស់សម្រាប់ក្រុងកៀវនោះទេ។ រដ្ឋាភិបាលអ៊ុយក្រែនតម្រូវឱ្យចូលរួមវិភាគទាន ៥០ភាគរយនៃប្រាក់ចំណូលដល់មូលនិធិវិនិយោគកសាងជាតិដែលគ្រប់គ្រងរួមដោយក្រុងវ៉ាស៊ីនតោន និងក្រុងកៀវ។ យ៉ាងណាមិញ ការទាស់សម្តីគ្នារវាងលោក ត្រាំ អនុប្រធានាធិបតីអាម៉េរិក លោក JD Vance ជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបណ្តាលឱ្យផែនការនេះបរាជ័យ។
អ៊ុយក្រែនបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសាថា ខ្លួនបានកែសម្រួលធាតុមួយចំនួននៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចសម្រាប់ទាំងអ៊ុយក្រែន និងអាម៉េរិក ដោយនិយាយថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើលិខិតនាពេលឆាប់ៗនេះ ប៉ុន្តែមិនបានលើកឡើងពីលទ្ធភាពនៃការកែតម្រូវទាក់ទងនឹងការធានាសន្តិសុខសម្រាប់ក្រុងកៀវនោះទេ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
