- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

សៀមរាប៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍ មើលឃើញថា ខេត្តសៀមរាប នៅមានសក្ដានុពលទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត លើសពីប្រាង្គប្រាសាទ។ លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា ប្រចាំខេត្តសៀមរាប បញ្ជាក់ថា សក្តានុពលទាំងនោះ គឺជា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បេតិកភណ្ឌ ធម្មជាតិ និងរបៀបរបបរស់នៅរបស់អ្នកស្រុកអង្គរ។ សម្រាប់ លោក ឌុច សារ៉េត មរតករូបិទាំងនេះ មានឥទ្ធិពលយ៉ាងខ្លាំង ក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។
សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា ប្រចាំខេត្តសៀមរាប បានលើកឡើងថា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងជំនឿ មិនត្រឹមតែជាធាតុផ្សំដ៏សំខាន់ សម្រាប់សៀមរាបនោះទេ ប៉ុន្តែវាជះឥទ្ធិពលខ្លាំង ដល់វិស័យទេសចរណ៍ក្នុងខេត្តប្រាង្គប្រាសាទនេះផងដែរ។
សម្រាប់អ្នកជំនាញទេសចរណ៍រូបនេះ បេតិកភណ្ឌវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ សម្លៀកបំពាក់ ជំនឿ និងកិច្ចពិធីសាសនាផ្សេងៗ គឺសុទ្ធសឹងតែមានលក្ខណៈវិសេសវិសាល ដែលរួមចំណែកទាក់ទាញទេសចរជាតិ-អន្តរជាតិ និងផ្សព្វផ្សាយពីអរិយធម៌ខ្មែរទៅកាន់ពិភពលោក លើសពីប្រាសាទអង្គរវត្ត។
លោក ឌុច សារ៉េត លើកឡើងដូច្នេះថា៖ «យើងមានសម្លៀកបំពាក់ប្រពៃណីមួយស្អាតល្អ ហើយមួយរយៈនេះ ឃើញមានការចាប់អារម្មណ៍ច្រើន មានការថតរូបបែបសម្លៀកបំពាក់ ប្រពៃណីតាមតំបន់ប្រាសាទ។ ហ្នឹងហើយជាវប្បធម៌។ […] ទី២ ធ្វើយ៉ាងណា យើងចង់ឱ្យ អភិរក្សរាល់ពិធីផ្សេងៗមួយចំនួន ដូចជាសែនអ្នកតា ឬក៏ការបន់ស្រន់ផ្សេងនៅតំបន់អង្គរ។ ចំណុចនេះ យើងចង់ឱ្យផ្ដល់តម្លៃដល់ពួកគាត់អ្នករស់នៅជុំវិញតំបន់ប្រាសាទ ដែលមាន ប្រវត្តិយូរលង់មកហើយ ដែលគ្រួសារ ឬសហគមន៍របស់គាត់ ធ្លាប់ប្រតិបត្តិតាមរដូវកាល ដូចជាការបន់ស្រន់សុំទឹកភ្លៀងជាដើម។»។
យ៉ាងណា អ្នកជំនាញទេសចរណ៍រូបនេះ ចង់ឱ្យភាគីពាក់ព័ន្ធចូលរួមជំរុញទេសចរណ៍វប្បធម៌ និងអភិរក្សការប្រតិបត្តិកិច្ចពិធីសាសនា ប្រពៃណី និងជំនឿនានារបស់អ្នកស្រុកឱ្យបន្តអនុវត្ត ដើម្បីផ្ដល់ភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងអាចរក្សាទំនៀមទម្លាប់ប្រពៃណីផងដែរ។
«ការអភិរក្ស និងការលើកទឹកចិត្តដល់សហគមន៍ ឬប្រជាជនដែលមានប្រវត្តិយូរលង់មកហើយ ដែលពាក់ព័ន្ធនឹងបេតិកភណ្ឌរបស់យើង នៅតំបន់ជុំវិញ គឺលើកទឹកចិត្តឱ្យចូលរួមបង្ហាញពីអ្វីដែលជាអត្តសញ្ញាណ ជាទំនៀមទម្លាប់ក្នុងវប្បធម៌ប្រពៃណី ដើម្បីយើងបង្ហាញដល់ភ្ញៀវបរទេសឱ្យបានដឹងក្រៅពីការទស្សនាប្រាសាទអង្គរវត្ត និងតំបន់បេតិកភណ្ឌ។»។ លោក ឌុច សារ៉េត លើកឡើងដូច្នេះ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
