បង់ក្លាដែសស្នើ Interpol ចេញនិវេទន៍ក្រហម ចំពោះអតីតនាយករដ្ឋមន្ត្រី Sheikh Hasina
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
បង់ក្លាដែសស្នើ Interpol ចេញនិវេទន៍ក្រហម ចំពោះអតីតនាយករដ្ឋមន្ត្រី Sheikh Hasina
លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស ។ រូបភាព ៖ AFP

 

ប៉ូលិសបង់ក្លាដែសបានស្នើឲ្យអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ចេញនិវេទន៍ក្រហមមួយ ចំពោះអតីតនាយករដ្ឋមន្ត្រី Sheikh Hasina និងមនុស្ស ១១ នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្ន។

TTN-Free-Banner-In-Article-PC

លោកស្រី Sheikh Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីរបបដឹកនាំរបស់លោកស្រី ត្រូវបានផ្តួលរំលំ នៅក្នុងការបះបោរដែលដឹកនាំដោយនិស្សិត។ 

ប៉ូលិសបង់ក្លាដែស បានផ្ញើលិខិតទៅ Interpol ដោយស្នើឱ្យទីភ្នាក់ងារនេះ ចេញវេទន៍ក្រហម សម្រាប់នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង Sheikh Hasina និង១១នាក់ផ្សេងទៀត ស្របពេលមានការចោទប្រកាន់ថា អតីតសមាជិករបបកំពុងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលចាំផ្ទះ ​បង់ក្លាដែស។ 

និវេទន៍ក្រហម (Red Notice) មានន័យថា មិនមែនជាដីការចាប់ខ្លួននរណាម្នាក់នៅគ្រប់ប្រទេសនោះទេ ។ ប្រសិនបើត្រូវបានចេញ វានឹងជួយក្នុងការកំណត់ទីតាំង និងឃុំខ្លួនជនជាប់ចោទដែលកំពុងរង់ចាំការធ្វើបត្យាប័ន ឬដំណើរការផ្លូវច្បាប់ស្រដៀងគ្នា។

ថ្មីៗនេះ ប៉ូលិសបង់ក្លាដែសបានប្តឹងលោកស្រី Hasina និងមនុស្ស ៧២នាក់ផ្សេងទៀត ពីបទសមគំនិតក្នុងការញុះញង់ឱ្យមានសង្រ្គាមស៊ីវិល និងផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្ន។ អតីតនាយករដ្ឋមន្ត្រី Sheikh Hasina កំពុងប្រឈមមុខជាង ១០០ករណី រួមទាំងការចោទប្រកាន់ពីបទមនុស្សឃាត និងអំពើពុករលួយ។ 

«Interpol ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកអ្នករត់គេចខ្លួនដែលរស់នៅក្រៅប្រទេស។ នៅពេលដែលកន្លែងលាក់ខ្លួនរបស់អ្នករត់គេចខ្លួនត្រូវបានបញ្ជាក់ ព័ត៌មានត្រូវបានបញ្ជូនទៅ Interpol»។ មន្ត្រីប៉ូលិសជាតិបង់ក្លាដែស ប្រាប់ Daily Star បែបនេះ។

បើតាមសារព័ត៌មាន Daily Star ប៉ូលិសបង់ក្លាដែស បានធ្វើសំណើនេះ ដោយផ្អែកលើពាក្យសុំពីតុលាការ រដ្ឋអាជ្ញា ឬភ្នាក់ងារស៊ើបអង្កេត។ កាលពីខែវិច្ឆិកាឆ្នាំមុន ការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានស្នើសុំជាផ្លូវការឱ្យប៉ូលិសបង់ក្លាដែស ស្វែងរកជំនួយពី Interpol ក្នុងការចាប់ខ្លួន Hasina និងអ្នកដែលធ្វើការនៅក្រោមរបប របស់លោកស្រី។

អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៥ ខែសីហាឆ្នាំមុន បន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិត បានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយសម្ព័ន្ធ Awami ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល១៦ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកស្រី បានរស់នៅក្នុងប្រទេសឥណ្ឌា។ មេដឹកនាំគណបក្ស និងរដ្ឋមន្ត្រីរដ្ឋាភិបាលភាគច្រើនរបស់លោកស្រី ត្រូវបានចាប់ខ្លួន។ ប៉ុន្តែក៏មានមន្ត្រីខ្លះ បានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការកាត់ទោស លើការចោទប្រកាន់ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឃាតកម្មលើមហាជន៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង