- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:២៩ នាទី រសៀល

Liverpool នៅសល់មួយជំហានទៀតប៉ុណ្ណោះ ដើម្បីលើកពាន Premier League ក្រោយឈ្នះ Leicester City ១-០ នៅការប្រកួតសប្តាហ៍ទី៣៣។ Leicester ក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy ធ្លាក់ទៅក្របខណ្ឌលំដាប់ទី២អង់គ្លេស Championship រដូវកាលក្រោយ។ Arsenal សល់ក្តីសង្ឃឹមតិចតួចប៉ុណ្ណោះនៅក្នុងការប្រជែងពានលីគកំពូលអង់គ្លេស បន្ទាប់ពីពួកគេយកឈ្នះក្រុម Ipswich Town ៤-០។
មកដល់ពេលនេះ Liverpool កំពុងនាំមុខដាច់កំពូលតារាងលីគកំពូលអង់គ្លេស ដោយរកបាន ៧៩ពិន្ទុ ដោយមានគម្លាតពី Arsenal ចំនួន ១៣ពិន្ទុ ខណៈនៅសល់ការប្រកួត ៥លើកចុងក្រោយដូចគ្នា។ ១គ្រាប់ បាននាំក្រុមរហស្សនាមហង្សក្រហមខិតជិតឈ្នះពាន ជាគ្រាប់សម្រេចបានដោយខ្សែការពារស្លាបស្តាំ Trend Alexander Arnold នាទី៧៦ ក្នុងកីឡដ្ឋាន King Power នៅថ្ងៃទី២០ ខែមេសា។
Liverpool ត្រៀមស្គាល់រសជាតិពានរង្វាន់ Premier League លើកទី២០ ស្របពេល Leicester City ដែលចាញ់ការប្រកួតនេះ បានធ្វើឱ្យពួកគេក្លាយជាក្រុមកាត់ចោលពីលីគកំពូល កក់ទៅកាន់ក្របខណ្ឌ Championship ជាថ្មីម្តងទៀត។ Leicester City មកដល់ពេលនេះ ពួកគេមានកំណត់ត្រាធ្លាក់ចេញពីលីគកំពូលអង់គ្លេស ចំនួន ១៣លើក។
សម្រាប់ការប្រកួតនៅសប្តាហ៍ទី៣៤ ក្រុមហង្សក្រហមដែលដឹកនាំដោយ លោក Arne Slot នឹងអាចគ្រងតំណែងជើងឯកមុនបញ្ចប់រដូវកាល ប្រសិនបើពួកគេអាចរកបាន ៣ពិន្ទុ ក្នុងជំនួបទល់ Tottenham Hotspur បើទោះ Arsenal ឈ្នះ ឬ ចាញ់ Crystal Palace ក៏ដោយ។
ដោយឡែកការប្រកួតគូដទៃទៀត ក្រុមឡើងជើង Chelsea រកបានជ័យជម្នះ ៣ពិន្ទុ ពីកីឡដ្ឋាន Craven Cottage ដោយការឈ្នះលទ្ធផល ២-១ ទល់ Fulham ដើម្បីបន្តឱកាសប្រជែងកៅអី UEFA Champions League រដូវកាលក្រោយ។ ឈ្នះការប្រកួត បានធ្វើឱ្យក្រុមតោខៀវ ឡើងឈរលេខ ៤ ពីលើ Nottingham Forest ធ្លាក់ទៅឈរលេខ ៥។ Premier League មានចំនួន ៥កៅអី ទៅកាន់ UCL រដូវកាល ២០២៥-២៦។
Wolverhampton Wanderers ដណ្តើមបាន ៣ពិន្ទុ ដើម្បីបន្តក្តីសង្ឃឹមរក្សាកៅអីសុវត្ថិភាពនៅក្របខណ្ឌ Premier League ក្រោយពីពួកគេបានផ្តួល Manchester United ក្នុងកីឡដ្ឋាន Old Trafford។ ឈ្នះលើក្រុមបិសាចក្រហម បានជួយឱ្យ Wolve រកបានជ័យជម្នះលើកទី ៥ ជាប់គ្នាក្នុងលីគកំពូលអង់គ្លេស ហើយជាកំណត់ត្រាឈ្នះជាប់គ្នាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧០។
Ipswich Town ជាក្រុមមានភាគរយខ្ពស់ត្រូវកាត់ចោលទៅលីគទី២រដូវកាលក្រោយ បន្ទាប់ពី Southampton និង Leicester ដែលធ្លាក់ទៅហើយ។ Ipswich ស្ថិតនៅចំណាត់ថ្នាក់លេខ១៨ មាន២១ពិន្ទុ តាមពីក្រោយ West Ham United ដែលឈរលេខ១៧ ចំនួន១៥ពិន្ទុ ខណៈនៅសល់៥ប្រកួត៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
