មានកេរ្តិ៍ឈ្មោះក្នុងវិស័យបាល់ទាត់ Messi ថាខ្លួន ជាមនុស្សដែលមានសំណាង
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
មានកេរ្តិ៍ឈ្មោះក្នុងវិស័យបាល់ទាត់ Messi ថាខ្លួន ជាមនុស្សដែលមានសំណាង

​កំពូលកីឡាករបាល់ទាត់ Lionel Messi វ័យ ៣៧ឆ្នាំ បានសារភាពថារូបគេហាក់បីជាមនុស្សម្នាក់មានសំណាងខ្លាំង ព្រមទាំងការជួបរឿងអស្ចារ្យជាច្រើន រហូតអាចឈ្នះនូវរាល់ពានរង្វាន់ទាំងអស់ក្នុងពិភពបាល់ទាត់ ទាំងកម្រិតក្លិប និងនៅក្រុមជម្រើសជាតិ។

TTN-Free-Banner-In-Article-PC

ពានរង្វាន់សរុបដែល Messi ប្រមូលបានពីកម្រិតអន្តរជាតិ រាប់បញ្ចូលទាំងកម្រិតពានរង្វាន់ World Cup អាយុក្រោម ២០ឆ្នាំ និងមេដាយមាសអូឡាំពិក ពានរង្វាន់ធំៗកម្រិតអាជីពជាមួយជម្រើសជាតិអាហ្សង់ទីនរួមមាន Copa America ២លើក និង World Cup ឆ្នាំ ២០២២។ ចំណែកកម្រិតក្លិបអាជីព កីឡាករវ័យ ៣៧ឆ្នាំ ឈ្នះពាន UEFA Champions League ៤លើក, La Liga ១០លើក, Ligue 1 ២លើក ព្រមទាំងកំណត់ត្រាពានឯកត្តជន Ballon d’Or ៨លើក និងពានរង្វាន់ដទៃផ្សេងៗទៀត។

បន្ទាប់ពីឈ្នះពានរង្វាន់ជាច្រើននៅកម្រិតក្លិប និងជម្រើសជាតិសឹងតែគ្រប់ពានរង្វាន់បែបនេះ Messi ក៏បានសារភាពអារម្មណ៍របស់គេថា រូបគេជាមនុស្សមានសំណាងខ្លាំងណាស់ ដែលអាចឈ្នះពានរង្វាន់ទាំងអស់នេះ។

Messi បាននិយាយនៅក្នុងកិច្ចសម្ភាសជាមួយនឹងឆានែល YouTube កីឡា Simplemente Futbol កាលពីថ្ងៃទី១៩ ខែមេសា ដូច្នេះថា៖«វាពិតជារឿងដ៏មានតម្លៃបំផុតដែលអាចឈ្នះគ្រប់យ៉ាងក្នុងពិភពបាល់ទាត់។ ដូចដែលខ្ញុំធ្លាប់បាននិយាយ ខ្ញុំពិតជារីករាយដែលអាចឈ្នះគ្រប់យ៉ាងជាមួយ Barcelona និងអាហ្សង់ទីន។ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវដឹងគុណសម្រាប់ពេលវេលាកន្លងមកដែលធ្លាប់ឆ្លងកាត់ និងការទទួលបានសមិទ្ធផលល្អៗច្រើនកន្លងមក ខ្ញុំពិតជាដឹងគុណខ្លាំងដែលព្រះបានផ្តល់គ្រប់យ៉ាងដល់ខ្ញុំបែបនេះ។»។

ចាប់ផ្តើមអាជីពជាមួយ Barcelona លើកដំបូងតាំងពីឆ្នាំ ២០០៥ ក្នុងវ័យ ១៧ឆ្នាំ ជាមួយទេពកោលស្យដ៏ពូកែ និងដើរតួនាទីសំខាន់ជួយដល់ក្រុម កីឡាករអាហ្សង់ទីនក្នុងរដូវកាល​ ២០០៥-០៦ បានស្គាល់ពានរង្វាន់ដំបូងបង្អស់ក្នុងអាជីពនោះគឺ UEFA Champions League។ រំឭកទៅជំនាន់នោះ កីឡាករក្លិប Inter Miami ក៏បានលើកឡើងពីឈ្មោះអតីតមិត្តរួមក្រុមជារៀមច្បងរួមមាន Ronaldinho, Deco, Carles Puyol, Xavi និង Andres Iniesta ព្រមទាំងគ្រូបង្វឹក Frank Rijkaard ដែលជួបជ្រោមជ្រែងរូបគេឱ្យជោគជ័យក្នុងអាជីព។

លើសពីនេះ Messi ក៏បានលើកពីគ្រូបង្វឹកដ៏សំខាន់មួយរូប រួមចំណែកជួយដល់ភាពជោគជ័យរបស់គេ នោះគឺលោក Pep Guardiola ដែលបានចូលដឹកនាំក្រុម Barcelona ពីឆ្នាំ២០០៨ ហើយបានជួយនាំក្រុមដែលមានវត្តមាន Messi ជាកីឡាករសំខាន់មួយរូបកាលនោះ ឈ្នះពាន UEFA Champions League ២លើក, La Liga ៣លើក និងពាន Ballon d’Or ៤លើក។

Messi ចាត់ទុក លោក Pep Guardiola ថាជាមនុស្សម្នាក់ដែលបានកែប្រែបាល់ទាត់ ឱ្យកាន់តែមានភាពទំនើបខ្លាំងឡើង កាលពីជំនាន់ដែលក្លិប Barca មានភាពល្បីល្បាញខ្លាំងលើប្រព័ន្ធលេងប៉ះបាល់ខ្លី និងគ្រប់គ្រងបាល់ច្រើនក្នុងការប្រកួត (Tiki Taka)។

បច្ចុប្បន្នកីឡាករវ័យ ៣៧ឆ្នាំ កំពុងមានកិច្ចសន្យាលេងឱ្យក្រុម Inter Miami ដោយកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់ត្រានៅចុងបញ្ចប់ឆ្នាំ ២០២៥ ខណៈអតីតកីឡាករ Barca និង PSG កំពុងតែស្ថិតក្នុងភាពស្រពេចស្រពិលចំពោះការបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលរៀបចំឡើងនៅអាម៉េរិក, កាណាដា និងម៉ិកស៊ិក៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង