Morata លក់នាឡិការ៉ូលិកក្នុងតម្លៃថោក ឱ្យមិត្តរួមក្រុមនៅ Juventus ដោះបំណុលល្បែង
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
Morata លក់នាឡិការ៉ូលិកក្នុងតម្លៃថោក ឱ្យមិត្តរួមក្រុមនៅ Juventus ដោះបំណុលល្បែង

ខ្សែប្រយុទ្ធ Alvaro Morata ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ លក់នាឡិកាដៃម៉ាកល្បីរ៉ូលិក (Rolex) ក្នុងតម្លៃទាបល្មមទៅមិត្តរួមក្រុម កីឡាករ Nicolo Fagioli ដើម្បីយកទៅលក់បន្តយកប្រាក់ទៅដោះបំណុលល្បែង អំឡុងលេងនៅក្លិប Juventus។

TTN-Free-Banner-In-Article-PC

កីឡាករ Fagioli មកដល់ពេលនេះក៏កំពុងតែស្ថិតក្រោមការស៊ើបអង្កេត ចំពោះការសង្ស័យជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង។ កន្លងមករូបគេបានស្វះស្វែងរកជំនួយពីមិត្តរួមក្រុម ក៏ដូចជាបើកអាជីវកម្មលក់នាឡិកាដៃប្រណិតជាមួយនឹងកីឡាករ Morata អតីតមិត្តរួមក្រុមនៅ Juventus ដែលគោលបំណងរបស់គេគឺដើម្បីរកបានលុយរហ័ស ក្នុងការបង្វិលសងបំណុលល្បែងរបស់គេឱ្យបានលឿន។

ខ្សែបម្រើសញ្ជាតិអ៊ីតាលី Fagioli  បាននិយាយថា Morata បានលក់នាឡិកាដៃម៉ាករ៉ូលិកឱ្យខ្លួនក្នុងតម្លៃទាប ដែលរូបគេអាចយកទៅលក់បន្តក្នុងតម្លៃដើម ឬថ្លៃជាង ហើយអ្នកទាំង ២ បានធ្វើរឿងនេះអស់រយៈពេលជាង ១ឆ្នាំមកហើយ។ 

ដោយឡែកបើតាមការចុះផ្សាយមួយរបស់កាសែត BeIN Sports នៅលើការផ្ញើសារមួយរបស់ Fagioli ដែលដកស្រង់បានដោយអាជ្ញាធរគ្រប់គ្រងការស៊ើបអង្កេតលើករណីលេងល្បែងស៊ីសងរបស់កីឡាករអ៊ីតាលី ថា Morata ម្ចាស់ពាន Euro 2024 និងជាប្រធានក្រុមអេស្ប៉ាញ មិនជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីនេះនោះទេ។

Fagioli ទៀតសោត កាលពីឆ្នាំ ២០២៣ ត្រូវបានហាមឃាត់ពីវិស័យបាល់ទាត់ ៧ខែ ពីសំណាក់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ជាផ្នែកនៃការស៊ើបអង្កេត លើករណីជាប់ពាក់ព័ន្ធនឹងល្បែងភ្លាល់ជាមួយអតីតមិត្តរួមក្រុម Sandro Tonali និង Nicolo Zaniolo។ មកដល់ពេលនេះ ខ្សែបម្រើវ័យ ២៤ឆ្នាំ បានបង្ហើបថារូបគេបានរងការគំរាមកំហែងពីសំណាក់មេក្រុមទុចរិត ជាម្ចាស់នៃខ្សែបណ្តាញល្បែងផ្ទាល់ ដែលនាំឱ្យគេខ្ចីប្រាក់មិត្តរួមក្រុម ដើម្បីសងបំណុល។

ការស៊ើបអង្កេត អមជាមួយនឹងការអះអាងតាមរយៈការសន្ទនាជាសម្ងាត់របស់ Fagioli បានបង្ហើបថាបំណុលដែលជាប់ជំពាក់មានទំហំប្រមាណ ៣លានដុល្លារ។

ទោះជាយ៉ាងណា បន្ទាប់ពីមានរឿងរ៉ាវទាក់ទងនឹងការសងបំណុលល្បែងរបស់ Fagioli បានផ្ទុះឡើងលើប្រព័ន្ធផ្សព្វផ្សាយ កីឡាករសញ្ជាតិអេស្ប៉ាញ Morata ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram បដិសេធថាខ្លួនមិនបានជួយដោះបំណុលកីឡាករវ័យ ២៤ឆ្នាំ ឡើយ។ Morata បានបញ្ជាក់ថារូបគេគ្រាន់តែជួយផ្តល់ជាយោបល់សម្រាប់អាជីពកីឡាករខ្សែបម្រើ ក្នុងនាមជាមិត្ត និងមិត្តរួមក្រុមដែលមានបទពិសោធន៍ច្រើនជាងតែប៉ុណ្ណោះអំឡុងនៅក្លិប Juventus៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង